អ្នកវិភាគ៖ កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក គឺជាវេទិកាដ៏មានសារៈសំខាន់ដែលអាស៊ានចាំបាច់បង្ហាញនូវជំហររបស់ខ្លួនចំពោះការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ នៃប្រទេសមហាអំណាច

ភ្នំពេញ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបាន បញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ពិតជាមានសារៈសំខាន់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការលើកកម្ពស់ភាពជាដៃគូរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាន។ កិច្ចប្រជុំនេះ គឺជាវេទិកាដ៏មានសារៈសំខាន់មួយដែលអាស៊ានចាំបាច់ត្រូវយកឱកាសនេះ បង្ហាញនូវជំហររបស់ខ្លួនឱ្យបានច្បាស់លាស់ចំពោះការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ នៃមហាយក្សទាំងអស់។

ឯកឧត្តម គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបានប្រាប់ AMS នៅព្រឹកថ្ងៃទី១០ ខែឧសភានេះថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ពិតជាមានសារៈសំខាន់ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការលើកកម្ពស់ភាពជាដៃគូរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាន ពីព្រោះកន្លងមកសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក ដូណាល់ត្រាំ ហាក់ដូចជាមានការព្រងើយកន្តើយចំពោះអាស៊ាន ហាក់ដូចជារុញអាស៊ានឱ្យធ្លាក់អំពីទ្រូងសហរដ្ឋអាម៉េរិក ហើយអាស៊ានហាក់ដូចជាស្ថិតក្រោមការត្រកងបីយ៉ាងថ្នាក់ថ្នមពីមហាយក្សចិន។ យើងឃើញថាជាទស្សនវិស័យរបស់រដ្ឋបាលរបស់លោក ចូ បៃដិន គឺហាក់បីដូចជាធ្វើឱ្យទំនាក់ទំនងសហរដ្ឋអាម៉េរិក និងអាស៊ានវិលមករកភាពផ្អែមល្ហែម និងមានលក្ខណៈរស់រវើក។

ឯកឧត្តម គិន ភា បានបន្តថា នៅក្នុងដំណាល់កាលនេះ ដែលជាដំណាក់កាលដ៏មានសារៈសំខាន់ដែលសហរដ្ឋអាម៉េរិកកំពុង តែអន្ទងចង់បានការគាំទ្រការចូលរួមពីសំណាក់អាស៊ាននៅក្នុងគំនិតផ្ទួចផ្តើមរបស់ខ្លួនជាច្រើនជុំវិញបញ្ហាវិបត្តិនៅអ៊ុយក្រែន គឺសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយ ក្រែន ដែលចង់ឱ្យមានការចូលរួមរបស់អាស៊ានក្នុងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី នេះគឺជាល្បែងឧបសគ្គនយោបាយដែលកំពុងតែក្តៅគគុក ហើយក្តៅសម្រាប់អាស៊ានផងដែរ ពីព្រោះក្រៅតែពីរឿងក្តៅវិបត្តិនៅអ៊ុយក្រែន គឺសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយ ក្រែន គឺក៏ក្តៅផងដែរ ជុំវិញទំនាក់ទំនងរវាងចិន និងសហរដ្ឋអាម៉េរិក ដែលអាស៊ានគឺមានការលំបាកនៅក្នុងការនៅកណ្តាល នៃមហាយក្សពិភពលោកទាំងពីរ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុបានបញ្ជាក់ថា ចំពោះកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាម៉េរិក ជាការចង់បាន របស់អាស៊ានក៏ប្រាថ្នាចង់បានឱ្យភាពជាដៃគូររបស់អាស៊ានជាមួយសហរដ្ឋអាម៉េរិក គឺមានការរីកចម្រើនដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដែលគោរពនៅគៅលការណ៍ និងមជ្ឈភាពរបស់អាស៊ាន។ អាស៊ានចង់រក្សានូវតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក ជាមួយមហាយក្សចិន ក៏ដូចជាសហព័ន្ធរុស្ស៊ី ព្រមទាំងជាមួយប្រទេសមហាអំណាច អង្គការតំបន់ និងអង្គការអន្តរជាតិផ្សេងៗទៀត នេះគឺ ជាអ្វីមួយដែលអាស៊ានកំពុងតែយកចិត្តទុកដាក់។ ភាគីអាស៊ានគោលការណ៍អាស៊ាន មជ្ឈភាពអាស៊ាន សាមគ្គីភាពអាស៊ាន គឺជាចំណុចគន្លឹះដែលធ្វើឱ្យអាស៊ានមានភាពរឹងមាំ ប្រឈមមុខទៅនឹងនិន្នាការនៃការប្រកួតប្រជែងអំណាច និងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរវាង មហាអំណាចពិភពលោក ដែលយើងស្ទើរតែមើលឃើញអំពីវត្តមានជាថ្មីនៃសង្គ្រាមត្រជាក់នៅក្នុងពិភពលោក។

ឯកឧត្តម គិន ភា បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូលពិសេសអាស៊ាននិងសហរដ្ឋអាម៉េរិក គឺជាវេទិកាដ៏មានសារៈសំខាន់មួយដែលអាស៊ានចាំបាច់ត្រូវយកឱកាសនេះ បង្ហាញនូវជំហាររបស់ខ្លួនឱ្យបានច្បាស់លាស់ចំពោះការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនៃមហាយក្សទាំងអស់នេះ (ទិដ្ឋភាពទី១)។ ទិដ្ឋភាពទី២.ពាក់ព័ន្ធជាមួយទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក គឺជាទំនាក់ទំនងដែលចាំបាច់ត្រូវស្តារត្រូវជួសជុលឡើងវិញ ពីព្រោះឃើញថា ប្រទេសទាំងពីរហាក់ដូចជានៅមានភាពមិនទាន់យល់គ្នាមួយចំនួន ដែលចាំបាច់ត្រូវធ្វើឲ្យមានភាពឡើងវិញ ហើយជាសុឆន្ទៈរបស់កម្ពុជា និងជាគោលបំណងរបស់កម្ពុជា គឺចង់មានទំនាក់ទំនងល្អស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក ដូចនឹងទំនាក់ទំនងរបស់ខ្លួនជាមួយចិន និងជាមួយប្រទេសផ្សេងទៀតផងដែរ។ ក៏ប៉ុន្តែធម្មតាទំនាក់ទំនងអន្តររដ្ឋចាំបាច់ត្រូវ តែមានចរន្តទ្វេទិស បានន័យថា ទាំងសហរដ្ឋអាម៉េរិក ទាំងកម្ពុជា ត្រូវតែបានសុឆន្ទៈដូចគ្នានៅការលើកកម្ពស់នៅកម្រិតទំនាក់ទំនងរបស់ខ្លួនទើបធ្វើឱ្យទំនាក់ទំនងរីកដុះដាល អាចរឹងមាំ អាចចាក់គ្រឹះជ្រៅទៅបាន។ និន្នាការថ្មីៗចុងក្រោយនេះឃើញថា ប្រទេសទាំងពីរហាក់ចូចជាមានចំណុចរបត់របស់ខ្លួននៅក្នុងទំនាក់ទំនងរបស់ខ្លួនហាក់ដូចជាមានបំណងក្នុងការធ្វើឱ្យមានភាពប្រសើរឡើងដែរ ហើយ ឃើញមានទិដ្ឋភាពនិងវិស័យ ច្រើននៃទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលអាចធ្វើការជាមួយគ្នាបាន ដោយទុកបញ្ហា ដែលមិនយល់គ្នាមួយចំនួនទុកមួយអន្លើសិន ហើយព្យាយាមធ្វើការទៅលើបញ្ហាទាំងឡាយណា ដែលអាចធ្វើការជាមួយគ្នាបាន។ ឧទារហរណ៍ដូចជា វិស័យ អប់រំ បរិស្ថាន ធនធានទឹក ធនធនាធម្មជាតិ និងបច្ចេកវិទ្យា ឧស្សាហកម្ម បដិវត្តន៍ឧស្សាហកម្មទី៤ ជាដើម គឺសុទ្ធសឹងជាបញ្ហា ដែលជាចំណណុចរួមរវាងប្រទេសទាំងពីរ ដែលអាចធ្វើការជាមួយគ្នាបាន។ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ គឺសុទ្ធតែជាចំណុច ដែលប្រទេសទាំងពីរ អាចធ្វើការជាមួយគ្នាបាន ដោយគោរពនូវផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យ និឯករាជ្យ ហើយជាពិសេសគឺការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ដោយអនុលោមទៅតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ហើយត្រូវតែធ្វើការជាមួយគ្នា ដោះស្រាយបញ្ហាទាំងអស់គ្នា ក្រោមគោលការណ៍ នៃពហុភាកីនិយម៕
ដោយ៖ពលជ័យ
រូបភាព៖ឯកសារ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner