ក្រុមអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា

ខេត្តកំពង់ឆ្នាំង ៖ ក្រុមអ្នកសារព័ត៌មានមកពីបណ្ដាអង្គភាពខុសគ្នាចំនួន៣០អង្គភាព នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ បានសហការគ្នាប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ក្រោមអធិបតីភាព លោក ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និង ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត ។

លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង មានប្រាសាសន៍ថា ទិវាសេរីភាពសារព័ត៌មាន មានសារៈ
សំខាន់ណាស់ សំរាប់ខេត្តកំពង់ឆ្នាំងយើង លោកចង់ឱ្យសហការគ្នាធ្វើពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញ រវាងអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាមួយអាជ្ញាធរដែនដី ។ លោកចង់ឲ្យសារព័ត៌មានទាំងអស់ពង្រឹងវិស័យសារព័ត៌មានរបស់ខ្លួនដោយផ្សាយព័ត៌មានពិត ខ្លី ខ្លឹម និងជឿទុកចិត្តបាន ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងដែរថា សារព័ត៌មានគឺជាអ្នកឆ្លុះបញ្ចាំងរដ្ឋ សង្គម រីកចម្រើន និងភាពអសកម្មគ្រប់យ៉ាងរបស់មន្ត្រីរាជការ ហើយក៏ជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ និងនាំទុក្ខកង្វល់របស់ប្រជាពលរដ្ឋជូនរាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ អ្នកសារព័ត៌មានទាំងអស់ដែលបានយកចិត្តទុកដាក់ផ្សព្វផ្សាយពីភាពរីកចម្រើនរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងដែលបានខិតខំបំពេញការងារកន្លងមក ។

ជាក់ស្ដែងដូចជាការ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ផ្សាយនូវការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលស្ដីពីការដកហូតដីព្រៃលិចទឹកមកវិញ ការអនុវត្តរបស់អាជ្ញាធរខេត្តក្នុងការបង្ក្រាបបទល្មើសនេសាទ ហើយពិសេសថ្មីៗនេះ ជួយផ្សព្វផ្សាយពីការរៀបចំរបស់អាជ្ញាធរខេត្ត ក្នុងការធ្វើសង្ក្រានឆ្នាំថ្មីផងដែរ ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់អ្នកសារព័ត៌មានទាំងអស់សូមបន្តកិច្ចសហការជួយផ្សព្វផ្សាយនូវព័ត៌មានដែលអាជ្ញាធរខេត្តបានកសាងនិងអភិវឌ្ឍជាបន្តទៀត។

នៅឱកាសនោះដែរ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងក៏បានថ្លែងនូវការកោតសរសើរដល់សារព័ត៌មានក្នុងខេត្តដែលបានសហការគ្នា ផ្សព្វផ្សាយពីភាពរីកចម្រើនខេត្តកន្លងមក ហើយលោកជំទាវ សំណូមពរ ជួយសាមគ្គីគ្នាផ្សព្វផ្សាយ ពីការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះផងដែរ ។

ក្នុងកម្មវិធីនេះដែរ អ្នកសារព័ត៌មាន បានសហការគ្នាជួយឧបត្ថម្ភដល់គ្រួសារអ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតដោយសារជម្ងឺផ្សេងៗចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកា ១៥ ម៉ឺនរៀល ។

គួរបញ្ជាក់ដែរថា នៅក្នុងកម្មវិធីជួបជុំអ្នកសារព័ត៌មាននេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត បាននាំយកនូវថវិការបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចំនួន ១០៩៨ ដុល្លារ ជូនដល់កម្មវិធី លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឧបត្ថម្ភចំនួន ១លានរៀល លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងក៏បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀល ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner