ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ៖ សេចក្តីសម្រេចរបស់សភាអឺរ៉ុប គឺជាការបំភ្លៃ លំអៀង មានចរិតនយោបាយ

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានឡើងថ្លែងក្នុងរដ្ឋសភានាព្រឹកថ្ងៃទី១១ ខែឧសភានេះថាសេចក្តីសម្រេចរបស់សភាអឺរ៉ុប ដែលបានចេញកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ គឺជាការបំភ្លៃ ការលំអៀង មានចរិតនយោបាយប្រកាន់ភាគីម្ខាងៗ និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ។ សេចក្តីសម្រេចនេះ និងសេចក្តីសម្រេចមុនៗ ដែលពាក់ព័ន្ធនឹងកម្ពុជាមានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់លើផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងស្រុង។ សភាអឺរ៉ុបបែរជាផ្អែកទាំងស្រុងតែទៅលើប្រភពព័ត៌មានដែលគ្មានការបញ្ជាក់ច្បាស់លាស់ ផ្តល់ដោយអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកលនិយមសកម្មជននយោបាយជ្រុលនិយម និងអង្គការសិទ្ធិមនុស្សដែលប្រឆាំងនឹងរាជរដ្ឋាភិបាល ទោះបីអ្នកទាំងនោះភាគច្រើនមិនដែលបានមកដល់ប្រទេសកម្ពុជាផ្ទាល់ឬដែលគ្មានការប្រាស័្រយទាក់ទងជាមួយរាជរដ្ឋាភិបាលកម្ពុជាសោះឡើយ។

ឯកឧត្តមបានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល បានខិតខំប្រឹងប្រែងនិងបានដាក់ចេញវិធាន ការណ៍ជាច្រើន ដើម្បីធានាឱ្យការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនានាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សន្តិភាព និងតម្លាភាព ដើម្បីធានាឱ្យបាននូវបរិយាកាសអំណោយផលល្អនិងមានការប្រកួតប្រជែងដោយស្មើភាពគ្នា សម្រាប់គណបក្សនយោបាយដែលបានចុះឈ្មោះទាំងអស់តាមគោលការណ៍បោះឆ្នោតបែបប្រជាធិបតេយ្យ និងគោលនយោបាយពហុបក្ស។ 

ឯកឧត្តម សួស យ៉ារ៉ា បានបន្តថា កម្ពុជានៅតែប្រកាន់ខ្ជាប់លើការគាំពារ និងលើកកម្ពសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្រោមរដ្ឋធម្មនុញ្ញ ស្របតាមបរិបទសង្គម ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន។ កម្ពុជាប្រកាន់ជំហររឹងមាំក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពហុបក្ស ដើម្បីធានានូវសន្តិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ប្រទេសជាតិ។ ឯកឧត្តមបានលើកឡើងថារដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក៏បានអំពាវនាវឱ្យសភាអឺរ៉ុបធ្វើកិច្ចសហប្រតិបត្តិការពិតប្រាកដ ដោយគ្មានរបៀបវារៈលាក់កំបាំងពីក្រោយណាមួយឡើយ ដើម្បីពង្រឹងប្រព័ន្ធពហុភាគីនិយម រួមគ្នាដោះស្រាយបញ្ហាប្រឈមរួមដែលពិភពលោកកំពុងជួបប្រទះដូចជា៖ បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត ឧក្រិដ្ឋកម្មឆ្លងដែន និង អសន្តិសុខស្បៀង ក៏ដូចជាដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កំណើនបៃតងប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋសភាកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយសភាអឺរ៉ុប ដើម្បីបង្កើនទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាព អឺរ៉ុប ក្រោមគោលការណ៍ស្មើភាពទាំងអធិបតេយ្យ ឯករាជ្យ និងឈរលើមូលដ្ឋាន វ៉នការគោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ៕ 

ដោយ៖ពលជ័យ

រូបភាព៖រដ្ឋសភាជាតិ

ads banner