រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់រឿងឧក្រិដ្ឋជនគ្រឿងញៀនបាញ់សមត្ថកិច្ច នៅស្រុកអង្គស្នួលស្លាប់២នាក់ 

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីព័ត៌មានពាក់ព័ន្ធហេតុការណ៍ឧក្រិដ្ឋជនគ្រឿងញៀនបាញ់ប្រហារលើមន្ត្រីនគរបាល នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្តាលឱ្យស្លាប់ចំនួនពីរនាក់ និងរបួសម្នាក់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ នៅស្រុកពាមជរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ករណីបទល្មើសគ្រឿងញឿននៅស្រុកអង្គស្នួល ត្បិតថាឧក្រិដ្ឋជនមិនមែនរកស៊ីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ប៉ុន្តែក៏បានបង្កការរំខាន អុកឡុក បង្កើតភាពអសន្តិសុខនៅកន្លែងនោះផងដែរ ពិសេសធ្វើឱ្យយុវជនមួយចំនួនវីវក់នឹងគ្រឿងញៀន។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា “នគរបាលប៉ុស្តិ៍របស់យើង គាត់ឭព័ត៌មាននេះ ក៏បាននាំគ្នាទៅជាមួយសមត្ថកិច្ចដទៃទៀតដែលមានការពាក់ព័ន្ធ។ ពេលចុះទៅដល់ទីតាំងផ្ទះមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀននោះសមត្ថកិច្ចបានឆែកឆេរដែរ ក៏ប៉ុន្តែរកមិនឃើញជនល្មើសនោះទេ។ សុំទោស ដំបូងហាក់ដូចជាថាប្រយ័ត្នដែរ ព្រោះរកមិនឃើញ ក៏សន្និដ្ឋានថាតាមមើលប្រហែលជាវារត់ចូលព្រៃអស់ហើយ។ ជនសង្ស័យមិនបានរត់ចូលព្រៃដូចការសន្និដ្ឋាននោះទេ ដោយទៅអង្គុយគៀនផ្ទះយកភួយគ្របពីលើ។ អ្នកទៅឆែកហ្នឹង មិនចាប់អារម្មណ៍ទៅទៀត ទៅលើកអាភួយហ្នឹង។ ដល់តែលើកអាភួយហ្នឹងអានោះវាមានកាំភ្លើងស្រេច។ មេប៉ុស្តិ៍ប៉ូលិសទៅលើកភួយ អានោះបាញ់ផូងត្រូវចំដើមទ្រូង ហើយនឹងប៉ូសលិសម្នាក់ទៀតទៅជាមួយ។ ស្លាប់អស់ពីរនាក់ មានការសោកស្ដាយណាស់”។

គួរបញ្ជាក់ថា មន្ត្រីនគរបាលចំនួន២នាក់ ត្រូវបានបាញ់សម្លាប់ និងម្នាក់បានរងរបួស នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន។ ចំណែកជនល្មើសម្នាក់ស្លាប់ និងម្នាក់ចាប់ខ្លួន។ ជនល្មើសដែលស្លាប់ គឺជាជនដៃដល់ដែលបានបាញ់លើមន្ត្រីនគរបាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នៅភូមិចន្ទ្រាថ្មីឃុំទួលព្រេជ ស្រុកអង្គស្នួល។ មន្ត្រីនគរបាលដែលស្លាប់ និងរងរបួសមានដូចជា៖១.លោក ជុច សុភា មេប៉ុស្តិ៍ទួលព្រេច ២.លោក រីមសុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន ៣.លោក វ៉ន វុទ្ទី មន្ត្រីប៉ុស្តិទួលព្រេច របួសម្រាមដៃស្តាំ។ ចំណែកជនល្មើសដែលស្លាប់ឈ្មោះធីម ឌឿន អាយុ២៣ឆ្នាំ ជាមុខសញ្ញាចាស់ និងម្នាក់ទៀតឈ្មោះ ថេង ធឿន អាយុ១៦ឆ្នាំ ត្រូវចាប់ខ្លួន៕ 

ដោយ៖ពលជ័យ

ads banner