សហភាព​អឺរ៉ុប​ដាក់​ចេញ​ផែនទី​បង្ហាញ​ផ្លូវ ៣០០ ពាន់​លាន​អឺរ៉ូ​ ដើម្បី​ឈប់​ប្រើប្រាស់​ថាមពល​រុស្ស៊ី

កាល​ពី​ថ្ងៃ​ពុធ ទី​១៨ ឧសភា​ ប្រមុខ​នីតិប្រតិបត្តិ​សហភាព​អឺរ៉ុប​បាន​ប្រកាស​ផែនទី​បង្ហាញ​ផ្លូវ​មួយ​ដើម្បី​ជួយ​ប្លុក​២៧​ប្រទេស​នេះ​ក្នុង​ការ​បោះបង់​ការ​ប្រើប្រាស់​ប្រភព​ថាមពល​នាំចូល​ពី​រុស្ស៊ី​ ដោយ​ស្នើ​កញ្ចប់​ថវិកា​ចំនួន​ ៣០០ ពាន់​លាន​អឺរ៉ូ (ប្រមាណ​ ៣១៥ ពាន់​លាន​ដុល្លារ​) ដើម្បី​វិនិយោគ​លើ​គម្រោង​ជា​ច្រើន​ដែល​រួមមាន​មធ្យោបាយ​ប្រើប្រាស់​ឥន្ធនៈ​មាន​ទិន្នផល​ខ្ពស់​ជាង​មុន​ និង​បច្ចេកវិទ្យា​ថាមពល​កកើត​វិញ​។

គំនិត​ផ្ដួច​ផ្ដើម​វិនិយោគ ​REPowerEUរបស់​គណៈកម្មការ​អឺរ៉ុប​គឺ​មាន​បំណង​ដើម្បី​ពង្រឹង​គោលនយោបាយ​អាកាសធាតុ​អឺរ៉ុប និង​ដក​ហូត​ប្រាក់​ចំណូល​រាប់​សិប​ពាន់​លាន​ពី​រុស្ស៊ី​ ដែល​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ ឧស្ម័ន​ធម្មជាតិ​ និង​ធ្យូង​ថ្ម​ចម្បង​របស់​សហភាព​អឺរ៉ុប​។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ស្រី​អឺស៊ូឡា វ៉ុន ឌែរ ឡេយែន​បាន​និយាយ​ថា​៖ «យើង​កំពុង​យក​មហិច្ឆតា​របស់​យើង​ទៅ​កម្រិត​មួយ​ទៀត ដើម្បី​ប្រាកដ​ថា​យើង​ឯករាជ្យ​ពី​ឥន្ធនៈ​ផូស៊ីល​របស់​រុស្ស៊ី​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

ដោយ​សង្គ្រាម​របស់​រុស្សី​នៅ​អ៊ុយក្រែន​ហាក់​ដូចជា​មិន​មាន​ទី​បញ្ចប់​ និង​ភាព​រង្គោះរង្គើ​សន្តិសុខ​ថាមពល​នៅ​ទ្វីប​អឺរ៉ុប​ សហភាព​អឺរ៉ុប​បាន​ប្រញាប់​ប្រញាល់​តម្រឹម​គោល​នយោបាយ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ ជា​មួយ​នឹង​គោល​នយោបាយ​អាកាសធាតុ​សម្រាប់​ទសវត្ស​ខាង​មុខ​នេះ​។

សហភាព​អឺរ៉ុប​គ្រោង​អនុវត្ត​ការ​ហាមឃាត់​ការ​ចូល​ធ្យូង​ថ្ម​ពី​រុស្ស៊ី​នៅ​ខែ​សីហា​នេះ ហើយ​បាន​ប្ដេជ្ញា​កាត់​បន្ថយ​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​ចំនួន​ពីរ​ភាគ​បី ត្រឹម​ចុង​ឆ្នាំ​នេះ​។ ទន្ទឹម​នឹង​នេះ​សំណើ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​រុស្ស៊ី​ ត្រូវ​បាន​រារាំង​ដោយ​ប្រទេស​ហុងគ្រី និង​ប្រទេស​គ្មាន​ផ្លូវ​ទឹក​​ដទៃ​ទៀត​ដែល​ព្រួយ​បារម្ភ​ថា​ពួកគេ​មិន​អាច​រក​ប្រភព​ផ្សេង​មក​ជំនួស​បាន​។

ក្នុង​ការ​ព្យាយាម​បញ្ចុះ​បញ្ចូល​ប្រទេស​ទាំង​នេះ​ឱ្យ​គាំទ្រ​ការ​ហាម​ឃាត់​ប្រេង​រុស្ស៊ី​ REPowerEU ក៏​រួមមាន​កញ្ចប់​ថវិកា​ ២ ពាន់​លាន​អឺរ៉ូ​សម្រាប់​ជួយ​ប្រទេស​ដែល​រំពឹង​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី ហើយ​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ស្វែង​រក​ប្រភព​មក​ជំនួស​៕

ប្រភព៖ AP News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner