មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ផ្អែកលើទិដ្ឋភាពច្បាប់ចំនួនពីរចំណុច ឆ្លើយតបទៅនឹងសំណើរបស់តំណាងគណបក្សភ្លើងទៀន
ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព និងឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារ ជាមួយលោកស៊ុន ឆ័យ តំណាងគណបក្សភ្លើងទៀន នៅទីស្តីការក្រសួងយុត្តិធម៌។

ទាក់ទងជំនួបនារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌បានឲ្យដឹងថា លទ្ធផលនៃជំនួបទទួលបានដូចខាងក្រោម៖
តំណាងគណបក្សភ្លើងទៀនបានស្នើសុំចំនួនពីរចំណុច៖
១. ស្នើសុំឱ្យមានការទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះសកម្មជនគណបក្សភ្លើងទៀនដែល កំពុងស្ថិតក្នុងដំណើរនីតិវិធីតុលាការ។
២.ស្នើសុំឱ្យមានការពន្យានីតិវិធីតុលាការលើសកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់
តុលាការ ដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ។

ប្រភពដដែលបន្តថា ជាការឆ្លើយតបតំណាងក្រសួងក្រសួងយុត្តិធម៌បានបញ្ជាក់ជូនដោយផ្អែកលើទិដ្ឋភាពច្បាប់ចំនួន២ចំណុចដូចខាងក្រោម៖
ទី១-ពាក់ព័ន្ធនឹងការស្នើសុំឱ្យមានការទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះ សកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការ៖
តំណាងក្រសួងយុត្តិធម៌បានបញ្ជាក់ថា តាមគោលការណ៍ច្បាប់ ការទម្លាក់ចោលបទចោទ ឬការដោះលែងឱ្យនៅក្រៅឃុំ ជាសមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នឯករាជ្យដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ហើយក្រសួងយុត្តិធម៌ដែលជា ស្ថាប័ននីតិប្រតិបត្តិពុំមានសមត្ថកិច្ច និងសិទ្ធិអំណាចក្នុងការជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេ។
តំណាងក្រសួងយុត្តិធម៌បានបញ្ជាក់បន្ថែមថា មានតែការចូលរួមនៅក្នុងដំណើរការនីតិវិធីរបស់តុលាការទេ ដែលជាមធ្យោបាយខាងផ្លូវច្បាប់តែមួយគត់ក្នុងការការពារខ្លួន ដោយគួរពឹងពាក់មេធាវីក្នុងការជួយការពារក្តីនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។
ទី២-ពាក់ព័ន្ធការស្នើសុំឱ្យមានការពន្យារនីតិវិធីតុលាការលើសកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងចំណាត់
ការរបស់តុលាការ ដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ- សង្កាត់ខាងមុខនេះ ក្រសួងយុត្តិធម៌ពុំមានសមត្ថកិច្ចក្នុងការបង្គាប់បញ្ជាទៅតុលាការនោះទេ។ កន្លងមកក្រសួងយុត្តិធម៌ពុំដែលណែនាំឱ្យមានការពន្យារនីតិវិធីតុលាការនោះទេ គឺមានតែផ្តល់គោលការណ៍ណែនាំឱ្យពន្លឿនដំណើរការនីតិវិធីសំណុំរឿងដោយផ្អែកទៅលើផ្លូវច្បាប់។ដូចជាក្នុងយុទ្ធនាការនៃការដោះស្រាយការកកស្ទះសំណុំរឿងជាដើមដើម្បីដោះស្រាយការកកស្ទះ សំណុំរឿង និងភាពចង្អៀតណែននៅតាមពន្ធនាគារ។
ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់ទៀតថា តំណាងក្រសួងយុត្តិធម៌បានទទួលយកសំណើរបស់តំណាងគណបក្ស ភ្លើងទៀន ដើម្បីពិនិត្យ និងពិចារណាទៅតាមសមត្ថកិច្ចរបស់ក្រសួងដែលច្បាប់អនុញ្ញាត និងបានស្នើទៅតំណាងគណបក្សភ្លើងទៀនឱ្យជួយធ្វើការណែនាំទៅសកម្មជនរបស់ខ្លួនក្នុងការគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រសិនបើមិនចង់ឱ្យមានការអនុវត្តច្បាប់៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុក ឯកឧត្តម ជិន ម៉ាលីន