គ្រូបង្វឹក និងក្រុមអត្តពលិកកម្ពុជា៤៧៥នាក់ចូលរៀនវិន័យ និងក្រមសីលធម៌មុនចេញការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម

ភ្នំពេញ៖លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌ដល់ក្រុមជម្រើសជាតិទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបាននិយាយថា វគ្គវិន័យ និងក្រមសីលធម៌ដល់ក្រុមជម្រើសជាតិទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៣ដល់៤ ខែឧសភា ឆ្នាំ២០២២ដើម្បីបំប៉ន់បន្ថែមដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៣៣ប្រភេទកីឡាដែលកម្ពុជាបញ្ជូនចូលរួមការប្រកួតជាផ្លូវការ។ ចំណោមកីឡាទំាង៣៣ប្រភេទ យើងបែងចែកចេញ៣ប្រភេទកីឡាគឺប្រភេទកីឡាសក្តានុភាពចំនួន១១រួមមាន តេក្វាន់ដូ WT ប៉េតង់ ជីជិតស៊ូ ប្រដាល់គុនខ្មែរ ប្រដាល់សកល វាយកូនបាល់ វូវ៉ូណាម ចំបាប់ សូហ្វតិន្នីស ការ៉ាតេ និងឃិតបុកស៊ីង។ ប្រភេទយុទ្ធសាស្រ្តមាន៤គឺគុនដាវ បាល់បោះនារី ៣x៣ កីឡារាំ និងហែលទឹក។

លោកប្រធានបន្តថា ប្រភេទកីឡាប្រជាប្រិយមាន១៨ដូចជា អត្តពលកម្ម បាល់ទាត់ U20 បាល់ទះក្តារ បាល់ទះឆ្នេរខ្សាច់ បាល់បោះបុរស កាយសម្ព័ន្ធ ទ្រីយ៉ាត្លុង វាយសី វាយកូនឃ្លីលើតុ ប្រណំាងទោចក្រយាន សីដក់ វាយកូនគោល យូដូ ទូកប្រពៃណី/កានូ កាយវប្បកម្ម លើកទម្ងន់ អ៊ីស្ពត អុកចិន និងប៊ីយ៉ា។ ក្នុងនោះមានកីឡាករខ្មែរនៅក្រៅប្រទេសចំនួន២៧នាក់ ហើយសម្រាប់ប្រតិភូកីឡាកម្ពុជាត្រូវបញ្ជូលចូលរួម SEA GAMES មានចំនួន ៥៥០នាក់រួមមានកីឡាករ ២៣៥ នាក់ កីឡាការិនី ១២៤ នាក់ គ្រូបង្វឹក ៩៣ នាក់លើក១៩៥វិញ្ញាសា អ្នកដឹកក្រុមចំនួន ២៤ នាក់ CAMSOC ចំនួន ៣៣ នាក់ ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាល ៥៣នាក់។

លោក ម៉ិល កាដូ បានប្រសាសន៍ថា សូមឲ្យគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១នៅប្រទេសវៀតណាមត្រូវកាន់ភ្ជាប់នូវវិន័យ និងក្រមសីលធម៌ជាអត្តពលិកកម្ពុជាឲ្យបានភ្ជាប់ភ្ជួនទំាងការប្រកួត និងការធ្វើដំណើរ ហើយត្រូវទទួលស្គាល់ការប្រកួតទោះបីចាញ់ ឬឈ្នះក៏ដោយ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner