មើលកម្រងរូបភាពសត្វព្រៃនៅស្រែពកដែលជាដែនជម្រកសត្វព្រៃ ប្រភេទព្រៃល្បោះចុងក្រោយគេបង្អស់នៅលើ ពិភពលោក

មណ្ឌលគិរី៖ ក្រសួងបរិស្ថាននាដើមសប្តាហ៍នេះបានបង្ហាញពីកម្រងរូបភាពនៃសត្វព្រៃដែលកំពុងរស់នៅដែនជម្រកសត្វព្រៃស្រែពកស្ថិតនៅខេត្ត មណ្ឌលគិរី។ រូបភាពនេះត្រូវបានក្រុមអ្នកប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា បានចុះផ្តិតយករូបភាពកាលពីថ្ងៃ ២៣ ដល់ ២៥ មេសា ឆ្នាំ ២០២២ កន្លងមក ។ គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃស្រែពក ប្រភេទព្រៃល្បោះចុងក្រោយគេបង្អស់ក្នុងតំបន់ និងពិភពលោក។

ដែនជម្រកសត្វព្រៃស្រែពកត្រូវបានបង្កើតឡើងតាមរយៈអនុក្រិត្យលេខៈ៨៥ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលមានផ្ទៃដីទំហំ ៣៧២.៩៧១ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងអនុក្រឹត្យលេខៈ ២៩ អនក្រ.បក ចុះថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពី ការកំណត់និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក ជា៤តំបន់ រួមមានៈ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចិរភាព និងតំបន់សហគមន៍។

ក្រសួងបរិស្ថានបានឱ្យដឹងថា ដែនជម្រកសត្វព្រៃស្រែពក គ្រប់ដណ្តប់ដោយប្រភេទព្រៃល្បោះដ៏ធំល្វឹងល្វើយ ធំជាងគេ និងចុងក្រោយគេបង្អស់ក្នុងតំបន់ និងពិភពលោក ហើយដែលមានតម្លៃបំផុត សម្រាប់ការងារខាងផ្នែកអភិរក្ស និងការធានា នូវប្រព័ន្ធអេកូឡូស៊ី។

ព្រៃរបោះគឺជាព្រៃដែលមានដើមឈើតូចៗ ឬធំល្មម ហើយដុះរង្វើល ឃ្លាតៗពីគ្នា ព្រៃប្រភេទនេះ ផ្តល់ផល ប្រយោជន៍យ៉ាងច្រើន ដល់ពពួកសត្វក្រចកជើងចំពាម ឬ សត្វប្រភេទដទៃទៀត អាស្រ័យរស់នៅ។ ដែនជម្រកសត្វព្រៃស្រែពកជាជម្រកសម្រាប់ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះជាសកលដូចជា ដំរីអាស៊ី ខ្លារខិន ខ្លាពពក ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចង្កំកស ក្រពើភ្នំ និងប្រភេទមច្ឆាជាតិរាប់សិបប្រភេទផ្សេងទៀតជាដើម ដែលជាធនធានដ៏កម្រ និងមានតម្លៃសម្រាប់មនុស្សជាតិក្នុងប្រទេសកមម្ពុជា ក្នុងតំបន់ និងក្នុងសកលលោកទាំងមូល។

បន្ថែមលើនេះទៀតវាក៏ជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ដែលចង់ដើរលេងកំសាន្តបែបទេសចរណ៍ធម្មជាតិនិងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។ គេបានដឹងថាព្រៃរបោះគឺព្រៃដែលមានដើមឈើមិនធំទេ ហើយវាមានស្មៅ។ ព្រៃរបោះបើទោះបីយើងមើលឃើញដើមឈើតូចៗនិងធំល្មមៗដុះឃ្លាតពីគ្នានេះតាមពិតមានអាយុកាលរាប់សិបឆ្នាំមកហើយនិងបើគិតពីអាយុគឺវាបងមនុស្សយើង៣ទៅ៤តំណមកហើយ។ដើមឈើទាំងនេះមានប្រព័ន្ធអេកូឡូស៊ីដែលបង្កឱ្យសត្វងាយរស់នៅ។

គួររំលឹកថាលោក សេងទៀក ប្រធានអង្គការ WWFធ្លាប់បានឱ្យដឹងនាកន្លងមកថាព្រៃរបោះនៅកម្ពុជាមានច្រើនជាងគេ។សត្វមួយចំនួនវាចូលចិត្តរស់នៅក្នុងព្រៃរបោះនិងមួយចំនួនទៀតចូលចិត្តរស់នៅក្នុងព្រៃ្រស្រោង និងមួយចំនួនទៀតរស់នៅពាក់កណ្តាលស្រោង”។

លោកបានបញ្ជាក់បន្ថែមថាសត្វព្រៃដែលអាចរស់នៅក្នុងព្រៃរបោះបានត្រូវមានលក្ខខណ្ឌ៣យ៉ាងសំខាន់ៗគឺទី១ ម្ហូបដូចជាស្មៅសម្រាប់សត្វជើងចំពាម ទី២គឺបញ្ហាទឹកក្នុងនេះមានទឹកទន្លេ ត្រពាំង អូរនិងទី៣គឺទីជម្រក ស្ងប់ស្ងៀមដែលមានអន្ទាក់ គ្មានកាប់បំផ្លាញព្រៃឈើ។

លោក សេងទៀក ប្រធានអង្គការ WWFបានឱ្យដឹងដែរថា សម្រាប់អ្នកមិនបានស្គាល់ពីតម្លៃព្រៃរបោះគឺតែងចាត់ទុកថាអត់បានការអ្វីទេ ប៉ុន្តែតាមពិតព្រៃរបោះមានដើរតួនាទីយ៉ាងសំខាន់ណាស់សម្រាប់សត្វព្រៃ ហើយកាលណាមានសត្វព្រៃយើងក៏អាចបង្កើតវិស័យទេសចរណ៍ទៀតផង៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner