មេដឹកនាំអាស៊ាន និងមេដឹកនាំអាមេរិក បញ្ជាក់ការប្តេជ្ញារួមគ្នាកសាងទំនាក់ទំនង (Video Inside)

មេដឹកនាំអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹងនិងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ានអាមេរិកឱ្យកាន់តែទូលំទូលាយនិងចាត់ទុក កិច្ចសហប្រតិបត្តិការជាដៃគូនេះ ជាការដែលមិនអាចខ្វះបានឡើយ។ ការបញ្ជាក់ការប្តេជ្ញាចិត្តនេះ បានប្រកាសតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្រោយកិច្ច ប្រជុំកំពូលពិសេសអាស៊ានអាមេរិកបានបញ្ចប់។

កម្ពុជាដែលជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ បានធ្វើជាសហប្រធានរួមជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូល ពិសេសអាស៊ានអាមេរិករវាងពីថ្ងៃទី១២ដល់១៣ឧសភាក្នុងរដ្ឋធានីវ៉ាស៊្ហីនតោនឌីស៊ី។

ក្នុងកិច្ចប្រជុំកំពូលពិសេសនេះ, សម្តេចតេជោ ហ៊ុន សែន និងបណ្តាមេដឹកនាំអាស៊ាន ត្រូវបានប្រធានាធិបតីអាមេរិក និងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស និងប្រធានសភាតំណាង រាស្ត្រអាមេរិកលោកស្រីណានស៊ី ប៉េឡូស៊ី បានទទួលរាក់ទាក់ក្នុងការអញ្ជើញចូលរួមក្នុងកម្មវិធីផ្សេងៗ។

ក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃកន្លងមកនេះ, មេដឹកនាំអាស៊ាននិងមេដឹកនាំសហរដ្ឋអាមេរិក បានជជែកផ្លាស់ប្តូរទស្សនៈលើវិស័យកិច្ចសហប្រតិបត្តិការជាច្រើន ពាក់ព័ន្ធនឹងការ ប្រយុទ្ធ ប្រឆាំងជម្ងឺរាតត្បាតកូវីដ១៩និងការស្តារឡើងវិញ, ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យ កាន់តែរឹងមាំ, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលំហសមុទ្ទ, ការលើកកម្ពស់ការ តភ្ជាប់ រវាងប្រជាជន និងប្រជាជន, ការគាំទ្រការអភិវឌ្ឍន៍ក្នុងអនុតំបន់, ការប្រើប្រាស់បច្ចេកវិទ្យា និង ការលើកកម្ពស់នវានុវត្តន៍, ការដោះស្រាយការប្រែប្រួលអាកាសធាតុនិងការរក្សាសន្តិ ភាព និងការកសាងទំនុកចិត្ត។

សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ាន ក្នុងអំឡុងពេលបិទកិច្ចប្រជុំកំពូលពិសេស បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលបានធ្វើការប្តេជ្ញាគាំទ្រ ភាពជាប្រធានអាស៊ានរបស់កម្ពុជា​។

សម្តេចបានថ្លែងទន្ទឹងរង់ចាំស្វាគមន៍លោក ចូ បៃដិនក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនៅកម្ពុជា ដែលគ្រោងនឹងធ្វើនៅក្នុងខែវិច្ឆិកាឆ្នាំ២០២២នេះ។

សម្តេចនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញមកដល់កម្ពុជាវិញនាយប់ថ្ងៃទី១៥ឧសភា និងសម្តេចត្រៀមនឹងអញ្ជើញបំពេញទស្សនកិច្ចក្នុងប្រទេសស្វីសជាបន្តទៀតក្នុងពេល៤ថ្ងៃ ខាង មុខនេះដើម្បីចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner