ឯកឧត្តម សុខ ប្រសិទ្ធិ ណែនាំមន្ត្រីបក្សបន្តអនុវត្តគោលនយោបាយគណបក្សឱ្យមានប្រសិទ្ធភាពនិងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានដូចភ្លៀងរលឹម

តាកែវ ៖ ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងរគណបក្សចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានណែនាំដល់ថ្នាក់ដឹកនាំសមាជិក សមាជិកាបក្សទូទាំងឃុំរមេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់គណបក្សឱ្យកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវដើម្បីឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២នេះ។

ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីសមាជិកសមាជិកាគណបក្ស ឃុំរមេញដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១១ ខែ
ឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំរមិញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ឯកឧត្តមបានបន្តថាដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ជាមនុស្សមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មានអាកប្បកិរិយាថ្លៃថ្នូរ ស្អាតស្អំ មិនរើសអើង ដោយមានការគោរពស្រឡាញ់ និងជឿជាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះឯកឧត្តមប្រធានបានជំរុញមន្រ្តីគណបក្សទាំងអស់ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះដើម្បីពិនិត្យអត្តសញ្ញាណបណ្ណ កាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងស្ថានភាពរស់នៅ ព្រមទាំងជំរុញការផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋគ្រប់អាយុឱ្យទាន់ពេលវេលា ការផ្តល់សេវាសាធារណៈ សំបុត្រកំណើត អាពាហ៍ពិពាហ៍សៀវភៅគ្រួសារ។ល។ ធ្វើយ៉ាងណាឱ្យម្ចាស់ឆ្នោតសប្បាយចិត្តនិងមានភាពជឿជាក់មកលើសមជិកដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានណែនាំដល់សមាជិកទាំងអស់ ទៅចូលរួមបោះឆ្នោតថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ។ ក្នុងឱកាសនោះ ឧត្តម សុខប្រសិទ្ធិបានឧបត្ថម្ភថវិកាសម្រាប់៤ ភូមិមាន ១.ភូមិដើមពោធិ ២.ភូមិប្រឡាយមាស ៣.ភូមិរមេញខាងជើង ៤.ភូមិដើមក្រូច សរុបថវិកា ១៧លាន ៧២ម៉ីនរៀល។ដោយឡែកសម្រាប់ ៦ភូមិទៀតប្រធានក្រុមការងារនិងប្រគល់តាមការកំណត់នៃកាលបរិច្ឆេទសម្រាប់បម្រើការហែរឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នៅពេលខាងមុខនេះ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner