ទីបំផុតកូរ៉េខាងត្បូង ដកកាតព្វកិច្ចពាក់ម៉ាស់នៅពេលចេញក្រៅផ្ទះ

សេអ៊ូល៖ កូរ៉េខាងត្បូងបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាស់នៅពេលចេញក្រៅផ្ទះពេញលេញហើយ ខណៈពេលដែលករណីឆ្លងជំងឺកូវីដ១៩ថ្មីៗបានធ្លាក់ចុះ។

ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះតទៅ ការពាក់ម៉ាស់មិនត្រូវបានតម្រូវឱ្យអនុវត្តនៅពេលចេញក្រៅផ្ទះទៀតទេ លើកលែងតែក្នុងស្ថានភាពដូចជាការជួបជុំមានមនុស្សចាប់ពី 50នាក់ ឬច្រើនជាងនេះ។

នៅឧទ្យានមួយកន្លែងក្នុងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃចន្ទ មនុស្សដែលមិនពាក់ម៉ាស់ត្រូវបានគេឃើញជជែកជាមួយមិត្តភ័ក្តិរបស់ពួកគេ និងដើរលេងក្នុងអាកាសធាតុដែលមានសីតុណ្ហភាពពេលថ្ងៃកើនឡើងដល់ជិត 20អង្សាសេ។

រីឯសិស្សវិទ្យាល័យម្នាក់ដែលមិនបានពាក់ម៉ាស់បាននិយាយដែរថា នាងព្រួយបារម្ភបន្តិចបន្តួច ប៉ុន្តែវាពិតជាមានអារម្មណ៍ល្អណាស់ក្នុងការស្រូបខ្យល់អាកាសបរិសុទ្ធជាលើកដំបូងក្នុងរយៈពេលមួយសន្ទុះ។

ដោយឡែកក៏មានមនុស្សជាច្រើននាក់ផ្សេងទៀតនៅតែពាក់ម៉ាស់នៅពេលចេញក្រៅផ្ទះផងដែរ។ អ្នកខ្លះនិយាយថា ពួកគេនៅតែខ្លាចវីរុសកូរ៉ូណា ឬថា ការពាក់ម៉ាស់បានក្លាយជាផ្នែកមួយនៃទម្លាប់របស់ពួកគេទៅហើយ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានរាយការណ៍អំពីករណីឆ្លងថ្មីៗជាង 20,000ករណីកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ខណៈពេលដែលចំនួនករណីឆ្លងសរុបប្រចាំថ្ងៃ គឺក្រោម 30,000ករណីជាលើកដំបូងចាប់តាំងពីដើមខែកុម្ភៈ។ ចំនួននេះបាននឹងកំពុងធ្លាក់ចុះពីកម្រិតខ្ពស់បំផុតនៅពាក់កណ្តាលខែមីនា នៅពេលដែលវាបានកើនឡើងដល់ 600,000ករណី៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner