សម្តេចតេជោ​​៖ ត្រកូលហ៊ុនគ្រប់ជំនាន់ស្មោះត្រង់ និងការពារចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្គ និងរបបរាជានិយម 

ភ្នំពេញ​៖ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា​ ត្រកូលហ៊ុនគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយរបស់សម្តេច​ គឺមាន​ការ​ស្មោះត្រង់​ និងការពារចំពោះព្រះមហាក្សត្រចំពោះរាជបល្ល័ង្គ​ និងរបបរាជានិយម។​

សម្តចតេជោ​ ហ៊ុន​ សែន​ បានសរសេរលេីបណ្តាញសង្គមហ្វេសប៊ុកនៅមុននេះបន្តិចថា​ “បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនានិងព្រះមហាក្សត្រជានិច្ច។​ មុននេះបន្តិចព្រះមហាក្សត្រជាទីគោរពសក្ដារះរបស់យើងបានប្រោសប្រទាននូវគោរមងារសម្រាប់បងគឺជាសម្តេចឧត្តមទេពញាណហ៊ុន ណេង។ តើបងនៅចាំទេគឺក្បែរកន្លែងតំកល់សពបងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើបាតុកម្ម​ប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែងថ្វាយសម្តេចឪយើងវិញកាលពីថ្ងៃ២៣មិនា១៩៧០ដែលពេលនោះ​ បងអាយុ២០ឆ្នាំ​ ឯខ្ញុំអាយុ១៨ឆ្នាំ។”

សម្តេចតេជោ​ ហ៊ន​ សែន​ បានបញ្ជាក់ថា​ “ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួនយើងតែងមាន​ការ​ស្មោះត្រង់ចំពោះព្រះមហាក្សត្រចំពោះរាជបល្ល័ង្គនិងរបបរាជានិយម។​ ប្អូនជឿជាក់ថា កូនចៅយើងទាំងអស់នឹងដើរតាមផ្លូវ​ ដែលយើងបានដើរកន្លងមកដោយធានាដល់កិច្ចការពាររបបរាជានិយមការពារព្រះមហាក្សត្រនិងព្រះរាជបល្ល័ង្កដោយការ​ស្មោះ​ត្រង់”៕​ 

ដោយ៖ពលជ័យ

រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

ads banner