គ.ជ.ប ប្រកាសព័ត៌មានពីលទ្ធផលបណ្តោះអាសន្ន នៃការចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ៖ យោងតាមរបាយការណ៍បណ្តោះអាសន្នពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស រយៈពេល ២៣ថ្ងៃ គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សម្រេចបាន ៧៦៩៨.០២៧ សន្លឹក ស្មើនឹង ៨៣,៦២ ភាគរយ ។

តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ សង្កាត់ទូទាំងប្រទេសមានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ហើយសម្រាប់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដែលនៅសល់ ត្រូវរក្សាទុកនៅ គឃ.សប ដើម្បីបន្តចែករហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។

ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មានគោលដៅដូចខាងក្រោម៖ ជួយដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឱ្យបានដឹងអំពីលេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួន ក្នុងបញ្ជីបោះឆ្នោត លេខកូដ និងទីតាំងការិយាល័យ បោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមទាំងប្រភេទឯកសារ បញ្ជាក់អត្តសញ្ញាណផ្លូវការដែលត្រូវប្រើនៅពេលបោះឆ្នោត ជួយដល់អ្នកបោះឆ្នោតអាចរកឃើញយ៉ាងងាយស្រួលនូវទីតាំងការិយាល័យបោះឆ្នោត ដែលសាមីខ្លួនត្រូវទៅបោះឆ្នោត ជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត ក្នុងការស្វែងរកឈ្មោះសាមីអ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោតផ្លូវការបានឆាប់ហ័ស ដែលបង្កភាពងាយស្រួលដល់កិច្ចប្រតិបត្តិការ បោះឆ្នោតឱ្យកាន់តែរលូន និងមិនឱ្យអ្នកបោះឆ្នោតរង់ចាំយូរ (ប្រសិនបើ អ្នកបោះឆ្នោត យកប័ណ្ណព័ត៌មានជាប់មកនឹងខ្លួននៅពេលបោះឆ្នោត) ។

សូមបញ្ជាក់ជូនថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មិនមែនជាឯកសារផ្លូវការសម្រាប់ប្រើប្រាស់ បោះឆ្នោតនោះឡើយ។ ប្រជាពលរដ្ឋអាចយកប័ណ្ណនេះមកជាមួយនៅពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីងាយស្រួល រកឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែទោះបីអ្នកបោះឆ្នោតមិនយកប័ណ្ណនេះមកជាមួយ ឬពុំទទួលបាន ប័ណ្ណនេះ ក៏អាចបោះឆ្នោតបានដែរ ឱ្យតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងមានអត្តសញ្ញណ ប័ណ្ណសញ្ជាតិខ្មែរ (អខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯអ) ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner