អត្តពលិកកម្ពុជា មេដាយសរុប ៤០ គ្រឿង ក្នុងនោះមាស ៦គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ២៥គ្រឿង នៅស៊ីហ្គេមវៀតណាម គិតត្រឹមព្រឹកថ្ងៃទី២០

ហាណូយ៖ អត្តពលិកកម្ពុជា មេដាយសរុប ៤០ គ្រឿង ក្នុងនោះមាស ៦គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ២៥គ្រឿង នៅស៊ីហ្គេមវៀតណាម ហើយកាលពីម្សិមិញ បន្តរកមេដាយមាស ២គ្រឿងបន្ថែម លើប្រភេទកីឡាចំបាប់ និងប៊ូល និងប៉េតង់ ។ មេដាយមាសទី៦ រកបានដោយក្រុមកីឡាការិនី អ៊ុន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី និង ឌួង ឌីណា ក្រោយប្រកួតឈ្នះម្ចាស់ផ្ទះវៀតណាម លើវិញ្ញាសានារី ៣នាក់ទល់៣នាក់ ដោយពិន្ទុ ១៣-១១។ ក្រៅពីនេះ វិញ្ញាសាបុរស ៣នាក់ទល់៣នាក់ កម្ពុជា រកបានត្រឹមមេដាយប្រាក់ ក្រោយចាញ់ថៃ ដោយលទ្ធផល ១-១៣។

កាលពីពេលព្រឹក កីឡាករ ស៊ូ បាលី ទទួលបានមេដាយមាស ក្រោយយកឈ្នះកីឡាករឡាវ ១០-០ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសាបុរស Freestyle ទម្ងន់១២៥គីឡូក្រាម។ ជាមួយគ្នាផងដែរ ចំបាប់នេះ ក៏រកមេដាយប្រាក់ បាន១បន្ថែមដោយកីឡាករ ម៉ូ សារី ក្នុងវិញ្ញាសាទម្ងន់ ៩៧គីឡូក្រាម។ ក្នុងប្រភេទកីឡាដដែលនេះ កម្ពុជាក៏រកបានមេដាយសំរឹទ្ធ ២គ្រឿង ដោយកីឡាករ ហេង វុទ្ធី ក្នុងវិញ្ញាសាទម្ងន់ ៨៦គីឡូក្រាម ជាមួយកីឡាករ សឿន សុភាស់ ក្នុងវិញ្ញាសា Freestyle ទម្ងន់ ៥៧គីឡូក្រាម។

ដោយឡែកកីឡាវ៉ូវីណាម នៅថ្ងៃនេះ ក៏រកបានបន្ថែមមេដាយចំនួន ៣គ្រឿង រួមមាន ប្រាក់១ ដោយកីឡាការិនី ជុក សូម៉ាលី លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦៥គីឡូក្រាម។ កីឡាករ អេ អាំម៉ារីនភូថង ទទួលបានមេដាយសំរឹទ្ធ១ ក្រោយចាញ់ឡាវ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងវិញ្ញាសាប្រយុទ្ធ ទម្ងន់ ៦០គីឡូក្រាម និងសំរឹទ្ធ ១ទៀត លើវិញ្ញាសាសម្ដែងគុនដាវនារីជាគូ។

កីឡាតេក្វាន់ដូ រកមេដាយសំរឹទ្ធបាន ១បន្ថែមទៀតផងដែរ ដោយកីឡាការិនី ថិប កាសាន់ទ្រីនីកូល ក្នុងវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៦២គីឡូក្រាម។ មេដាយសំរឹទ្ធ ៣ផ្សេងទៀត គឺកីឡាករ-កីឡាការិនី ការ៉ាតេកម្ពុជា រកបានដោយកីឡាការិនី លីម សុខវិច្ឆិកា ទម្ងន់ក្រោម ៥៥គីឡូក្រាម, កីឡាការិនី វណ្ណ សូដានីហេន ទម្ងន់ ៦៨គីឡូក្រាម និងកីឡាករ ជូន មីឡាតម៉ាដាស ទម្ងន់ក្រោម ៧៥គីឡូក្រាម។

មួយទៀតគឺកីឡាការិនី អុឹង នួន បានឈ្នះមេដាយសំរឹទ្ធ លើកីឡាយូដូ វិញ្ញាសានារីទម្ងន់ ក្រោម ៦៣គីឡូក្រាម។ ចុងក្រោយ គឺកីឡាប្រដាល់សកល រកបានសំរឹទ្ធ១គ្រឿង ដោយកីឡាករ ហ៊ុន គឹមហ៊ាង ប្រកួតចាញ់កីឡាករ ទីម័រ ដោយសន្លប់នៅក្នុងទឹកទី២ លើវិញ្ញាសាទម្ងន់ ៧៥គីឡូក្រាម។ កីឡាការិនី វី ស្រីស្រស់ ក៏ទទួលបានមេដាយសំរឹទ្ធដូចគ្នា ក្រោយចាញ់ថៃ ក្នុងវិញ្ញាសា ទម្ងន់ ៥៧គីឡូក្រាម។

ដូច្នេះគិតត្រឹមថ្ងៃទី១៩ ខែឧសភានេះ កម្ពុជា ឈ្នះមេដាយសរុប ៤០ គ្រឿង ក្នុងនោះមាស ៦គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ២៥គ្រឿង។

មេដាយមាស ៦គ្រឿង មានលើប្រភេទកីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប៊ូល និងប៉េតង់ ២គ្រឿង, កីឡាវ៉ូវីណាម ១គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង និងកីឡាចំបាប់ ១គ្រឿង។ ចំពោះមេដាយប្រាក់ ៩គ្រឿង លើកីឡាឃីកបុកស៊ីង ៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ២គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង កីឡាវ៉ូវីណាម ២គ្រឿង និងកីឡាចំបាប់ ១គ្រឿង។ មេដាយសំរឹទ្ធ ២៥គ្រឿង មាននៅលើកីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប្រណាំងទូក ១គ្រឿង, កីឡាប៊ូល និងប៉េតង់ ៣គ្រឿង, កីឡាជឺជីតស៊ូ ១គ្រឿង, កីឡាវូស៊ូ ៣គ្រឿង, កីឡាតេក្វាន់ដូ WT ៣គ្រឿង, កីឡាវ៉ូវីណាម ៣គ្រឿង, កីឡាចំបាប់ ៤គ្រឿង, កីឡាការ៉ាតេ ៣គ្រឿង, កីឡាប្រដាល់សកល ២គ្រឿង និងកីឡាយូដូ ១គ្រឿង៕ ចាន់ វិចត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner