Cambodia2050 Ep39: តើការវិវឌ្ឍន៍សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងឈានទៅរកវិបត្ដិជាសលកយ៉ាងធ្ងន់ធ្ងរដែរឬទេ?

សំនួរ៖ យើងឃើញថាថ្មីៗនេះសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនហាក់បីដូចជាមិនមានការថមថយនោះទេ ហើយក៏មានជំនួយជាច្រើនពីបណ្ដារប្រទេសជាមិត្តរបស់អ៊ុយក្រែន ក៏ដូចជាខាងសហរដ្ឋអាមេរិកជាដើម បានគាំទ្រនូវគ្រឿងឧបករណ៍សម្ភារៈសភាវុធផ្សេងៗ ដែលធ្វើឱ្យរុស្ស៊ីកាន់តែក្ដៅបន្ថែមទៀត ហើយនៅក្នុងនោះផងដែរ សម្រាប់លោកបណ្ឌិតផ្ទាល់ ថាតើស្ថានភាពបច្ចុប្បន្ននេះនៅក្នុងកម្រិតណាដែរ?

ចំពោះបញ្ហារុស្ស៊ី និង អ៊ុយក្រែន បើគិតមកទល់ថ្ងៃនេះ គឺមានរយៈពេលជិតពីរខែមកហើយ ដែលកំពុងបន្តកើតមានរហូតមកទល់ពេលបច្ចុប្បន្ននេះ ហើយបើយើងគិតពីគោលបំណង ឬក៏ដើមហេតុនៃវិបត្តិ ឬក៏សង្គ្រាម ការឈ្លានពាននេះគឺដោយសារតែមានការប្រើប្រាស់នយោបាយ ឬក៏ការកំណត់និយមន័យផ្សេងៗគ្នា។ ចំពោះដើមហេតុឬក៏បុព្វហេតុកើតមានជាវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី ជាមូលហេតុ ដែលមាការកំណត់និយមន័យនូវដើមហេតុសង្គ្រាមនោះ ផ្សេងៗគ្នារហូតមកដល់សព្វថ្ងៃនេះ ភាគីដែលពាក់ព័ន្ធទាំងអស់ នៅតែមិនទាន់មានការឯកភាពគ្នា ឬក៏មិនទាន់មានការស្រុះស្រួលគ្នាដើម្បីជាដំណោះស្រាយ ឬក៏នយោបាយណាមួយ សមស្របនៅការបញ្ចប់សង្គ្រាមនេះទេ ពីព្រោះដោយសារតែភាគីខាងរុស្ស៊ីក៏គាត់មានហេតុផលគ្រប់គ្រាន់ក្នុងការបន្តនូវសង្គ្រាមនេះ។ ចំណែកឯភាគីអ៊ុយក្រែនក៏ពួកគាត់មានហេតុផល និងកម្លាំងគ្រប់គ្រាន់សម្រាប់វាយបកឬក៏ការពារប្រឆាំងវិញ។ យើងឃើញថា ភាគីទាំងពីរនេះ មានហេតុផលគ្រប់គ្រាន់ដូចគ្នា ដើម្បីបន្តការវាយប្រហារឬក៏ដើម្បីបន្តការច្បាំងគ្នានោះ ប៉ុន្តែភាគីទាំងពីរនោះមិនទាន់មានហេតុផលគ្រប់គ្រាន់ដើម្បីឈានទៅរកដោះស្រាយបញ្ចប់នូវវិបត្តិនោះទេ។ ហើយមកទល់ពេលឥឡូវនេះ បើយើងនិយាយអំពីស្ថានការណ៍បែបណាហើយ យើងអាចនិយាយបានថា វិវឌ្ឍន៍កាន់តែជ្រៅទៅមុខបន្ថែមទៀត ដោយសារតែភាគីទាំងអស់មិនមានឆន្ទៈ ឬក៏មិនទាន់មានហេតុផលគ្រប់គ្រាន់នូវក្នុងការបញ្ចប់វិវាទ ឬក៏បញ្ចប់នៅសង្គ្រាមនោះ។

សំនួរ៖ ទាក់ទងទៅនឹងបញ្ហាទាំងនេះ សម្រាប់ទស្សនៈលោកបណ្ឌិតផ្ទាល់ ថាតើវានឹងអាចវិវឌ្ឍន៍ដល់កម្រិតណាមួយផងដែរ ដែលក្នុងនោះមានមតិលើកឡើងថា សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន វាអាចរីករាលដាលដាលទៅដល់សហគមន៍អឺរ៉ុបទាំងមូល ប្រសិនបើរុស្ស៊ីមានការទាល់ច្រក រុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ។ ថាតើស្ថានភាពនេះ ទៅជាយ៉ាងណា? ប៉ុន្តែមុននឹងត្រឡប់ទៅដល់សំណួរនេះ ខ្ញុំចង់ឲ្យលោកបណ្ឌិតបកស្រាយបន្តិច កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញថា កាប៉ាលសង្រ្គៀមរបស់រុស្ស៊ី មានការផ្ទុះហើយបានលិចចូលទៅក្នុងសមុទ្រ ហើយរុស្ស៊ីបានអះអាងថាកាប៉ាល់នេះ បានខុសបច្ចេកទេសផ្ទុះដោយខ្លួនឯង មិនមានការវាយប្រហារពីអ៊ុយក្រែននោះទេ ហើយនៅក្នុងនោះខ្លួនក៏បានជម្លៀសអ្នកបញ្ជាការ ក៏ដូចជាទ័ពបានរួចខ្លួនជាច្រើននាក់ ហើយក៏មិនមានតួលេខណាមួយជាក់លាក់ថាស្លាប់ប៉ុន្មាន ឬ នៅរស់ប៉ុន្មាននោះទេ។ បើយើងនិយាយអំពីព័ត៌មានដែលបានផ្សព្វផ្សាយ ហាក់បីដូចជាមានពីរផ្ទុយគ្នា រុស្ស៊ីបានលើកឡើងថា មិនមានការវាយប្រហារពីអ៊ុយក្រែន ប៉ុន្តែតាមបណ្ដាលសារព័ត៌មានអន្តរជាតិផ្សេងៗ បានលើកឡើងថា កងទ័ពអ៊ុយក្រែនបានទៅវាយប្រហារ។ សម្រាប់បញ្ហាទាំងនេះ សម្រាប់លោកបណ្ឌិតផ្ទាល់ តើលោកយល់ឃើញយ៉ាងណាដែរ?

វិបត្តិរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននោះគឺមានការពាក់ព័ន្ធទៅនឹងប្រទេសផ្សេងៗទៀតជាច្រើន ដូចជាយើងបានដឹងជាហូរហែ ដូចជាសហរដ្ឋអាមេរិច លោក ចូប៊ៃដិន បានប្រកាសនូវការគាំទ្រពេញទំហឹង ហើយប្រទេសមួយចំនួនធំនៅសហភាពអឺរ៉ុប ទោះបីគេមិនបានធ្វើសង្គ្រាមដោយផ្ទាល់ជាមួយនឹងប្រទេសរុស្ស៊ីក៏ដោយ យើងឃើញថា ជាកាលៈទេសៈមួយ ដ៏ល្អណាស់សម្រាប់សហភាពអឺរ៉ុប ពីព្រោះគឺក្នុងពេលបច្ចុប្បន្ន សហភាពអឺរ៉ុបដែលកន្លងមកមានការខ្វែងគំនិតគ្នា ចំពោះបញ្ហាជនអន្តោប្រវេសន៍ មានការខ្វែងគំនិតគ្នា ចំពោះការបង់ថវិការប្រចាំឆ្នាំផ្សេងៗ ប៉ុន្តែដល់ពេលរឿងវិបត្តិជនភៀសខ្លួនរបស់ប្រទេសអ៊ុយក្រែននោះ គឺបានធ្វើឲ្យបណ្ដាប្រទេសជាច្រើនរបស់សហភាពអឺរ៉ុប ត្រឡប់មកជាសាមគ្គីគ្នាជួយគ្នាទៅវិញទៅមក គេបើកចិត្តទូលំទូលាយក្នុងការទទួលយកជនអន្តោប្រវេសន៍នោះ។ ទីមួយគឺគេចង់បញ្ជាក់ថាប្រទេសសហភាពអឺរ៉ុបគឺស្ទើរតែទាំងអស់ ភាគច្រើនបានបង្ហាញថា គាំទ្រចំពោះប្រជាជនអ៊ុយក្រែន ចំពោះប្រទេសអ៊ុយក្រែន យើងបានដឹងហើយថា ប្រទេសមួយចំនួនរបស់អឺរ៉ុបរួមទាំងសហអាមេរិកបានផ្ដល់ជាថវិកាមួយចំនួន ក៏ដូចជាផ្ដល់នូវសភាវុធទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងការឈ្លានពានរបស់រុស្ស៊ី អញ្ចឹងយើងមើលទៅលើហេតុទាំងអស់នោះ បានបញ្ជាក់ថាសភាវុធទាំងឡាយរបស់ប្រទេសអ៊ុយក្រែនដែលមានហើយ នឹងកំពុងតែប្រើប្រាស់សព្វថ្ងៃ គឺចង់មិនចង់គឺយើងមិនអាចបដិសេធបានទេថា ពិតជាមាននឹងទទួលការគាំទ្រនិងបានប្រើប្រាស់នូវសភាវុធដែលបានផលិតនៅបណ្ដាលប្រទេស ដែលក្រៅពីអ៊ុយក្រែនខ្លួនឯង មានន័យថាជាសភាវុធដែលផ្ដល់ឲ្យពីបណ្ដាប្រទេសផ្សេងៗ យើងមិនដឹងថាសភាវុធនោះ ផលិតនៅក្នុងប្រទេសណាមួយនោះទេ ប៉ុន្តែរឿងមួយទៀត ប្រហែលជាអ្នកដែលសិក្សាអំពីកម្លាំងយោធារបស់រុស្ស៊ីនោះ ប្រាកដជាបានដឹងបានឮហើយថា រុស្ស៊ីទោះបីជាសេដ្ឋកិច្ចរបស់គាត់មិនសូវខ្លាំងក៏ដោយ បើនិយាយអំពីកម្លាំងសភាវុធរបស់គាត់នោះ គឺគាត់ខ្លាំងបើយើងនិយាយអំពីនាវាជើងទឹក ដែលការពារជើងទឹកដែលការពារជើងសមុទ្ររបស់រុស្ស៊ី ការការពារកម្លាំងដែនអាកាសរបស់រុស្ស៊ីគឺគាត់ខ្លាំង អាចថាសហរដ្ឋអាមេរិកនិងរុស្ស៊ីមានប្រហាក់ប្រហែលគ្នា ចំពោះកម្លាំងយោធា ចំពោះដែនទឹក ដែនអាកាស ដែនគោករបស់រុស្ស៊ី។ បើយើងគិតទៅការវាយប្រហាររបស់អ៊ុយក្រែន គឺយើងមិនអាចបដិសេធបានទេថា ការទប់រុស្ស៊ីបាននោះ ក៏ជាចំណែកមួយដែលយើងមិនអាចមើលរំលងបានដែរ ព្រោះខាងការពាររបស់រុស្ស៊ីខ្លាំង ហើយនាវាការពារដែនសមុទ្ររបស់រុស្ស៊ីក៏ខ្លាំងដែរ អញ្ចឹងយើងពិបាកនឹងឆ្លើយថាខាងណាជាអ្នកបាញ់ឲ្យពិតប្រាកដណាស់ តែបើយើងនិយាយអំពីការពាក់ព័ន្ធកម្លាំងរបស់ម្ខាងៗ គឺសុទ្ធតែមានសមត្ថភាពខ្លាំងដូចគ្នានេះគឺជាអ្វីដែលខ្ញុំបានតាមដាននិងសង្កេត។

សំនួរ៖ បើយើងនិយាយអំពីរកស៊ីគឺយើងឃើញថាខាងរកស៊ីតែងតែអួតអាងអំពីសភាវុធរបស់ខ្លួនផ្សេងៗ ប៉ុន្តែការវាយប្រហារ ក៏ដូចជាការលលិចនាវាចម្បាំងដ៏ធំ ដែលបានដឹក សភាវុធផ្សេងៗរបស់រុស្ស៊ីនោះ ថាជាសញ្ញាណមួយនៅក្នុងភាពទន់ខ្សោយរបស់រុស្ស៊ី ឬក៏យ៉ាងណានោះដែរ? ដែលខណៈពេលយើងតែងតែអះអាងថាខ្លួនឯងខ្លាំង តែត្រូវបានគេវាយឆ្មក់ឬក៏មានបញ្ហាធ្វើឲ្យលិចនាវានោះ ថាតើអាចជាកត្តាមួយបង្ហាញទៅកាន់ពិភពលោកថា រុស្ស៊ីមិនបានខ្លាំងដូចអ្វីដែលបានអួតអាងនោះទេ ឬក៏យ៉ាងណានោះដែរ សម្រាប់ទស្សនៈរបស់លោក។

តាមការអង្កេតរបស់ខ្ញុំទៅលើអ្នកការទូតរបស់រុស្ស៊ីក៏ដូចជាមិត្តភក្កិរបស់ខ្ញុំដែលជាជនជាតិរុស្ស៊ីខ្ញុំមានការកោតសរសើរជាខ្លាំងចំពោះសភាវុធរបស់ប្រទេសរុស្ស៊ី ខ្ញុំមិនកោតសរសើរចំពោះការឈ្លានពានរបស់រុស្ស៊ីនោះទេ ប៉ុន្តែខ្ញុំកោតសរសើរអំពីកម្លាំងយោធា និងបច្ចេកទេសរបស់រុស្ស៊ី។ យើងសង្កេតឃើញថាហាក់បី ដូចជាមានភាពលេចធ្លោនៅក្នុងពិភពលោក បើប្រៀបធៀបជាមួយនឹងសហរដ្ឋអាមេរិក ប្រៀបធៀបជាមួយនឹងបណ្ដាលប្រទេសផ្សេងៗ ដូចជាប្រទេសចិនគឺកម្លាំងយោធារបស់រុស្ស៊ីគឺមានភាពខ្លាំងក្នុងការប្រកួតប្រជែងជាមួយប្រទេសមហាអំណាច ប្រទេសដែលមានកម្លាំងទ័ពខ្លាំងផ្សេងៗ យើងមិនអាចយកចំណុចមួយថា ការបាញ់ទូក ឬក៏នាវានោះលោច ហើយវាយតម្លៃថាកម្លាំងទ័ពរបស់រុស្ស៊ីមិនខ្លាំងនោះទេ ខ្ញុំមិនហ៊ានថាបែបនោះទេ ពីព្រោះយើងធ្វើការសិក្សានិងការសង្កេតក្រោយអំពីសង្គ្រាមលោកលើកទី 2 មក ដោយសារតែចំណុចពិសេសមួយរបស់ជនជាតិរុស្ស៊ីនោះ គឺគាត់មានស្មារតីជាតិនិយមខ្លាំង កម្លាំងនៃការការពារទឹកដី កម្លាំងនៃការការពារប្រទេសរបស់គាត់ខ្លាំង ហើយបច្ចេកវិទ្យាទំនើបផ្សេងៗ ដែលខ្ញុំបានតាមដានទៅ ឃើញថារុស្ស៊ីមិនទាន់នឹងបានប្រើប្រាស់ឲ្យអស់លទ្ធភាពនៅឡើយទេ នៅក្នុងការធ្វើសង្គ្រាម ឬក៏ការឈ្លានពាននោះ ពីព្រោះនៅមានការប្រើប្រាស់សភាវុធទំនើបផ្សេងៗ ឬក៏សភាវុធផ្កាយរណដែលហៅថា ការបាញ់អាវុធនៅលើផ្កាយរណប ដែលបានយកទៅបង្ហោះចោលនៅលើមេឃ ជាប្រភេទអាវុធទំនើបផ្សេងៗនោះ គឺរុស្ស៊ីមិនទាន់បានប្រើនោះទេ។ នោះខ្ញុំសង្កេតឃើញថា ដោយសារតែការគិតខ្លាចក្រែង ឬក៏ការស្អប់ខ្ពើមកាន់តែខ្លាំងពីសំណាក់អន្តរជាតិ ទៅលើប្រទេសរុស្ស៊ី។ យើងត្រូវគិតថាវាអាចជាសម្ពាធ ឬក៏ការស្អប់ខ្ពើម ការរើសអើងកាន់តែខ្លាំង មកលើប្រជាជនរុស្ស៊ី ក៏ដូចជាបណ្ដារជនជាតិរុស្ស៊ីផ្សេងៗ ដែលរស់នៅក្នុងសហរដ្ឋអាមេរិកក៏ដូចជារស់នៅក្នុងបណ្ដាលប្រទេសផ្សេងៗ ដែលជាប្រជាជនសាមញ្ញនោះ ប្រាកដជារងការរើសអើង ពីព្រោះយើងបានដឹងមកហើយ ថាគ្រាដំបូងនៃការផ្ទុះជំងឺកូវីដ-១៩ ជនជាតិចិនដែលរស់នៅសហរដ្ឋអាមេរិក ទទួលរងនូវការរើសអើងជាខ្លាំង ពីសំណាក់ប្រជាជនអាមេរិក ដែលគេគិតថា មានប្រភពកើតឡើងពីប្រទេសចិន ឬក៏ពីជនជាតិចិន។ ដូចគ្នានោះគឺរុស្ស៊ីក៏មានការគិតថា ប្រសិនបើមានការប្រើប្រាស់សភាវុធទំនើបខ្លាំងសាហាវពេកទៅ ប្រជាជនរុស្ស៊ីក៏ដូចជាអ្នកការទូតរុស្ស៊ី ឬក៏មុខមាត់ការទូតជាផ្លូវការរបស់រុស្ស៊ីនៅលើពិភពលោក អាចនឹងទទួលបាននូវការស្អប់ ឬក៏មិនទទួលបានការស្វាគមន៍បែបនោះ។ នេះគឺជាគំនិតការយល់ឃើញរបស់ខ្ញុំ។

សំនួរ៖  ប្រសិនបើតាមទស្សនៈរបស់លោកបណ្ឌិតផ្ទាល់ យើងឃើញហើយថា អ៊ុយក្រែនបានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូជាយូរឆ្នាំមកហើយ ក្នុងនោះមានប្រទេសពីរ មានបារាំង និងអង់គ្លេស បានបដិសេធមិនការអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិតអង្គការណាតូ ដោយសារតែខ្លាចមានសង្រ្គាមក៏ដូចជាបញ្ហាផ្សេងៗ។ ដោយឡែកដោយសារតែឥឡូវសង្គ្រាមវាបានកើតឡើងហើយ តើវាជាឱកាសសម្រាប់អ៊ុយក្រែន ឬក៏សម្រាប់អង្គការណាតូ ឬក៏សមាជិកភាពទាំងអស់របស់អ៊ីយូក្នុងអង្គការណាតូ នឹងអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកដែរឬក៏យ៉ាងណា?

នៅក្នុងនឹង មានចំណុចពីរខុសគ្នា បើយើងគិតអំពីចិត្តវិទ្យាយោធា នៅត្រង់ចំណុចនេះគឺយើងមានហេតុផលពីរដែលត្រូវបង្ហាញ ហើយជាភាពចាំបាច់នៅក្នុងប្រទេសនីមួយៗក៏ដូចជាយុទ្ធសាស្ត្រ។ ជាធម្មតាប្រទេសមួយ មិនចង់ឲ្យប្រទេសមួយទៀតនោះយកកាំភ្លើងមកដាក់នៅក្បែរព្រំដែនរបស់ខ្លួននោះទេ ទោះបីជាកាំភ្លើងនោះមិនដាក់នៅក្នុងទឹកដីរបស់គេក៏ដោយ ចង់មិនចង់គឺយើងមានអារម្មណ៍ថាមិនសូវមានសុវត្ថិភាព។ នៅក្នុងហេតុផលនេះអាចជាការមើលឃើញផ្ទាល់ខ្លួនរបស់ខ្ញុំដែរ គឺខ្ញុំមិនមែនកាន់ជើងខាងរុស្ស៊ីនោះទេ ប៉ុន្តែប្រហែលជាការគិតរបស់រុស្ស៊ីនោះគឺគាត់មិនមានភាពទុកចិត្ត មិនមែនមិនទុកចិត្តអ៊ុយក្រែននោះទេ ប៉ុន្តែគាត់អាចមិនទុកចិត្តណាតូ ឬ គាត់មិនអាចទុកចិត្តលើសហរដ្ឋអាមេរិច ពីព្រោះយើងត្រូវដឹងអំពីលក្ខខណ្ឌពិសេសមួយរបស់ណាតូនោះ គឺសមាជិកភាពទាំងអស់របស់អង្គការណាតូ បើសិនជាមានការវាយប្រហារពីប្រទេសណាមួយ គឺអង្គការណាតូត្រូវតែការពារប្រទេសជាសមាជិកនោះ។ ខ្ញុំគិតថាជាលក្ខខណ្ឌមួយ ដែលធ្វើឲ្យរុស្ស៊ីមិនសប្បាយចិត្ត ពីព្រោះនៅក្នុងនោះពីរចំណុច ដែលទីមួយយើងនិយាយអំពីភាពចាំបាច់នៃការការពារខ្លួន ឬរុស្ស៊ីយល់ឃើញអំពីភាពចាំបាច់នោះ ប៉ុន្តែត្រឡប់ទៅវិញខាងអ៊ុយក្រែនភាពចាំបាច់មួយរបស់គាត់គឺ គុណធម៌ ។ យើងនិយាយអំពីភាពចាំបាច់នៃមនុស្សជាតិ ដែលមានកំណើតជាមនុស្សគឺមានសិទ្ធិស្វ័យប្រវត្តិ មានសិទ្ធិរស់នៅដោយសេរីភាព មានសិទ្ធិទទួលអាហារ មានសិទ្ធិជ្រើសរើសគោរពជំនឿអ្វីដែលខ្លួនពេញចិត្ត នោះជាសេរីភាពមួយដែលគេអនុវត្តនៅក្នុងប្រទេសគេដាច់ដោយឡែក។ បើយើងនិយាយអំពីសិទ្ធិមនុស្ស ឬក៏សិទ្ធិរបស់ប្រទេសនីមួយៗ ប៉ុន្តែដោយសារតែភាពចាំបាច់មានន័យថា ភាពចាំបាច់របស់រុស្ស៊ី ហើយគេជាអ្នកកាន់អំណាចគឺគេបានគិតពីជំហានទីពីរ ដំណាក់កាលទីពីរ ពីព្រោះពេលខ្លះនៅក្នុងចិត្តសាស្ត្រនយោបាយ គេហៅថាការបង្ក្រាបទុកមុន ឬក៏វាយមុន កុំឲ្យដៃគូម្ខាងទៀត មានកម្លាំងខ្លាំង ហើយដើម្បីបង្ការនូវហានិភ័យនៅពេលអនាគត។ ក្នុងនេះខ្ញុំសូមបញ្ជាក់ម្តងហើយម្តងទៀតថា ខ្ញុំមិនគាំទ្រការឈ្លានពាន និងមិនគាំទ្រការកើតមានសង្រ្គាមចំពោះប្រទេសណាមួយនោះទេ។ បើយើងគិតអំពីអាយុរបស់មនុស្សនោះ ម្នាក់ៗដែលកើតមកគឺមានបញ្ហាមានវិបត្តិផ្សេងៗរបស់ខ្លួនទៅហើយ តាមពិតទៅយើងមិនចាំបាច់ទៅធ្វើបាបអ្នកណា ឲ្យរងទុក្ខលំបាកនោះទេ។ ដោយសារតែយើងដោះស្រាយតែវិបត្តិការរស់នៅរបស់យើងហ្នឹង ដល់ពេលប៉ន្មានយើងនឹងស្លាប់ទៅវិញហើយ។ នៅក្នុងនោះខ្ញុំចង់បញ្ជាក់ថា ទាំងរុស្ស៊ី ទាំងអ៊ុយក្រែននោះ សុទ្ធតែមានហេតុផលចាំបាច់ទាំងសងខាង ដើម្បីបន្តសង្គ្រាមឬក៏ដើម្បីធ្វើសង្គ្រាម ហើយបើយើងឆ្លើយចំនឹងសំណួរតែម្ដង គឺខ្ញុំគិតថា ទាំងបណ្ដើរសហភាពអឺរ៉ុបទាំងមូលនោះ ឬក៏ប្រទេសសហរដ្ឋអាមេរិកខ្លួនឯងនោះ ក៏គេមិនចង់មានជាសង្រ្គាមអ្វីដែល ជាធម្មតាបើកាលណាមានសង្គ្រាមគឺវិបត្តិផ្សេងៗវិបត្តិមនុស្សធម៌ តាមរយៈការខ្វះខាតអាហារ ការឡើងថ្លៃទំនិញផ្សេងនោះ ប្រាកដជាកើតមាន។ យើងបានដឹងបានយល់ហើយថា នៅពេលដែលយើងមិនទាន់នៅក្នុងស្ថានភាពលំបាក យើងស្រែករកយ៉ាងនេះយ៉ាងនោះ ឬក៏ទាមទារអ្វីផ្សេង តែនៅពេលដែលយើងមានសង្រ្គាម គឺអ្វីដែលយើងកំពុងតែមាននៅក្នុងពេលបច្ចុប្បន្ននេះ អាចនឹងមានតម្លៃជាងអ្វីផ្សេងទៀត។

សំនួរ៖ សម្រាប់ទស្សនៈរបស់លោក បណ្ឌិតផ្ទាល់ថាតើនៅពេលអនាគត សង្គ្រាមនេះវានឹងទៅជាយ៉ាងណា? ហើយនៅក្នុងនោះយើងឃើញថា រុស្ស៊ីហាក់បីដូចជាប្ដូរទិសដៅ ពីការវាយប្រហារក្រុងគៀវទៅវាយប្រហារក្រុងផ្សេងៗវិញ តើលោកយល់ឃើញយ៉ាងណាដែរ?

សង្គ្រាមនេះរហូតមកដល់ពេលឥឡូវនេះមិនទាន់មាននរណាហ៊ានព្យាករណ៍ថា តើរុស្ស៊ីអាចនិងហ៊ានប្រើអាវុធនុយក្លេអ៊ែរឬក៏យ៉ាងណានោះទេ។ ពីព្រោះប្រសិនបើនៅពេលណាដែលទាល់ច្រក ពិបាកនៅក្នុងការស្មាន ហើយចិត្តរបស់លោក ពូទីន នោះកម្រឃើញគាត់ញញឹមណាស់ ហើយដូចដែលខ្ញុំបានតាមដានប្រវត្តិរបស់គាត់ ដោយសារតែគាត់ជាអតីតសមាជិកភាព ការសេបេ ដែលជាចារកម្មនៃអតីតសហភាពសូវៀត ដែលគាត់មានជំនាញក្នុងផ្នែកនោះទៀត។ អាចថាគាត់ជាមនុស្សមួយដែលចិត្ដដាច់ ហើយយើងពិបាកនឹងសន្និដ្ឋានថា គាត់អាចបញ្ជាឲ្យប្រើអាវុធនុយក្លេអ៊ែរឬក៏យ៉ាងណា។ ក៏ប៉ុន្តែយើងដឹងហើយថា ពិភពលោកឥឡូវនេះគឺឆ្នាំ 2022 នេះ គឺមិនដូចគ្នាទៅនឹងឆ្នាំ 39 ឬ45 នោះទេបច្ចេកវិទ្យាពិភពលោកសព្វថ្ងៃ គឺកាន់តែទំនើបខ្លាំងទៅខ្លាំងទៅ ពីព្រោះថាប្រសិនបើមានសង្រ្គាមលោកលើកទី 3 កើតឡើង ឬ ប្រសិនបើមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរមែននោះ ពិភពលោកទាំងមូលគឺអាចនឹងខ្ទេច មិនថាតែយើងនៅកម្ពុជា ហើយក៏គ្មានប្រទេសណារស់បានស្រួលនោះដែរ បើសិនជាមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះ អាចនឹងខ្ទេចពិភពលោកទាំងមូល នេះគឺជាអ្វីដែលជាការបារម្ភផងដែ។ រហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនអាចព្យាករណ៍ថាគេអាចនឹងប្រើ ឬក៏អត់នោះទេ។ នេះជាចំណុចដែលពិភពលោកកំពុងតែព្រួយបារម្ភ អត់ទាន់មានអ្នកណាអាចសន្និដ្ឋានចិត្តប្រធានាធិបតី ពូទីន បាននោះទេ ហើយយើងសង្ឃឹមថានឹងមិនជួបសុបិនអាក្រក់បែបនោះទៅចុះ។ ប៉ុន្តែតែយ៉ាងណាការអន្តរាគមន៍ បង្ខំឲ្យប្រទេសមួយដើរទៅដល់ភាពទាល់ច្រក ឬក៏មនុស្សមួយដើរទាល់ច្រក ចំពោះលទ្ធផលគឺយើង អាចនឹងលំបាកស្មាននឹងគិតទុកមុន។ ដោយឡែកដោយឡែកបញ្ហាមួយទៀត នៅក្នុងចំណុចនេះចង់បញ្ជាក់ថា កងទ័ពរុស្ស៊ីមិនបានដកចេញពីប្រទេសអ៊ុយក្រែនទាំងមូលនោះទេ ប៉ុន្តែគ្រាន់តែជាការប្ដូរទិសដៅពីការវាយប្រហារទីក្រុងគៀវ ទៅវាយប្រហារក្រុងផ្សេងៗ ក្នុងទឹកដីអ៊ុយក្រែនដដែល។ បើយើងគិតទៅនៅកន្លែងនេះ តាមការអង្កេតរបស់ខ្ញុំ រុស្ស៊ីកំពុងតែរៀបចំផ្ដុំកម្លាំងជាថ្មី ជាការប្រមូលកម្លាំងក្នុងការត្រៀមវាយលុកឲ្យចំទិសដៅ ព្រោះយើងមើលអំពីដើមហេតុដំបូង ដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែននោះ គឺមិនមែនប្រកាសថាឈ្លានពាននោះទេ នេះគឺគ្រាន់តែជាបណ្ដាលសារព័ត៌មាន ឬក៏បណ្ដាលប្រទេសផ្សេងៗគេប្រើតែប៉ុណ្ណោះ។ ប៉ុន្តែចំពោះប្រទេសរុស្ស៊ីគេប្រើថា ជាការសង្គ្រោះតំបន់ពីរ។ រុស្ស៊ីគិតថាជាតំបន់ស្វយ័ត ហើយគាត់លើកទ័ពទៅដើម្បីការពារតំបន់ទាំងពីរនោះ ហើយគាត់ប្រកាសទទួលស្គាល់ជាស្វយ័តរួចទៅហើយ។ កន្លងមកមានការលើកឡើងដោយជនជាតិរុស្ស៊ី គាត់បានប្រៀបធៀបជាមួយនឹងប្រទេសកម្ពុជាដែរ ពីព្រោះធម្មតាមនុស្សធ្វើអ្វីក៏ដោយ តែងតែមានការការពារអ្វីដែលជាចំណុចល្អរបស់គេ។ ត្រង់នេះខាងអ៊ុយក្រែនជាជនរងគ្រោះហើយ លោកខាងលិចបានប្រើពាក្យថារុស្ស៊ីចូលឈ្លានពាន ប៉ុន្តែខាងរុស្ស៊ីខ្លួនឯង បានប្រើពាក្យថាជាការចូលរំដោះ ឬក៏ជួយសង្គ្រោះ ឬក៏ធ្វើសង្គ្រាមដើម្បីមនុស្សធម៌ ដើម្បីការពារប្រជាជន ដែលបានធ្វើការកាប់សម្លាប់ដោយអ៊ុយក្រែន។ ដំបូងឡើយរុស្ស៊ីលើកទ័ពថាដើម្បីទៅរំដោះប្រជាជន ឬក៏ដើម្បីការពារប្រជាជន ប៉ុន្តែតំបន់ដែលគាត់ទៅនោះ ទៅទីក្រុងគៀវនិងទីក្រុងផ្សេងៗទៀត ដែលមិនមែនជាកន្លែងដែលប្រជាជនដែលនិយាយភាសារុស្ស៊ីនោះទេ ដែលធ្វើឲ្យពិភពលោកមានការរិះគន់រុស្ស៊ីយ៉ាងខ្លាំង ចំពោះការទៅវាយប្រហារខុសគោលដៅ និងខុសគោលបំណងដែលខ្លួនឯងប្រកាសពីដំបូង៕

***********

វាគ្មិន៖ លោកបណ្ឌិត សិន សង់ អ្នកវិភាគនយោបាយនិងជាអ្នកតាមដានព្រិត្ដការណ៍អន្តជាតិ

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner