កម្មករ-កម្មការិនីជាកម្លាំងស្នូល និងជាគ្រោងឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ
ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាមហាជនបានបញ្ជាក់ថា កម្មករ-កម្មការិនីជាកម្លាំងស្នូល និងជាគ្រោងឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងជាកម្លាំងចលករដ៏សំខាន់នៃសង្វាក់ផលិតកម្ម ដោយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់ដំណើរទៅមុខរបស់សង្គមជាតិ។ ទន្ទឹមនឹងនេះ បងប្អូនក៏ជាកម្លាំងដ៏រឹងមាំមួយ ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពតាមរយៈការចូលរួមទប់ស្កាត់នូវរាល់ការញុះញង់នានាដែលអាចនាំឱ្យប៉ះពាល់ដល់ភាពសុខសាន្តរបស់ជាតិ និងសេចក្តីសុខសុភមង្គលរបស់ប្រជាជន។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជាបានផ្សារសាច់ផ្សារឈាមភ្ជាប់ជាមួយកម្មករនិយោជិតតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ហើយក៏នឹងបន្តពង្រឹងនិងពង្រីកបន្ថែមនូវគោលនយោបាយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនីឱ្យកាន់តែមានភាពចម្រុងចម្រើនខ្លាំងឡើងបន្ថែមទៀត។

ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព ក្នុងឱកាសខួបលើកទី១៣៦ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋជាម្ចាស់កម្មសិទិ្ធនៃសន្តិភាព និងភាពសុខសាន្ត ដែលគណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងសម្រេចបានដូចសព្វថ្ងៃនេះ ដោយបានបូជា លះបង់នូវសាច់ស្រស់ ឈាមស្រស់ និងពលិកម្មគ្រប់បែបយ៉ាង។ តទៅមុខទៀតគណបក្សប្រជាជនកម្ពុជាក៏បានប្តេជ្ញារួចមកហើយក្នុងការបន្តថែរក្សាសន្តិភាពឱ្យបានដាច់ខាតដោយហេតុថា សន្តិភាពនេះហើយក៏ជាកត្តាមួយដែលផ្តល់លំនឹងទំនុកចិត្តដល់អ្នកវិនិយោគបរទេស និងការសម្រេចបាននូវនិរន្តរភាពនៃឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាព សុខភាព និង សន្តិសុខការងារ” ដែលប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ទទួលរងការញាំញីដោយសារសង្គ្រាមរាប់សតវត្សរ៍មកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ, ការបង្កើតការងារ, ស្ថិរភាពការងារ និងសុវត្ថិភាពការងារ ជាពិសេសក្នុងបរិបទដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានទទួលរងគ្រោះដោយសារការរាតត្បាតនៃ ជំងឺកូវីដ-១៩ ដែលបង្កផលប៉ះពាល់ខ្លាំងដល់ផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម-សេដ្ឋកិច្ច។យ៉ាងណាក៏ដោយ កម្ពុជាបានខិតខំដោះស្រាយ និងជម្នះបញ្ហារហូតសម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានការដឹកនាំដ៏មោះមុតអង់អាចក្លាហាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយនឹងធ្លុងមហាសាមគ្គីភាពជាតិតាមរយៈការចូលរួមប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ពីសំណាក់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ ប្រភេទ កងទ័ពអាវស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងកម្មករ-កម្មការិនីនៅទូទាំងប្រទេសផងដែរ៕ ដោយ: ពលជ័យ





រូបថតហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត