ប្រធានមន្ទីរឧស្សាហកម្មខេត្តកំពត៖ កត្តាអាកាសធាតុទំនងជាធ្វើឱ្យទិន្នផលអំបិល ដែលប្រមូលបានធ្លាក់ចុះច្រើនក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំមុន

ភ្នំពេញ៖ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត លោក សុខ គឹមជឿន បានឱ្យដឹងថា ទោះបីផ្ទៃដីបង្កបង្កើនផលអំបិល និងកម្លាំងពលកម្មផលិតក្នុងឆ្នាំ២០២២នេះនៅដដែល បើធៀបនឹងឆ្នាំ២០២១ ប៉ុន្តែកត្តាអាកាសធាតុដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភៈ រហូតមកដល់ពេលនេះបានធ្វើឱ្យទិន្នផលអំបិលដែលប្រមូលបានធ្លាក់ចុះច្រើន បើធៀបនឹងឆ្នាំមុន។

តាមទិន្នន័យបឋមផលអំបិលដែលប្រមូលបានក្នុងខេត្តកំពត គិតមកដល់ពេលនេះមានប្រមាណជិត ៣០,០០០តោន ខណៈដែលផលអំបិលសល់ក្នុងឃ្លាំងស្តុកអាចមានចន្លោះពី ២,០០០ ទៅ ៣,០០០តោន។ លោកបន្តថា ដោយសារពេលនេះ រដូវភ្លៀងបានចូលមកដល់ហើយ ដូច្នេះការប្រមូលផលអំបិលនឹងមិនបានច្រើនទៀតទេក្នុងឆ្នាំ២០២២នេះ។

ទោះយ៉ាងណា នៅពេលនេះ ក្រសួងឧស្សាហកម្ម ក្រសួងសេដ្ឋកិច្ច និងផ្នែកពាក់ព័ន្ធក៏កំពុងគិតពីការនាំចូលអំបិលមួយចំនួនយកមកបំពេញតម្រូវការក្នុងស្រុកផងដែរ ដើម្បីកុំឱ្យឈ្មួញអាចដំឡើងតម្លៃអំបិលតាមចិត្ត។

សូមជម្រាបថា ខណៈរដូវវស្សាចាប់ផ្តើមចូលមកដល់ហើយនោះ ការប្រមូលផលអំបិលនៅក្នុងខេត្តកំពត ដែលជាកន្លែងផលិតអំបិលធំជាងគេនៅកម្ពុជា ទើបទទួលបានតិចជាង ៥០ភាគរយនៅឡើយ បើធៀបទៅនឹងឆ្នាំ ២០២១ ដែលការធ្លាក់ចុះនេះនឹងជំរុញនាំឱ្យកម្ពុជាឈានទៅនាំចូលអំបិលពីក្រៅប្រទេសមកផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក។ នេះបើតាមអ្នកនៅក្នុងវិស័យផលិតអំបិលនៅកម្ពុជា។

ខេត្តកំពត និងខេត្តកែប គឺជាទីតាំងផលិតអំបិលនៅកម្ពុជា។ ជាធម្មតារដូវកាលផលិតអំបិល គឺចាប់ពីចុងខែធ្នូដល់ពាក់កណ្តាលខែឧសភានៃឆ្នាំនីមួយៗ ប៉ុន្តែក៏មានឆ្នាំខ្លះដែលអាកាសធាតុក្តៅអូសបន្លាយ ការផលិតអាចរហូតដល់ខែមិថុនា ផងដែរ។ សូមរំលឹកផងដែរថា កាលពីឆ្នាំ ២០២១ ខេត្តកំពតផលិតអំបិលបានជាង ៦៨,០០០តោន នៅលើផ្ទៃដី ៣,៧២៦ហិកតា៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner