រុស្ស៊ី​​បណ្ដេញ​​អ្នក​ការ​ទូត​​រាប់​សិប​​នាក់​​មក​ពី​​បារាំង​ អ៊ីតាលី​ និង​​អេ​ស្ប៉ា​ញ​​

ទីក្រុង​ម៉ូស្គូ​​បណ្តេញ​អ្នក​ការ​ទូត​​បារាំង​ អ៊ីតាលី​ និង​អេស្ប៉ាញ ជាការសងសឹក​ចំពោះការ​បណ្តេញ​អ្នក​ការ​ទូត​រុស្ស៊ី​ចេញ​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ ​ដែល​ជា​​សកម្មភាព​រួម​គ្នា​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​។​

​​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ ក្រសួង​ការ​បរទេស​រុស្ស៊ី​និយាយ​ថា​ ខ្លួន​នឹង​បណ្តេញ​ «​បេសកជន​ការ​ទូត​បារាំង​»​ ចំនួន​ ៣៤ ​នាក់​នៅ​​រុស្ស៊ី​ ដោយ​ទុក​ពេល​ឱ្យ​២​សប្តាហ៍​ដើម្បី​ចាក​ចេញ​ពី​ប្រទេស​។

សេចក្តី​ថ្លែងការណ៍​កត់​សម្គាល់​ថា​ ទីក្រុង​ម៉ូស្គូ​​​ធ្វើ​សេចក្តីប្រ​កាស​បន្ទាប់​ពី​ការ​កោះហៅ​ឯក​អគ្គរដ្ឋ​ទូត​បារាំង​នៅ​​រុស្ស៊ី​លោក​ Pierre Levy ហើ​យ​ប្រាប់​លោក​ថា​ ការ​បណ្តេញ​បុគ្គលិក​ការ​ទូត​រុស្ស៊ី​ចំនួន​ ៤១ ​នាក់កាល​ពី​ខែ​មេសា​​​​គឺ​ជា​ «កា​​រ​​សម្រេច​​ចិត្ត​​បង្ក​​ហេតុ​​ និង​​គ្មាន​​មូល​ដ្ឋាន​​​»​​។​

ក្រសួង​ការ​បរទេស​រុស្ស៊ី​​និយាយ​នៅ​ពេល​ក្រោយ​ទៀត​ថា​ បុគ្គលិក​ ២៧ ​នាក់​នៃ​ស្ថាន​ទូត​អេស្ប៉ាញ​ប្រចាំ​ទីក្រុង​ម៉ូស្គូ​ និង​ស្ថាន​អគ្គ​កុងស៊ុល​អេស្ប៉ាញ​នៅទី​ក្រុង​ Saint Petersburg «​ត្រូវ​បាន​ប្រកាស​ថា​ជា​បុគ្គល​មិន​ទទួល​ស្វាគមន៍​»​ ហើយ​នឹង​មាន​ពេល​៧​ថ្ងៃ​​ចេញ​ពី​​រុស្ស៊ី​។​ ក្រសួង​​ប្រាប់​ឯកអគ្គ​រដ្ឋ​ទូត​អេស្ប៉ាញ​លោក​ Marcos Gomez Martinez ​ថា​ ការ​បណ្តេញ​អ្នក​ការ​ទូត​រុស្ស៊ី​ចេញ​ពី​ទីក្រុង​ម៉ាឌ្រីដ​ «​​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​ទំនាក់​ទំនង​រុស្ស៊ី-អេស្ប៉ាញ​»​។​

អេស្ប៉ាញ​​​រិះ​គន់​​រុស្ស៊ី​​ចំពោះ​​ទង្វើ​​នេះ​ ដោយ​ក្រសួង​ការ​បទេស​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​ អាជ្ញាធរ​រុស្ស៊ី​យក​ត្រូវ​លើ​ការ​​សម្រេច​ចិត្ត​របស់​ខ្លួន​ ដោយ​ផ្អែក​លើ​ការ​ស្រុះ​គ្នា​​បណ្តេញ​មន្ត្រី​ស្ថានទូត​រុស្ស៊ី​ ២៧ ​នាក់​ក្នុង​ខែ​មេសា​ ប៉ុន្តែ​​ការ​​បណ្តេញ​​ចេញ​​ពេល​នោះ​​​​ផ្អែក​​លើ​​ហេតុ​ផល​​សន្តិសុខ​​ត្រឹម​ត្រូវ​ ​មិន​ដូច​ជា​ទង្វើ​របស់​រុស្ស៊ី​នា​ពេល​នេះ​ទេ​។​

ខណៈ​មិន​ទាន់​មាន​សេចក្តី​ថ្លែងការណ៍​ផ្លូវ​ការ​ណា​មួយ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ អ្នក​ស្រី​ Maria Zakharova ​និយាយ​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ថា​ អ្នក​ការ​ទូត​អ៊ីតាលី ​២៤ ​នាក់​ក៏​​ត្រូវ​បណ្តេញ​ចេញ​ផង​ដែរ​។​ ក្រសួង​ការ​បរទេស​អ៊ីតាលី​បញ្ជាក់​ពី​ការ​បណ្ដេញ​ចេញ​នេះ​ ហើយ​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី​លោក​ Mario Draghi ​​ថ្កោល​ទោស​ការ​សម្រេច​ចិត្ត​របស់​រុស្ស៊ី​ថា​ជា​ «​ទង្វើ​អរិភាព​»​ ប៉ុន្តែ​​និយាយ​ថា​ បណ្តាញ​ការ​ទូត​ត្រូវ​តែ​នៅ​តែ​បើក​ចំហ​។​ ​

ទន្ទឹម​នឹង​នេះ​ ក្រសួង​ការ​បរទេស​​បារាំង​និយាយ​ថា​ បារាំង​«​ថ្កោល​ទោស​យ៉ាង​ខ្លាំង​» ​ចំពោះ​ការ​បណ្តេញ​អ្នក​ការ​ទូត​របស់​ខ្លួន​​ ដោយ​បន្ថែម​ថា​ជំហាន​​​ពី​ទី​ក្រុង​ម៉ូស្គូ​ «​មិន​មាន​មូលដ្ឋាន​ស្រប​ច្បាប់​»​ ព្រោះ​អ្នកកា​រទូ​តបា​រាំង​នៅ​​រុស្ស៊ី​ធ្វើត្រឹ​ម​ត្រូវ​តាម​ ​«​ក្រប​ខ័ណ្ឌ​នៃអ​នុសញ្ញា​ទីក្រុង​វីយែន​ស្តី​ពី​ទំនាក់​ទំនង​ការ​ទូត​ និង​កុងស៊ុល​»​ ខណៈ​​ក្រុង​ប៉ារីស​​បណ្តេញ​បុគ្គលិក​រុស្ស៊ី​កាល​ពី​ខែ​មុន​ ដោយស​ង្ស័យ​ថា​ពួក​គេ​ជា​អ្នក​ស៊ើបការណ៍​សង្ងាត់​។​​

ទំនាក់​​ទំនង​បណ្ដា​ប្រទេស​លោក​ខាង​លិច​ ជាមួយ​រុស្ស៊ី​កាន់​តែ​ដុន​ដាប​ទៅ​ៗ​ ក្រោយ​មេ​ដឹក​នាំ​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀ​ ពូទីន​ ​បញ្ជូន​កង​ទ័ព​​​ទៅ​ឈ្លានពាន​អ៊ុយក្រែន​កាល​ពី​ចុង​ខែ​កុម្ភៈ​ ដែល​ជា​ការ​ឆ្លើយ​តប​​ បស្ចិម​លោក​ផ្ដាច់​រុស្ស៊ី​ឱ្យ​នៅ​ឯកោ​ ដោយ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ធ្ងរ​។​  ​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner