រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្ត
រតនគិរី ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
របៀបវារៈកិច្ចប្រជុំរួមមាន៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខេត្ត។ សេចក្តីថ្លែងហេតុរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ស្តីពីរបាយការណ៍ ប្រចាំខែមេសា និងរបាយការណ៍ប្រចាំត្រីមាសទី១ របស់រដ្ឋបាលខេត្ត។ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២២ និងទិសដៅការងារបន្តប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍ ប្រចាំត្រីមាសទី១ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តឆ្នាំ២០២២។ ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្ដីសម្រេច ស្ដីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបការងារជូនគណៈអភិបាលខេត្តរតនគិរី ៕ ដោយ គតិ យុត្ត






