សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌាអំពីកិច្ចខិតខំក្នុងការជួយប្រទេសមីយ៉ាន់ម៉ា កុំឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា អំពីការងារដែលកម្ពុជាបានធ្វើនៅក្នុងនាមជាប្រធានអាស៊ាន ជាពិសេសនៅក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោយកម្ពុជាខិតខំក្នុងការជួយប្រទេសមីយ៉ាន់ម៉ា កុំឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល។ សម្ដេចបានគូសបញ្ជាក់ផងដែរថា សម្ដេចបានបានអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ -៨ ខែមករា ឆ្នាំ២០២២ និងបានជួបជាមួយឯកឧត្តម មីន អោងឡាំង ចំនួន២លើក តាមវីដេអូ ហើយក៏មានទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយបន្ទាប់មក មានកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការផ្ដល់ជំនួយដល់មីយ៉ាន់ម៉ាដែលជាជំនួយមនុស្សធម៌។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា មកទស្សនកិច្ចនៅប្រទេសកម្ពុជា មុនពេលមានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឬនៅពេលវេលាដែលយើងរៀបចំកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។

ចំពោះបញ្ហាអន្តរជាតិ ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា បានគូសបញ្ជាក់ថា ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើយ៉ាងណាគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសឥណ្ឌា ឱ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ឯកឧត្តម ពិតជាគាំទ្រនៃតួនាទីជាប្រធានអាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផង និងគាំទ្រការឯកភាពផ្ទៃក្នុងរបស់អាស៊ានផង ក្នុងការដើរតួនាទីសំខាន់ ជាពិសេសទៀត ឯកឧត្តមបានគូសបញ្ជាក់ដែរថា ឯកឧត្តម បានព្យាយាមចូលរួមចំណែកក្នុងការសន្ទនារកដំណោះស្រាយរវាងអ៊ុយក្រែន និងរុស្ស៊ី ។ ឯកឧត្តមបានគូសបញ្ជាក់ថា ឯកឧត្ដម បានជួបសន្ទនាជាមួយប្រធានាធិបតីទាំងពីរ រុស្ស៊ី និងអ៊ុយក្រែនកន្លងមកនេះ ដើម្បីធ្វើយ៉ាងម៉េច ឱ្យស្ដារស្ថានភាពនេះមករកសន្តិភាពវិញ។ នៅក្នុងសមុទ្រចិនខាងត្បូង ឯកឧត្តម ចាត់ទុកថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រដែលមានសារៈសំខាន់ណាស់ ជាពិសេស ធ្វើយ៉ាងណាឱ្យមានសេរី បើកចំហ និងផ្អែកទៅលើច្បាប់អន្តរជាតិ។ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ឯកឧត្តម រំពឹងទុកថា នឹងមកទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តម រដ្ឋមន្ត្រីឥណ្ឌា និងស្វាគមន៍នូវចំណុចទាំងឡាយដែលឯកឧត្តមបានលើក។ សម្ដេចតេជោ ហ៊ុន សែន មានការជឿជាក់ថា ឥណ្ឌា អាចដើរតួនាទីសមស្របក្នុងការចរចារវាងភាគីទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី។ សម្ដេចក៏បានគូសបញ្ជាក់ដែរថា សម្ដេចចង់ឃើញដំណោះស្រាយរវាងរុស្ស៊ី-អ៊ុយក្រែន ឱ្យបានឆាប់ផងដែរ ដោយសារវាមានផលប៉ះពាល់ដល់សកលលោក ជាពិសេស លើវិស័យសន្តិសុខស្បៀង និងថាមពល ដែលប៉ះពាល់ដល់ប្រទេសទាំងអស់។ ជាចុងក្រោយ សម្ដេចតេជោ បានគូសបញ្ជាក់ដែរថា សម្ដេចទន្ទឹងរង់ចាំក្នុងការទទួលការធ្វើទស្សនកិច្ចរបស់ឯកឧត្តម ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

ads banner