អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាឱ្យសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ ពិសេសសមត្ថកិច្ចថៃ បន្តទប់ស្កាត់លំហូរចូលទំនិញគេចពន្ធ បទល្មើសតាមបន្ទាត់ព្រំដែន

បន្ទាយមានជ័យ ៖ សមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនត្រូវចូលរួមសហការជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ពិសេសសមត្ថកិច្ចថៃ បន្តទប់ស្កាត់លំហូរចូលទំនិញគេចពន្ធ បទល្មើសតាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាន ពិសេសបទល្មើសលួចឆ្លងដែនដោយខុសច្បាប់ និងបញ្ហាចរាចរណ៍គ្រឿងញៀនជាដើម ។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្ដម អ៊ុ រាត្រី បានថ្លែងដូច្នេះក្នុងពិធីប្រកាសកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនម៉ាឡៃថ្មីនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅមុខទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនម៉ាឡៃ ក្នុងភូមិក្បាលស្ពាន ឃុំ/ស្រុកម៉ាឡៃ ។

ឯកឧត្ដម អ៊ុ រាត្រី បានណែនាំដល់ប្រធានទីស្នាក់ការថ្មីត្រូវបន្តកិច្ចសហការ ពង្រឹងទំនាក់ទំនងជាមួយភាគីថៃក្នុងការជួយសម្រួលដល់ការចរាចរណ៍ទំនិញចេញចូលផ្សេងៗ។ ត្បិតច្រកនេះមិនទាន់អនុញ្ញាតពលរដ្ឋចេញ-ចូល តែក្នុងនាមអាជ្ញាធរខេត្ត និងបន្តបង្កើនកិច្ចសហការជាមួយអាជ្ញាធរខេត្តស្រះកែវ ដើម្បីជួយសម្រួលដល់ពលរដ្ឋចេញ-ចូលបាន។

សូមបញ្ជាក់ថា ក្នុងប្រកាសផ្លាស់ប្ដូរភារកិច្ច លោក ជា សេងអាន ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនម៉ាឡៃ ត្រូវបានផ្លាស់មកអង្គភាពដើមវិញ ដោយជំនួសដោយលោក សរ សំណាង ។

គួរកត់សំគាល់ថា ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ជាច្រកទ្វារព្រំដែនមួយឋិតក្នុងចំណោមច្រកទ្វារព្រំដែនទាំងបីនៃខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ឈមនឹងច្រកណងព្រឹ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ មានរថយន្តដឹកទំនិញធុនធំ និងធុនតូចឆ្លងកាត់សរុបចំនួន ៣ ៤១២គ្រឿង ពលរដ្ឋឆ្លងកាត់ច្រកទ្វារ និងអ្នកបើកបរ សរុបចំនួន ៣ ៨៨៣នាក់ ដែលប្រមូលចំណូលពន្ធគយ និងរដ្ឋាករ សរុបចំនួនជាង ២ ៤០៨លានរៀល ៕ ដោយ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner