រដ្ឋសភាកម្ពុជាថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបជាការបំភ្លៃ មានចរិតនយោបាយ និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការខកចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប “ស្ដីពីការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា” ដែលបានអនុម័តកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ និងបានប្រកាសច្រានចោលសេចក្តីសម្រេចនេះទាំងស្រុង និងបានហៅសេចក្តីសម្រេចនេះ ជាការបំភ្លៃ ការលំអៀង មានចរិតនយោបាយ ប្រកាន់ភាគីម្ខាងៗ និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ។ សេចក្តីសម្រេចនេះ និងសេចក្តីសម្រេចមុនៗដែលពាក់ព័ន្ធនឹងកម្ពុជា មានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់លើផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងស្រុង។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានហៅការរបស់សភាអឺរ៉ុប ដែលបានចេញកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ គឺជាការបំភ្លៃ ការលំអៀង មានចរិតនយោបាយ ប្រកាន់ភាគីម្ខាងៗ និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ។ សេចក្តីសម្រេចនេះ និងសេចក្តីសម្រេចមុនៗដែលពាក់ព័ន្ធនឹងកម្ពុជាមានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់លើផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងស្រុង។ សភាអឺរ៉ុបបែរជាផ្អែកទាំងស្រុងតែទៅលើប្រភពព័ត៌មានដែលគ្មានការបញ្ជាក់ច្បាស់លាស់ ផ្តល់ដោយអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកលនិយម សកម្មជននយោបាយជ្រុលនិយម និងអង្គការសិទ្ធិមនុស្សដែលប្រឆាំងនឹងរាជរដ្ឋាភិបាល ទោះបីអ្នកទាំងនោះភាគច្រើនមិនដែលបានមកដល់ប្រទេសកម្ពុជាផ្ទាល់ ឬដែលគ្មានការប្រាស័្រយទាក់ទងជាមួយរាជរដ្ឋាភិបាលកម្ពុជាសោះឡើយ។

រដ្ឋសភាកម្ពុជាបានហៅសេចក្ដីសម្រេចនេះបានកំណត់ដែននិយមន័យឱ្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងចង្អៀត ដែលថាប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យលុះត្រាតែមានការចូលរួមពីមេគណបក្សឆ្វេងនិយម និងពួកប្រជាកលនិយមមួយក្តាប់តូចតែប៉ុណ្ណោះ ឬលុះត្រាតែមានការអនុញ្ញាតឱ្យគណបក្សនយោបាយ ដែលត្រូវបានរំលាយដោយតុលាការត្រូវបានបើកដំណើរការឡើងវិញ។ សេចក្តីសម្រេចនេះមិនបានគោរពទាល់តែសោះចំពោះច្បាប់ជាតិ និងគោលការណ៍ប្រជាធិបតេយ្យរបស់កម្ពុជា ដែលមិនបានផ្តល់អភ័យឯកសិទ្ធិជាពិសេសណាមួយដល់ជនណា ឬគណបក្សនយោបាយណាដែលបានបំពារបំពានច្បាប់កម្ពុជាសោះឡើយ។ ជាមួយគ្នានេះ រដ្ឋសភាកម្ពុជាបានហៅការការរិះគន់របស់សភាអឺរ៉ុបចំពោះការគ្រប់គ្រងដោយឯកបក្ស គឺជាការរិះគន់ដោយគ្មានហេតុផល។ គណបក្សប្រជាជនកម្ពុជាទទួលបានការបោះឆ្នោតគាំទ្រដោយប្រជាជនកម្ពុជា តាមលទ្ធិប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ទោះបីជាមានការអំពាវនាវដោយក្រុមជ្រុលនិយមមួយចំនួនធ្វើពហិការមិនចូលរួមបោះឆ្នោតក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៨ក្តី ក៏អត្រាអ្នកទៅបោះឆ្នោតមាន ចំនួន៨៣,០២% ដោយក្នុងនោះ ៧៧% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះប្រជាជនមានការជឿជាក់លើសមត្ថភាពដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

រដ្ឋសភាបានបញ្ជាក់ថា ទាក់ទងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល បានខិតខំប្រឹងប្រែងនិងបានដាក់ចេញវិធានការជាច្រើន ដើម្បីធានាឱ្យការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនានាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សន្តិភាព និងតម្លាភាព ដើម្បីធានាឱ្យបាននូវបរិយាកាសអំណោយផលល្អ និងមានការប្រកួតប្រជែងដោយស្មើភាពគ្នា សម្រាប់គណបក្សនយោបាយដែលបានចុះឈ្មោះទាំងអស់តាមគោលការណ៍បោះឆ្នោតបែបប្រជាធិបតេយ្យ និងគោលនយោបាយពហុបក្ស។ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជា ការជ្រើសរើស និងតែងតាំងបេក្ខជនដឹកនាំណាមួយរបស់គណបក្សនយោបាយដែលបានចុះឈ្មោះ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត គឺជាសិទ្ធិស្របច្បាប់ និងជាអធិបតេយ្យ ប្រកបដោយសេរីភាព ពេញលេញ និងជាឆន្ទានុសិទ្ធិទាំងស្រុងរបស់គណបក្សនយោបាយ។ ជាពិសេស ការតែងតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតសកល គឺបានទទួលការគាំទ្រជាឯកច្ឆន្ទ តាមគោលការណ៍បោះឆ្នោតបែបប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្ស និងស្របតាមច្បាប់ជាតិជាធរមាន។ រដ្ឋសភាបានបន្តថា កម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់រាល់អ្នកនយោបាយដែលត្រូវបានតុលាការហាមឃាត់ ដើម្បីឱ្យមាននីតិសម្បទាឡើងវិញដើម្បីអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន។ ជាលទ្ធផលយ៉ា ហោចណាសអ្នកនយោបាយចំនួន៣២រូប ទទួលបាននីតិសម្បទាឡើងវិញ ហើយពួកគេក៏បានបង្កើតគណបក្សថ្មីចំនួន៦ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតផងដែរ។ យ៉ាងណាមិញ អតីតសមាជិកនៃគណបក្សប្រឆាំងមួយចំនួនមានការស្ទាក់ស្ទើរក្នុងការស្នើសុំសិទ្ធិស្តារនីតិសម្បទានយោបាយឡើងវិញ ព្រោះថាបើធ្វើដូច្នោះពួកគេត្រូវបានអតីតមេដឹកនាំរបស់ពួកគេចោទប្រកាន់ថាជា“ជនក្បត់”ទៅវិញ។

ចំពោះករណី លោក កឹម សុខា ករណីជុំនុំជំរះក្តីរបស់លោក តែងធ្វើឡើងស្របតាមគោលការណ៍តម្លាភាព និងមានការចូលរួមពីគ្រប់ភាគី។ ដំណើរការក្តីនេះ បានចាប់ផ្ដើមឡើងវិញនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីស្ថានភាពជំងឺរាតត្បាតក្លវីដ-១៩ នៅកម្ពុជាមានភាពប្រសើរឡើងវិញ។ ល្បឿននៃដំណើរការជំនុំជម្រះសំណុំរឿងពាក់ព័ន្ធ នឹងការចោទប្រកាន់ពីបទសន្និដ្ឋិភាព និងការឃុបឃិតរំលំរាជរដ្ឋាភិបាល គឺស្ថិតនៅ ក្រោមដែនសមត្ថកិច្ចរបស់តុលាការ។ រដ្ឋសភាកម្ពុជាសូមគូសបញ្ញាក់ថា សំណុំរឿង សន្ទិដ្ឋិកា ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ មិនត្រូវបានអត់ឱនដោយច្បាប់ នៃប្រទេសណាមួយឡើយ រួមទាំងអ៊ឺរ៉ុបផងដែរ។ កម្ពុជានៅតែប្រកាន់ខ្ជាប់លើការគាំពារ និងលើកកម្ពសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្រោមរដ្ឋធម្មនុញ្ញ ស្របតាមបរិបទសង្គម ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន។ កម្ពុជាប្រកាន់ជំហររឹងមាំក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពហុបក្ស ដើម្បីធានានូវសន្តិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ប្រទេសជាតិ។ ការអនុវត្តសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបប្រជុំដោយសន្តិវិធី ដោយមានការទទួលខុសត្រូវស្របច្បាប់ និងដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយត្រូវបានគោរព។

សហគមន៍អឺរ៉ុបគួរជៀសវៀងការអនុវត្តស្តង់ដារពីរដើម្បីរក្សាតម្លាភាព និងការទទួលខុសត្រូវ។ ការបន្ទោសលើច្បាប់របស់កម្ពុជាស្តីពីការកម្រិតលើការទទួលមូលនិធិពីបរទេស សម្រាប់បម្រើឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជារូបភាពជាក់ស្តែងនៃការអនុវត្តស្តង់ដារពីរ និងប្រកបដោយការលាក់ពុតត្បុត។ កម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែជាកន្លែងដែលមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងប្រពៃណីជាង ២០០០ ដែលរួម ទាំងប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់រាជរដ្ឋាភិបាលផងដែរ និងមានសហជីពលើសពី ៦,០០០ និងអង្គការមិនមែនរដ្ឋាភិបាលជិត ៦០០០ ដែលបានចុះបញ្ជីរួចស្របតាមច្បាប់។ រដ្ឋសភាបានបញ្ជាក់ទៀតថា សភាអឺរ៉ុបគួរគប្បីផ្តោតលើការដោះស្រាយបញ្ហាដែលជារឿយៗ តាមរូបភាពព័ត៌មានក្លែងក្លាយប្រឌិតឡើងដោយដោយក្រុមអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកលនិយមមួយចំនួន ហើយបានបង្កឱ្យមានអស្ថិរភាពសង្គម និងការបែកបាក់សង្គម ក៏ដូចជាញុះញង់ឱ្យប្រជាជនបង្កអំពើហិង្សា តាមរយៈការចេញនូវព័ត៌មានមិនពិត ការញុះញុង់ឱ្យមានការស្អប់ខ្ពើម ការបង្កាច់បង្អួច និងការរើសអើងជាតិសាសន៍។ ជាមួយគ្នានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្នើជំរុញឱ្យសភាអឺរ៉ុបមើលលើទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាដោយឥតលំអៀង និងពិចារណារលើ បរិបទជាតិ និងកត្តាប្រវត្តិសាស្ត្ររបស់យើង ហើយគួរជៀសវាងការអនុវត្តស្តង់ដារពីររបស់ខ្លួន។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក៏បានអំពាវនាវឱ្យសភាអឺរ៉ុបធ្វើកិច្ចសហប្រតិបត្តិការពិតប្រាកដ ដោយគ្មានរបៀបវារៈលាក់កំបាំងពីក្រោយណាមួយឡើយ ដើម្បីពង្រឹងប្រព័ន្ធពហុភាគីនិយម រួមគ្នាដោះស្រាយបញ្ហាប្រឈមរួមដែលពិភពលោកកំពុងជួប ប្រទះដូចជា៖ បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត ឧក្រិដ្ឋកម្មឆ្លងដែន និង អសន្តិសុខស្បៀង ក៏ដូចជាដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កំណើនបៃតងប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋសភាកម្ពុជាបានអះអាងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយសភាអឺរ៉ុប ដើម្បីបង្កើនទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ក្រោមគោលការណ៍ស្មើភាពទាំងអធិបតេយ្យ ឯករាជ្យ និងឈរលើមូលដ្ឋាននៃការគោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងការផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ៕
ដោយ៖ពលជ័យ
រូបភាព៖ឯកសារ

ads banner