សម្តេចក្រឡាហោម ស ខេង ស្នើឲ្យរដឋបាលគ្រប់ថ្នាក់ពិសេសកងកម្លាំងប្រដាប់អាវុធនិងប្រជាការពារខិតខំប្រឹងប្រែងដើម្បីការពារការិយាល័យបោះឆ្នោតឲ្យបានល្អប្រសើរ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀនចំនួន១ ៥៦៥នាក់ គ្រូពេទ្យចំនួន៥៥០នាក់ និងសិល្បករ សិល្បការិនីចំនួន២៧នាក់ ប្រារព្ធនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានិយាយជារួម ហើយដោយឡែក នៅខេត្តបាត់ដំបង មកដល់ពេលនេមានសុខសន្តិភាពពេញទី គ្មានជម្លោះប្រដាប់អាវុធ គ្មានកម្លាំងឧទាមក្រៅច្បាប់ ដើម្បីប្រឆាំងនិងរដ្ឋាភិបាលនោះទេ។ រាជរដ្ឋាភិបាលបានគ្រប់គ្រងទឹកដី នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ហើយនេះជាមោទកភាពណាស់របស់យើងទាំងអស់គ្នា បើប្រៀបធៀបនិងប្រវត្តិសាស្ត្រនៃកម្ពុជា ក្នុងចន្លោះពីក្រោយអាណានិគមនិយមបារាំងដែលត្រួតត្រាកម្ពុជារហូតមកទល់ពេលនេះ។

ស្ថិរភាពនយោបាយនាពេលបច្ចុប្បន្នគឺ តាមរយៈការដែលកម្ពុជាបានអនុវត្តនូវរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញនោះ បានដាក់បញ្ចូលនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយបានប្រកាន់យកនូវរបបនយោបាយសម្រាប់កម្ពុជា គឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស។ ឥស្សរជន ឬក៏ប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់មជ្ឈដ្ឋាន មានសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយ តាមរយៈការបង្កើតគណបក្សនយោបាយ ដើម្បីប្រគួតប្រជែងក្នុងពេលបោះឆ្នោត ដណ្តើមអំណាចគ្រប់គ្រងទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។

នេះគឺជាកត្តាសំខាន់ដែលនាំអោយយើងមានស្ថិរភាព ហើយក៏នាំអោយយើងមានសន្តិសុខ សន្តិភាព ដូច្នេះយើងអាចចាត់ទុកថារបបនយោបាយ ដែលយើងបានជ្រើសរើសប្រកាន់យកសព្វថ្ងៃនេះ។ ជាងនេះនោះទេ ដោយសារនៅក្នុងប្រវត្តិសាស្ត្រយើង ក្នុងរយៈពេលបើយើងគិតពីឆ្នាំ១៩៥៣ មកទល់ឆ្នាំ២០២២នេះមានប្រមាណជិត៧០ឆ្នាំ របបនយោបាយយើងបានឆ្លងកាត់ច្រើនណាស់ ប៉ុន្តែកម្ពុជាយើងមិនបានសុខទេ មិនមានសន្តិភាពេញលេញទេ ហើយបើមិនបានសុខ មិនមានសន្តិភាពទេ យើងពិតជាគ្មានឱកាស ដើម្បីនិងកសាងជីវភាពរស់នៅរបស់យើងទេ អភិវឌ្ឍន៍ប្រទេសជាតិរបស់យើងទេ ។

អញ្ចឹងហើយកត្តាគន្លឹះដើម្បីយើងមានការអភិវឌ្ឍន៍ នោះកត្តាសន្តិភាព ស្ថិរភាពនយោបាយ គឺជាកត្តាកំណត។ ទន្ទឹមនេះ សព្វថ្ងៃយើងដឹងទាំងអស់គ្នាថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការប្រែប្រួល រីកចម្រើន ដែលស្ថិតក្នុងប្រទេសមានចំណូលមធ្យមកម្រិតទាប នេះជាមោទកភាពរបស់យើងពីព្រោះថា ប្រសិនជាយើងគ្មានសន្តិភាពទេនោះមិនមានការអភិវឌ្ឍន៍បានឡើយ។

សម្តេច បានបញ្ជាក់ថាការរីចម្រើនទាំងអស់នេះគឺបានបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនោះក៏បានមកពីឯកឧត្តម អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគ្រប់ថ្នាក់គ្រប់ផ្នែកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះមានទាំងខេត្តបាត់ដំបងរបស់យើងដែរ។

ក្នុងឱកាសនោះដែរសម្តេចក្រឡាហោម ស ខេង មានប្រសាសន៍រំលឹក និងសំណូមពរ ដល់ឯកឧត្តម អស់លោក លោកស្រី លោកឧកញ៉ា និងអង្គពិធីទាំងមូលឱ្យយកចិត្តទុកដាក់រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារនូវសន្តិភាពឱ្យបានដាច់ខាត បើទោះបីជាត្រូវលះបង់ដោយតម្លៃ ណាក៏ដោយ ពីព្រោះថា យើងបានឆ្លងកាត់ការលំបាក និងពុះពារឧបសគ្គច្រើនណាស់ ទំរាំតែទទួលបានសន្តិភាពដូចសព្វថ្ងៃ។ ក្នុងន័យនេះ សម្តេចស្នើថា រដ្ឋបាលគ្រប់ថ្នាក់ ក៏ដូចជាមន្ត្រីរាជការរបស់យើងគ្រប់ផ្នែកគ្រប់ថ្នាក់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ពិសេសកម្លាំងប្រដាប់អាវុធ ប្រជាការពារ ខិតខំប្រឹងប្រែងដើម្បីការពារការិយាល័យបោះឆ្នោត ចាត់ចែងការបោះឆ្នោតអោយបានល្អប្រសើរ។

ជាមួយគ្នានេះសម្តេចក៏បានអំពាវនាវដល់អស់លោក លោកស្រីទាំងអស់ ក៏ដូចជាតាមរយៈអស់លោក លោកស្រី អំពាវនាវដល់បងប្អូនសាច់ញាតិរបស់អស់លោក លោកស្រី ក្រុមគ្រួសារត្រៀមខ្លួនដើម្បីចូលរួមទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕
ដោយៈរ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner