វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស

អត្ថបទដោយ៖
AMS OneMinute

មុខងារសំខាន់ៗរបស់វិស័យសារព័ត៌មានរួមមាន៖
ទី១. ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ
ទី២. ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើទៅក្រោម និងពីក្រោមឡើងលើ
ទី៣. ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល
ទី៤. ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និង
ទី៥. ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព ដែលជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺជាថ្នាំបំពុលសង្គមទៅវិញ

វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិតស្មារតី និងទស្សនៈក្នុងការវិភាគពិចារណាប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស និងជាកញ្ចក់ឆ្លុះបញ្ចាំងថតភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាលត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព

រាជរដ្ឋាភិបាលបានទទួលស្គាល់ និងផ្តល់តម្លៃសារៈសំខាន់ដល់គ្រប់តួអង្គក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី បែបឌីជីថល និងសារព័ត៌មានប្រជាជនតាមបណ្តាញសង្គមបច្ចេកវិទ្យា តាមរយៈការផ្តល់ការគាំទ្រលើកទឹកចិត្ត និងបង្កលក្ខណៈគ្រប់បែបយ៉ាង

រាជរដ្ឋាភិបាលបានបញ្ចូលអ្នកសារព័ត៌មានទាំងអស់នៅក្នុងក្រុមអាទិភាពកម្លាំងជួរមុខ ដែលត្រូវបានការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ មុនគេ ដើម្បីផ្តល់លទ្ធភាពឱ្យបងប្អូនអាចបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព

តម្លៃពិតប្រាកដនៃអំណាច គឺមិនមែនជាការដែលធ្វើឱ្យគេខ្លាចនោះទេ ផ្ទុយទៅវិញ គឺត្រូវធ្វើឱ្យគេគោរព

អ្នកសារព័ត៌មានអាចចូលរួមលើកតម្កើងសេចក្តីថ្លៃថ្នូរ និងតម្លៃនៃអាជីពវិជ្ជាជីវៈសារព័ត៌មាន តាមរយៈការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយមនសិការ និងការទទួលខុសត្រូវ ព្រមទាំងការខិតខំស្វែងរក និងផ្សព្វផ្សាយព័ត៌មានដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសង្គម

កម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលផ្តល់ការការពារ និងលំហរសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដោយផ្អែកលើមូលដ្ឋានច្បាប់ សំដៅធានាបាននូវការអនុវត្តសិទ្ធិសេរីភាពដោយស្មើគ្នាចំពោះមុខច្បាប់ និងភាពសុដុមរមនាក្នុងសង្គមដោយមិនបំពានគ្នា និងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក

✍🏽-ហ៊ុន ម៉ាណែត

https://www.facebook.com/482663735152092/posts/5081939885224431/?d=n

ads banner