សហរដ្ឋអាមេរិក «មាន​ទំនុក​ចិត្ត» ថា​បញ្ហា​រារាំង​ការ​ពង្រីក​អង្គការ​ណាតូ​នឹង​ត្រូវ​បាន​ដោះស្រាយ​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ចូ បៃដិន​បាន​និយាយ​ថា​សំណើ​របស់​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ​ដើម្បី​ចូល​ជា​សមាជិក​នៃ​អង្គការ​ណាតូ​នឹង​ទទួល​បាន​ជោគជ័យ​ បើ​ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​ប្រទេស​តួកគី​ក៏​ដោយ​។

ប្រទេស​ហ្វាំងឡង់​ និង​ស៊ុយអែត​បាន​ដាក់​ពាក្យ​ជា​ផ្លូវ​ការ​ស្នើសុំ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​នៅ​ថ្ងៃ​ពុធ​ ប៉ុន្តែ​ប្រទេស​តួកគី​បាន​ជំទាស់​ដោយ​ចោទ​ប្រកាន់​ប្រទេស​ទាំង​ពីរ​ថា​បាន​អនុញ្ញាត​ឱ្យ​ «ភេរវករ» ជ្រកកោន​ក្នុង​ប្រទេស​ពួកគេ​។ ក្រុង​អង់ការ៉ា​ក៏​បាន​រិះគន់​ក្រុង​ស្តុកហូម​អំពី​ការ​ព្យួរ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​អាវុធ​កាល​ពី​ឆ្នាំ​ ២០១៩ ជុំវិញ​ការ​ចូល​រួម​របស់​ខ្លួន​ក្នុង​សង្គ្រាម​ស៊ីវិល​ស៊ីរី​។

ប្រធានាធិបតី​តួកគី​លោក​រេសិប តៃយ៉ឺប អេដូហ្គែន​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​ណាតូ​ដទៃ​ទៀត​គោរព​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ចូល​ជា​សមាជិក​របស់​ប្រទេស​ទាំង​ពីរ​នេះ​។ លោក​និយាយ​ថា​៖ «ការ​រំពឹង​ទុក​តែ​មួយ​គត់​របស់​យើង​ពី​សម្ព័ន្ធមិត្ត​ណាតូ​គឺ​ត្រូវ​យល់​ពី​ភាព​រសើប​របស់​យើង គោរព និង​ចុង​ក្រោយ​គាំទ្រ​វា​»។

ដើម្បី​ចូល​ជា​សមាជិក​ថ្មី​នៃ​អង្គការ​ណាតូ​ ពាក្យ​ស្នើសុំ​របស់​ពួកគេ​ត្រូវ​តែ​ទទួល​ការ​អនុម័ត​ពី​សមាជិក​បច្ចុប្បន្ន​ទាំង​ ៣០​។ អង្គការ​នេះ​បាន​បរាជ័យ​ក្នុង​ការ​ចាប់​ផ្ដើម​ការ​ពិភាក្សា​លើ​សំណើ​ប្រទេស​ទាំង​ពីរ​រួច​ទៅ​ហើយ​ ដោយ​សារ​ការ​ជំទាស់​របស់​តួកគី​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​បៃដិន​បាន​និយាយ​ថា​៖ «ខ្ញុំ​គិត​ថា​យើង​នឹង​មិន​អី​ទេ» នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​សួរ​ថា​តើ​លោក​ទំនុក​ចិត្ត​ថា​ការ​ជំទាស់​របស់​តួកគី​អាច​ដោះស្រាយ​​បាន​ដែរ​ឬ​ទេ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​អាន់តូនី ប្លីនខែន​បាន​ជួប​ជាមួយ​សមភាគី​តួកគី​លោក​មេវលូត​ កាវ៉ូសូគ្លូ​នៅ​ទីស្ដីការ​អង្គការ​សហប្រជាជាតិ។ បន្ទាប់​ពី​ជំនួប​នេះ​ រដ្ឋមន្ត្រី​ការបរទេស​តួកគី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​លោក​ប្លីនខែន​បាន​ធានា​ថា​សារ​ចាំបាច់​នឹង​ត្រូវ​បាន​ផ្ដល់​ឱ្យ​ទាក់ទង​នឹង​ការ​ព្រួយបារម្ភ​សន្តិសុខ​របស់​តួកគី៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner