សម្ដេចតេជោ ហ៊ុន សែន បន្តរម្លឹកពីយន្តការពហុភាគីនិយម ដើម្បីដោះស្រាយវិបត្តិសកល ដែលកំពុងមានការប្រែប្រួលមិនច្បាស់លាស់ និងស្មុគស្មាញ

ភ្នំពេញ៖ នៅក្នុងបទអន្តរាគមន៍ ក្នុងវេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវនិងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេស BRICS នៅថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តរម្លឹកអន្តរជាតិពីភាពចាំបាច់នៃយន្តការពហុភាគីនិយមដើម្បីឆ្លើយតបនឹងបរិបទពិភពលោកដែលកំពុងមានការប្រែប្រួលមិនច្បាស់លាស់ និងស្មុគស្មាញ។

ថ្លែងពីរាជធានីភ្នំពេញ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់អាស៊ាន និងប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទំាងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេរដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា ។

ទន្ទឹមនេះដែរ សម្ដេចក៏ជំរុញឱ្យបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងចំពោះប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល និងអនុញ្ញាតឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា។ លើសពីនេះទៅទៀត ប្រទេសមួយមិនគួររារាំងបណ្តាប្រទេសនានា ដោយការដាក់ទណ្ឌកម្មឯកតោភាគី ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬប្រើប្រាស់ទណ្ឌកម្មផ្សេងទៀត ដែលបំពានលើច្បាប់អន្តរជាតិក៏ដូចជា គោលការណ៍ និងគោលបំណងស្នូលដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនោះទេ។

សម្ដេចតេជោបានគាំទ្រចំពោះគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលរបស់ប្រទេសចិន ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការខិតខំប្រឹងប្រែងដើម្បីជួយដល់បណ្តាប្រទេសដែលមានការអភិវឌ្ឍទាប ជាពិសេស បណា្តប្រទេសទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត ក្នុងពេលពិភពលោក កំពុងស្ដារឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីធានាថា យើងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកពីមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទំាងអស់គ្នា” ដោយថាកម្ពុជារួមជាមួយនឹងបណ្តាប្រទេសសមាជិកជាអាស៊ានផ្សេងទៀត ខិតប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីកសាងអនាគតភ្លឺស្វាងជាងមុនសម្រាប់អាស៊ី និងពិភពលោក។ ក្នុងន័យនេះអាស៊ាននឹងបង្កើនការខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដងលើការពង្រឹងនូវភាពជាកណ្តាល និងភាពធន់របស់អាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ យើងក៏កំពុងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គំនិតផ្តួចផ្តើម និងវិធានការដែលយើងបានព្រមព្រៀងគ្នា រួមមាន ក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការតភ្ជាប់ទាំងរូបវ័ន្ត និងឌីជីថល, សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម, និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជឿជាក់ថា ភាពជាដៃគូរបស់អាស៊ាន រួមទាំងប្រទេសប្រ៊ីក (BRICS) ចំពោះការគាំទ្រ ដើម្បីធានាបាននូវភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំនេះ នឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner