ឯកឧត្តម ហ៊ុន ម៉ា​នី ជំនួសមុខ​ក្រុមគ្រួសារ​នៃ​សព​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង បរម​រាជានុញ្ញាត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី …

ភ្នំពេញ​៖​ជំនួសមុខ​ក្រុមគ្រួសារ​នៃ​សព​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ទូលព្រះបង្គំជាខ្ញុំ​សូម​បរម​រាជានុញ្ញាត​ថ្លែង អំណរ​ព្រះរាជ​គុណ​ថ្វាយ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជានិង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភ​ម្គ​ល ដែល​ទ្រង់​ស្តេច​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​នូវ​ព្រះរាជ​សារលិខិត​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​លោកជំទាវ លាង វួ​ច​ឆេង ហ៊ុន​ណេង ភរិយា​នៃ​សព​និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ប្អូនប្រុស​នៃ​សព​ព្រមទាំង ក្រុមគ្រួសារ សាច់ញាតិ​ទាំង​អស់នៃ​សព​សម្តេចឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២២​។

ឯកឧត្តម ហ៊ុន ម៉ានី (រូបថត ហ្វេសប៊ុកឯ.ឧ ហ៊ុន ម៉ានី)

​លើ​បណ្តាញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០២២​នេះ​ឯកឧត្តម ហ៊ុន ម៉ា​នី​បាន​សរសេរ ថា “​ទូលព្រះបង្គុំជាខ្ញុំ ក៏​សូម​ឆ្លៀតឱកាស​នេះ ថ្វាយ​នូវ​ការ​អរ​ព្រះ​គុណ​ចំពោះ​ព្រះអង្គ ដែល​សព្វ​ព្រះរាជ​ហ​ប្ញ​ទ័យ​ត្រាស់បង្គាប់ ផ្តល់​គោរមងារ​ជូន​ដល់​ឯកឧត្តម​ហ៊ុន ណេង ជា​«​សម្តេច ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង​»​។ ព្រះរាជ​ប្រទាន​នេះ ឆ្លើយតប​យ៉ាង​ប្រត្យក្ស​ទៅនឹង​ការចូលរួម​របស់​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ព្រមទាំង​ក្រុមគ្រួសារ​គ្រប់​ជំនាន់ ក្នុង​បុព្វហេតុ​រួម​នៃ​ការធានា​កិច្ចការពារ​របបរាជានិយម ការពារ​ព្រះមហាក្សត្រ និង​ព្រះរាជ​បល្ល័ង្ក ដែល​នេះ​ជា​ភាពស្មោះត្រង់​ក្នុងនាម​ប្រជាជន​ខ្មែរ​ដែល​គោរព​ចំពោះ​ព្រះមហាក្សត្រ ចំពោះ​រាជបល្ល័ង្ក និង​របបរាជានិយម​ឥត​ងាក​រ៉េ​។ ការ​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ជូន​ដល់​សម្តេច ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង គឺជា​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ក្រៃលែង​សម្រាប់​ក្រុមគ្រួសារ​នៃ​សព​។​

​នាឱកាស​នេះដែរ ខ្ញុំព្រះករុណាខ្ញុំជំនួសមុខ​ឱ្យ​ក្រុមគ្រួសារ​នៃ​សព សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​ថេ​រា​នុ​ថេរ​គ្រប់​ព្រះអង្គ​ដែល​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ និង​ការ​និមន្ត​ចូលរួម​ក្នុង​ពិធី​បុណ្យសព​សម្តេច ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ដោយផ្ទាល់​។

​ខ្ញុំបាទ ក៏​សូម​ថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវ​ជា​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​អង្គ​នីតិ​បញ្ញា​ត្តិ អង្គនីតិប្រតិបត្តិ ព្រមទាំង​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់​ទូទាំងប្រទេស ដែល​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ ក៏ដូចជា​ការអញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សម្តេច ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ដោយផ្ទាល់​នៅ​ខេត្តកំពង់ចាម​។​

​ទន្ទឹមនឹងនេះ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ ឥស្សរជន និង​តំណាង​របស់​បណ្តា​គណបក្ស​នយោបាយ​នានា ក៏ដូចជា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​មិត្ត និង​អង្គទូត​នៃ​បណ្តា​ប្រទេស​មួយចំនួន​ប្រចាំ​នៅ​កម្ពុជា ដែល​បាន និង​កំពុង​បន្ត​ផ្ញើ​សារ​រំលែក​ទុក្ខ​ជា​បន្តបន្ទាប់​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​។

​ជា​ចុងក្រោយ ក៏​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន អង្គការ ស្ថាប័ន​មិនមែន​រដ្ឋាភិបាល សមាគម រួមទាំង​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ខេត្តកំពង់ចាម​ទាំងអស់ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ និង​ការ​ដង្ហែ​សព​សម្តេចឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ​។

​សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ សូម​គោរព​ថ្លែងអំណរគុណ សូម​ថ្លែងអំណរគុណ និង​សូម​អរគុណ​៕ដោយ៖ពលជ័យ

ads banner