ឯកឧត្តម សំហេង បុរស៖ ការប្រកួតកីឡាសិស្សបឋម មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបណ្តុះបណ្តាល និងស្វែងរកធនធានកុមារ ក្រោយវិបត្តិជំងឺកូវីដ-១៩

ការប្រកួតកីឡាអត្តពលកម្មសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ត្រូវបានបើកឲ្យដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នោទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ។ ថ្លែងក្នុងឱកាសបើកការប្រកួតនេះ ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តគូសបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្ម នៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបណ្តុះបណ្តាល និងស្វែងរកធនធានកុមារ ក្រោយពីផ្អាក២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។ «ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលរៀបចំការប្រកួតនេះ ហើយខ្ញុំពិតជាសប្បាយរីករាយ ដែលខ្ញុំបានឃើញកុមារមកពី២៥រាជធានីខេត្តបានចូលរួមប្រកួតកីឡាអត្តពលកម្ម ដោយយើងបានបណ្តុះពួកគាត់ឲ្យចេះស្រឡាញ់តាំងពីវ័យតូចៗនេះទៅ»។

ឯកឧត្តម ប្រធានសហព័ន្ធ បន្ថែមថា ទាក់ទងនឹងការទទួលការស្នាក់នៅ-ហូបចុក ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ព្រឹត្តិការណ៍សិស្សថ្នាក់ជាតិឆ្នាំនេះ គឺជាបញ្ហាសំខាន់ ក្នុងការផ្តល់អាហារូបត្ថម្ភសម្រាប់កុមារ ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី។ យើងដឹងថា ការហ្វឹកហាត់ ការប្រកួត គឺត្រូវការកាយសម្បទារឹងមាំ តាមរយៈអាហាររូបត្ថម្ភបន្ថែមនេះផងដែរ។

កញ្ញា ហេង ម៉ីជូ អគ្គលេខាធិការស្តីទី សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមសហការរៀបចំលើផ្នែកបច្ចេកទេស ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ក្នុងគោលបំណង ដើម្បីជំរុញឲ្យសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល សាធារណជន គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកមានជំនឿទុកចិត្ត គាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យវិស័យកីឡា ជាពិសេស កីឡាអត្តពលកម្ម កាន់តែមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមួយកម្រិតថែមទៀត។

អគ្គលេខាធិការស្តីទីបន្ថែមថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២នេះ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ក្រោមពាក្យស្លោក “កីឡាដើម្បីសន្តិភាព និងភាព សប្បាយរុងរឿង ដោយមាន៨ប្រភេទកីឡា ក្នុងនោះមានកីឡាអត្តពលកម្ម ចាប់ពីថ្ងៃទី៤-៧ ខែឧសភា ឆ្នាំ២០២២ ដោយមានកីឡាករ កីឡាការិនីសរុប ២០០នាក់។ ការប្រកួតកីឡាអត្តពលកម្មសិស្សបឋមសិក្សាថ្នាក់ជាតិ គឺមាន៩វិញ្ញាសា រួមមាន៖វិញ្ញាសារត់ ៦០ម៉ែត្រកុមារា, រត់ ៦០ម៉ែត្រកុមារី, រត់ ៨០០ម៉ែត្រកុមារា, រត់ ៨០០ម៉ែត្រកុមារី, លោតចម្ងាយកុមារា, លោតកម្ពស់កុមារា-កុមារី និងវិញ្ញាសាអត្តពលកម្មកុមារចម្រុះ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner