សារមន្ទីរនៅលើទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ជាផ្នែកមួយនៃភាពសម្បូររុងរឿងរបស់បុព្វការីយើងដែលកូនខ្មែរពុំគួរមើលរំលង

សៀមរាប៖ សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី មានទីតាំងស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ចម្ងាយប្រមាណ៣២គីឡូម៉ែត្រ ភាគឦសានក្រុងសៀមរាប។ សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ជាសារមន្ទីរដំបូងនៅកម្ពុជា ដែលបានសាងសង់ឡើងនៅលើទីតាំងស្ថានីយបុរាណវិទ្យាផ្ទាល់។
លោក វង្ស សាវុទ្ធី បុគ្គលិកបច្ចេកទេសសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី របស់នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌និងបទដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា កុលាលភាជន៍ទាំងអស់ដែលមាននៅក្នុងសារមន្ទីរនេះ ប្រាប់ឱ្យយើងដឹងបន្ថែមពីជីវភាព របៀបរបបរស់នៅប្រចាំថ្ងៃ ពាណិជ្ជកម្ម និងការវិវឌ្ឍនៃសិប្បកម្មកុលាលភាជន៍របស់បុព្វបុរសខ្មែរសម័យអង្គរ។ លោកបន្ដថា ក្រៅពីប្រាសាទដ៏មហិមា ហេដ្ឋារចនាសម្ពន្ធ បារាយណ៍ដែលជាភស្ដុតាងនៃអារ្យធម៌អង្គរ កុលាលភាជន៍ ក៏ជាផ្នែកមួយនៃភាពសម្បូររុងរឿងរបស់បុព្វការីយើងដែលកូនខ្មែរគ្រប់រូបពុំគួរមើលរំលងឡើយ។ ដូចយើងបានជ្រាបហើយថា ព័ត៌មានពីសិលាចារឹករៀបរាប់អំពីព្រឹត្ដិការណ៍ផ្សេងៗនៃព្រះមហាក្សត្រ ព្រះរាជគ្រូ បុរោហិត អភិជន គ្រឿងដង្វាយជាខ្ញុំបម្រើ និងភស្ដុភារផ្សេងៗចំពោះប្រាសាទ ពុំផ្ដោតសំខាន់លើជីវភាពប្រចាំថ្ងៃទេ ក្រៅតែអំពីចម្លាក់លិបនៅថែវប្រាសាទបាយ័ន្តនោះ។
ការសិក្សាស្វែងយល់អំពីកុលាលភាជន៍ អាចឱ្យយើងស្វែងយល់បន្ថែមអំពីសង្គមមនុស្សសម័យបុរាណ បន្ថែមលើចម្លាក់លិបនៃប្រាសាទបាយ័ន្ត។
លោក វង្ស សាវុទ្ធី បានអំពាវនាវ និងលើកទឹកចិត្តឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ងាកទៅរកសារមន្ទីរផ្សេងៗទៀតក្នុងតំបន់សៀមរាប ជាពិសេសសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ដើម្បីទទួលបានចំណេះដឹងអំពីវិស័យកុលាលភាជន៍ខ្មែរដែលមានតាំងបង្ហាញក្នុងសាលពិព័រណ៌សារមន្ទីរ ហើយក្រៅពីសមុច្ច័យដែលតាំងបង្ហាញភ្ញៀវទេសចរអាចដើរទស្សនាបណ្ដុំឡបុរាណទាំង៥ក្រុម ទេសភាពវាលស្រែ ព្រៃឈើ និងជីវភាពប្រជាពលរដ្ឋ ក្នុងតំបន់ការពារឡបុរាណភូមិតានីបាន។
លោក វង្ស សាវុទ្ធី បានបន្ថែម ដោយហេតុថាបច្ចុប្បន្ននេះតំបន់សៀមរាប-អង្គរ ជាតំបន់ដែលមានជំរើសទេសចរណ៍ច្រើន ហើយភ្ញៀវទេសចរគ្រប់រូប គឺសំដៅតែតំបន់ប្រាសាទបុរាណសំខាន់ៗក្នុងរាជធានីអង្គរ ដែលធ្វើឱ្យប្រាសាទសំខាន់ៗខ្លះមានភ្ញៀវទេសចរច្រើនកកកុញ ដែលអាចរងផលប៉ះពាល់តិច ឬច្រើនចំពោះប្រាសាទ។ ភ្ញៀវទេសចរ គួរងាកមកចាប់អារម្មណ៍លើវិស័យផ្សេងៗនៃអារ្យធម៌អង្គរ ព្រោះអារ្យធម៌អង្គរ ពុំមែនមានតែប្រាង្គប្រាសាទ ឬបារាយនោះទេ តែយើងគួរសិក្សាស្វែងយល់បន្ថែមលើវិស័យផ្សេងទៀត ដែលទ្រទ្រង់ឱ្យអារ្យធម៌អង្គររីកចម្រើនថ្កុំថ្កើងឡើង ឧទាហរណ៍វិស័យកុលាលភាជន៍នេះជាដើម។
នាកំឡុងសតវត្សទី១០-១១ ក្នុងសម័យអង្គរ ទីនេះជាទីតាំងឧស្សហកម្មផលិតកុលាលភាជន៍ខ្មែរ សម្រាប់បម្រើឱ្យជីវភាពរស់នៅរបស់បុព្វបុរសខ្មែរ។ សំណល់ទួលបុរាណ បំណែកកុលាលភាជន៍រាប់លានបំណែក គ្របដណ្ដប់នៅលើផ្ទៃទំនប់ដែលមានប្រវែងប្រហែល៩០០ម៉ែត្រ មានសារសំខាន់ណាស់ក្នុងការស្រាវជ្រាវវិស័យកុលាលភាជន៍ខ្មែរ ដែលវិស័យនេះទើបមានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រាវជ្រាវ ក្រោយស្រុកទេសយើងមានសុខសន្ដិភាពបរិបូរណ៌មកនេះ ដែលមុនសម័យសង្រ្គាម មានការសិក្សាតិចតួចនៅឡើយ។ ដោយយល់ថាបណ្ដុំឡបុរាណភូមិតានី មានសារសំខាន់លើសិក្សាស្រាវជ្រាវវិស័យកុលាលភាជន៍ខ្មែរ អាជ្ញាធរជាតិអប្សរា បានកំណត់ព្រំតំបន់ការពារឡបុរាណសម័យអង្គរ ក្នុងទំហំផ្ទៃដី៣៤ហិកតា គ្របដណ្ដប់លើទំនប់បុរាណប្រវែង៩០០ម៉ែត្រ ដែលមានក្រុមឡចំនួន៥ក្រុម(ក្រុមក ខ គ ឃ ង)ក្នុងនោះមាន២៧ទួលឡបុរាណ និងត្រពាំងបុរាណតូចធំជាច្រើន ដែលអ្នកស្រាវជ្រាវសន្មតថាជារណ្ដៅដីឥដ្ឋ សម្រាប់ផ្គត់ផ្គង់សង្វាក់ផលិតកម្មកុលាលភាជន៍ នៅឡតានីផ្ទាល់។
សារមន្ទីរនេះ គឺជាមជ្ឈមណ្ឌលតាំងបង្ហាញកុលាលភាជន៍ច្រើនប្រភេទ ដែលអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យារកឃើញពីរណ្ដៅកំណាយបុរាណវិទ្យា ពីបណ្ដុំឡបុរាណនានាជុំវិញ និងក្នុងតំបន់អង្គរ។ ក្នុងនោះមានដូចជាស្ថានីយឡបុរាណអន្លង់ធំ ខ្នារពោធិ៍ សរសី បង្កោង រួមទាំងឡតានីផ្ទាល់ មកដាក់តាំងបង្ហាញនៅសារមន្ទីរនេះ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner