រដ្ឋ​សភា​នឹង​ប្រជុំ​អនុម័ត​សេចក្តីព្រាង​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ និង​សេចក្តី​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ នៅ​ថ្ងៃទី​១១ ខែឧសភា​

​ភ្នំពេញៈ រដ្ឋសភា​នឹង​ប្រជុំ​អនុម័ត​សេចក្តីព្រាង​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ និង​សេចក្តី​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ ខាងមុខនេះ ។ ការកំណត់​ថ្ងៃ​ប្រជុំ​រដ្ឋសភា​នេះ បានធ្វើឡើង​បន្ទាប់ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៣ ខែឧសភា ឆ្នាំ​២០២២ នៅ​វិមាន​រដ្ឋសភា ដើម្បី​ពិនិត្យ​សំណើសុំ​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៧ នីតិកាល​ទី​៦ នូវ​៖ សេចក្តីព្រាងច្បាប់ស្តីពី​វិសោធនកម្ម​មាត្រា​១៤០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥០៨/០១៧ ចុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០០៨ និង​សេចក្តីព្រាងច្បាប់ ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ និង​ការពិនិត្យ និង​សម្រេច របៀបវារៈ និង​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​លើ​ក​ទី​៧ នីតិកាល​ទី​៦​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា(រូបថតរដ្ឋសភា)

​បន្ទាប់ពី​ប្រជុំពិភាក្សា​យ៉ាង​ផុសផុលកិច្ចប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​បានអនុម័ត​កំណត់កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧​នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា​ ខាងមុខនេះ ដោយមាន​របៀបវារៈ​ចំនួន​ពីរ​គឺ ការពិភាក្សា​អនុម័តសេចក្តីព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ និង​ការពិភាក្សា​អនុម័ត​សេចក្តី​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​១៤០​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ​។​

​សេចក្តីព្រាងច្បាប់​ទាំងពីរ​ខាងលើ​ត្រូវបាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ពិនិត្យ​សិក្សា​ចប់សព្វគ្រប់ តាម​នីតិវិធី​បន្ទាប់ពី​គណៈ​ក​ម្មា​ធិ ការ​អចិន្ត្រៃយ៍​រដ្ឋសភា អនុម័ត​ឲ្យ​ពិនិត្យ​សិក្សា​កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២២ កន្លងមកនេះ​៕ដោយៈ ពល ជ័យ​

ads banner