មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបនាយកគោលនយោបាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិអាមេរិក

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោកស្រី Lori Abele នាយកគោលនយោបាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការមួយចំនួន និងជាពិសេស កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងបានបង្ហាញឆន្ទ:ក្នុងការរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតនៅពេលខាងមុខ និងការបន្តបង្កើនភាពជឿទុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង បានថ្លែងអំណរគុណរដ្ឋាភិបាល ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភ និងបណ្តុះបណ្តាលដល់កងទ័ពកម្ពុជាកន្លងមក។ ចំណែកលោកស្រី Lori Abele បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចការសន្តិសុខកន្លងមកផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner