នាយករដ្ឋមន្ត្រីឡាវអរគុណសម្ដេចតេជោ ហ៊ុន សែន ផ្ដល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ រថយន្តដឹកវ៉ាក់សាំង រួមទាំងថវិកា ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ 

ភ្នំពេញ៖ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវ ដូចជាការជួយផ្ដល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជារថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ រួមទាំងថវិកាមួយចំនួនទៀតផងដែរ ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩នេះ។ ប្រជាជនឡាវក៏បានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវនារយៈពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។ 

ការអរគុណនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។ 

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីការសន្យាក្នុងការផ្ដល់ជំនួយ ជាពិសេសជាជំនួយរថយន្តផ្នែកវេជ្ជសាស្ត្រដែលបានដោះស្រាយដល់រដ្ឋាភិបាលឡាវរួចមកហើយនោះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះ គឺជាជំនួបមួយដែលមានសារៈសំខាន់ក្នុងនាមជាប្រទេសជិតខាង ក្នុងនាមប្រទេសបងប្អូនគ្នា ហើយកន្លងទៅថ្មីៗនេះប្រទេសយើងទាំងពីរក៏បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទៅវិញទៅមក។ សម្ដេចតេជោពិតជារីករាយដែលបានមើលឃើញពីលទ្ធផលអ្វីដែលយើងបានអនុវត្តនិងសម្រេចជាមួយគ្នាកន្លងមកនេះ ហើយទាំងអស់នេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា សម្ដេចពិតជាមានមោទនភាពចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដើម្បីឱ្យត្រៀមរៀបចំនូវឯកសារពាក់ព័ន្ធសម្រាប់កិច្ចប្រជុំខាងមុខនៅពេលដែលសម្ដេចអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសឡាវ។ 

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានឯកភាពទាំងស្រុងនូវអ្វីដែលសម្តេចតេជោបានមានប្រសាសន៍លើកឡើង ជាពិសេសទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី ហើយឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការដឹកនាំអាស៊ានកន្លងទៅនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍ថា អ្វីដែលយើងបានពិភាក្សាក្នុងជំនួបនៅទីក្រុងភ្នំពេញនោះ ពេលនេះរដ្ឋាភិបាលទាំងពីរកំពុងជំរុញការអនុវត្តជាបន្តបន្ទាប់។ 

ឯកឧត្តម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh)  ក៏បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយឯកឧត្តមបានប្ដេជ្ញាចិត្តក្នុងការអនុវត្ត អ្វីជាសេចក្តីសម្រេច ដែលបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសការបញ្ចប់នូវឯកសារមេពាក់ព័ន្ធទៅនឹងព្រំដែននៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ ហើយឯកឧត្តមបានស្នើសុំឲ្យកម្ពុជាបន្តក្នុងការផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានមានប្រសាសន៍ គាំទ្រចំពោះការបោះឆ្នោតឃុំសង្កាត់នៅក្នុងប្រទេសកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅខែមិថុនានាពេលខាងមុខនេះ ។ឯកឧត្តម បានថ្លែងនូវការស្វាគមន៍ចំពោះដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាពេលខាងមុខទៅកាន់ប្រទេសឡាវ។ 

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍លើកឡើងទៀតថា ឯកឧត្តមនឹងគ្រោងទៅទស្សនកិច្ចនៅខេត្តពីរដែលជាប់ព្រំដែនកម្ពុជា ជាពិសេសខេត្តចំប៉ាសាក់ និងចំប៉ាលើ ក្នុងគោលបំណងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ ខេត្តនិងខេត្ត និងបណ្ដាព្រំប្រទល់ជាមួយកម្ពុជា ដើម្បីបញ្ជាក់ពីគោលនយោបាយរបស់ប្រទេសទាំងពីរ ក្នុងការជំរុញលើកកម្ពស់  និងបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសុំឲ្យមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរផងដែរដើម្បីឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា  ក៏ប៉ុន្តែទាក់ទងនឹងការសាងសង់ស្ពាននេះ។ ឯកឧត្តមរង់ចាំការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការឡាវសិន។ ទាក់ទងទៅនឹងគម្រោងនៃការកសាងស្ពាននេះ សម្ដេចតេជោបានមានប្រសាសន៍ថា វាជារឿងដ៏ល្អបំផុត សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។ 

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ច មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ហើយក្នុងនោះឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខនេះ ។ 

ជាការឆ្លើយតប សម្ដេចតេជោ ក៏បានឯកភាពហើយបានមានប្រសាសន៍ថា ជារឿងដ៏ល្អណាស់ដែលឯកឧត្តមបានអញ្ជើញមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនោះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕ 

ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner