គ.ជ.ប បង្ហាញសង្វាក់ផលិតកម្ម នៃការបោះពុម្ពសន្លឹកឆ្នោត ដល់គណបក្សនយោបាយ

ភ្នំពេញ៖ ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញទៅពិនិត្យមើលដំណើរ ការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅរោងពុម្ព ណាវីន ព្រីនធីង ឯ.ក ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា ថ្ងៃនេះ គ.ជ.ប បានអញ្ជើញ គ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ មកពិនិត្យ និងសង្កេត មើលដំណើរការបោះពុម្ពសន្លឹកឆ្នោតផ្ទាល់តែម្តង។

លោកបានបន្ដថា ដូចគ្នានឹងការបោះឆ្នោត កន្លងមក គឺ គ.ជ.ប តែងតែអញ្ជើញគ្រប់គណបក្សនយោបាយ អ្នកសង្កេតការណ៍ និង អ្នកសារព័ត៌មាន មកពិនិត្យ និងសង្កេតមើលដំណើរការ បោះពុម្ព សន្លឹកឆ្នោត ដល់ទីកន្លែងផ្ទាល់តែម្តង។ ដំណើរការបោះពុម្ពសន្លឹក ឆ្នោតនាពេលនេះ នៅសល់តែ៣ខេត្តទៀតទេ នឹងត្រូវបញ្ចប់ ហើយ ត្រូវវេចខ្ចប់រួចយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព សម្រាប់ បញ្ជូនទៅឲ្យគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីចាត់ចែងបញ្ជូនបន្តទៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) និងបន្តទៅគណៈកម្មការ ការិយាល័យបោះឆ្នោត (គ.ក.ប) មិនឲ្យហួសពី៣៦ម៉ោង មុនថ្ងៃបោះឆ្នោត (ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២)។

បន្ទាប់ពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ បានពិនិត្យសង្វាក់ ផលិតកម្ម នៃការបោះពុម្ពសន្លឹកឆ្នោតរួចមក ឯកឧត្តមហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បាន បញ្ជាក់ថា សន្លឹកឆ្នោតត្រូវបានបោះពុម្ព ចំនួន១,៦៥២ប្រភេទ ស្មើនឹងចំនួន១,៦៥២ ឃុំ សង្កាត់ ពីព្រោះថា ឃុំ សង្កាត់នីមួយៗ មានចំនួនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតមិនដូចគ្នាទេ។
គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មាន១៧គណបក្ស។ ក្នុងចំណោម១៧ គណបក្សនយោបាយនេះ គណបក្សខ្លះ ចុះបញ្ជី បេក្ខជនជាង ១,៦០០ឃុំ សង្កាត់ គណបក្សខ្លះចុះបញ្ជីបេក្ខជន មិនដល់ ១,០០០ឃុំ សង្កាត់ទេ។ ដូច្នេះហើយសន្លឹកឆ្នោត មាន ប្រភេទខុសៗគ្នា អាស្រ័យតាមចំនួនគណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងតាមលទ្ធផល នៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយ ដាក់លើសន្លឹកឆ្នោត។

លោក ហង្ស ពុទ្ធា បានបន្ដទៀតថា អ្នកមានឈ្មោះក្នុងបញ្ជី បោះឆ្នោត ផ្លូវការមានចំនួន ៩,២០៥,៦៨១នាក់ ចំនួនការិយា ល័យបោះឆ្នោត មាន២៣,៦០២ការិយាល័យ ហើយសន្លឹកឆ្នោត ត្រូវបោះពុម្ពមានប្រមាណ ១១លានសន្លឹក រួមនឹងសន្លឹក ឆ្នោត បម្រុងប្រមាណ ១លានសន្លឹក។ សន្លឹកឆ្នោតត្រូវបានបោះពុម្ព ចងក្រងជាក្បាល ដោយក្នុង ១ក្បាល មានចំនួន ៥០សន្លឹក។

ឯកឧត្តម ហង្ស ពុទ្ធា បានបន្ថែមថា សន្លឹកឆ្នោតដែលបោះពុម្ពនេះ មានលក្ខណៈពិសេស និងមានភាពសម្ងាត់ ដែលគ្មានជនណា ម្នាក់អាចយកទៅបោះពុម្ពក្លែងបន្លំបានឡើយហើយក្រុមហ៊ុនដែលដេញថ្លៃ បានតាមនីតិវិធីហិរញ្ញវត្ថុ ត្រូវធានាសុវត្ថិភាពចំពោះ គ.ជ.ប ក្នុងការបោះពុម្ពសន្លឹកឆ្នោត។

ក្នុងពិធីនេះ តំណាងគណបក្សនយោបាយចំនួនប្រាំបីគណបក្ស បានចូលរួមពិនិត្យ និងសង្កេតមើលសង្វាក់នៃការបោះពុម្ព សន្លឹក ឆ្នោតនៅរោងពុម្ព រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្ស ហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែរស្រឡាញ់ជាតិ, គណបក្សសញ្ជាតិ កម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្ស កម្ពុជានិយម, គណបក្សរស្មីខេមរា និងតំណាងអង្គការ សមាគម ចំនួន៩ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនអង្គភាព សរុបប្រមាណ៤០នាក់៕ដោយ៖រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner