អ្នកនាំពាក្យ គ​.​ជ​.​ប បញ្ជាក់​អំពី​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា​

​ភ្នំពេញៈការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២១ ខែឧសភាដល់​ថ្ងៃទី​៣ ខែមិថុនាដែលមាន​រយៈពេល ១៤​ថ្ងៃ ។​គ្រប់​គណបក្សនយោបាយ​ទាំង ១៧​គណបក្ស ដែល​បានដាក់​បេក្ខជន​ឈរឈ្មោះ​នៅតាម​ឃុំ សង្កាត់ ក៏បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ដែរ ដើម្បី​ឃោសនា​ស្វែងរក​សំឡេងឆ្នោត និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។ទន្ទឹមនេះគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ ក្នុងការរៀបចំ​ឲ្យ​ដំណើរការ​ឃោសនា​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប(រូបថតឯកសារ)

​ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​មានប្រសាសន៍​ថ្លែងប្រាប់ AMS នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា នេះ​ថា ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា។ការឃោសនា​នេះ នឹង​បញ្ចប់​២៤​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​។ ​គណបក្សនយោបាយ​ទាំង ១៧ ដែល​បាន​ចូលរួម​ដាក់​បេក្ខជន​ឈរឈ្មោះ​នៅតាម​ឃុំ សង្កាត់ ក៏បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ដែរ​។ គ​.​ជ​.​ប ក៏បាន​អញ្ជើញ​នៃ​តំណាង​គណបក្សនយោបាយ​ទាំងនោះ ដើម្បី​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការធ្វើសកម្មភាព​នៅក្នុង​កំឡុងពេល​នៃ​ការឃោសនា​។ ដោ​យគ​.​ជ​.​ប បានបញ្ជាក់​ប្រាប់ថា ការឃោសនា​ចាប់​ពៅ​ម៉ោង ៦​ព្រឹក រហូតដល់​ម៉ោង ១០​យប់ គឺជា​ពេលវេលា នៃ​ការឃោសនា​រក​សម្លេងឆ្នោត​របស់​គណបក្សនយោបាយ​។​នៅ​ថ្ងៃត្រង់​ចាប់ពី​ម៉ោង ១២ ដល់​ម៉ោង ២​រសៀល គឺ​មិនអាច​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេងបានទេ ។​

​ឯកឧត្តម​បាន​បញ្ជាក់ថា “​ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​ដំណើរការ​នៃ​ការឃោសនាបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន ក៏បាន​ជម្រាប​ទៅ​គណបក្សនយោបាយ​អំពី​អ្វីដែល​ត្រូវធ្វើ​នឹង​អ្វីដែល​មិនត្រូវ​ធ្វើ​។ តាម​នីតិវិធី​គឺមាន​បម្រាម​នៅក្នុងពេល​ឃោសនា គឺ​មិន​អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ​ធ្វើការ​បំពង​សំឡេងលុប​ទៅលើ​សំឡេង​នៃ​គណបក្ស​ដទៃ​ផ្សេង​។ការប្រើ​ឧបករណ៍​បំពង​សំឡេង​នៅក្បែរ​សាលារៀន​របស់​សិស្ស ឬក៏​និស្សិត​ត្រូវបាន​ហាមឃាត់ និង​នៅ​មន្ទីរពេទ្យ​ក៏ត្រូវ​ធ្វើការ​ហាម​ឃា​ត់​ផងដែរ​។ ការប្រើ​នូវ​ព្រះនាម​របស់​ព្រះមហាក្សត្រ​ មិន​ត្រូវ​អនុញ្ញាត​ក្នុង​ដំណើរការ​នៃ​ការឃោសនា​ទេ ។ សម្រាប់​ការប្រើប្រាស់​ខិត្តប័ណ្ណ​ឃោសនា​ដែល​បិទ​ជាន់​លើ​ខិត្តប័ណ្ណ​ឃោសនា នៃ​គណបក្ស​ផ្សេង ឬក៏​ហែក​បំផ្លាញ​ខិត្តប័ណ្ណ​គណបក្ស​ផ្សេងៗ ដែល​បិទ​នៅទីណា​មួយ​នោះ ក្នុង​ទីសាធារណៈ​ណា​នោះ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​លុប ឬក៏​បិទ​ជាន់​ដោយ​បំពាន​នោះទេ​។ ចំណែក​ការចង​បដា​កាត់​ផ្លូវ​សាធារណៈ (​ទទឹងផ្លូវ​)ត្រូវបាន​ហាមឃាត់។ មានន័យថា អនុញ្ញាត​ឲ្យ​ចង​បដា​ស្រប​ផ្លូវ​។ ក៏​ហាម​នៅ​ការប្រើប្រាស់​យានយន្ត​រប​ស់​រដ្ឋ​ធ្វើ​សកម្មភាព​ក្នុងការ​ឃោសនា​ផងដែរ​”​។​

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប(រូបថតឯកសារ)

​អ្នកនាំពាក្យ គ​.​ជ​.​ប បានបញ្ជាក់​ទៀតថា គ​.​ជ​.​ប ក៏បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ ក្នុងនោះ គ​.​ជ​.​ប ស្នើ​ឲ្យ​គណបក្សនយោបាយ ឬក៏​តំណាង​នៃ​គណបក្សនយោបាយ​ធ្វើការ​ជម្រាប​មក​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​ជាមុន​យ៉ាងហោច​មាន​រយៈពេលបី​ថ្ងៃ​ផងដែរ ដើម្បី​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​ធ្វើការ​សហការ​ជាមួយនឹង​អាជ្ញាធរ​ដែនដី ព្រមទាំង​សមត្ថកិច្ច​នានា​រៀបចំ​ស្ថានភាព​ឲ្យ​ល្អប្រសើរ​សម្រាប់​ទីតាំង ពេលវេលា ជាពិសេស​មិន​ឲ្យ​ជាន់គ្នា​រវាង​គណបក្សនយោបាយ​ដែលមាន​និន្នាការ​ផ្សេងគ្នា​ក្នុង​ការធ្វើសកម្មភាព​ហែរ​ក្បួន​ធំៗ នោះទេ​។

​អ្នកនាំពាក្យ​ដដែល​បាន​បន្តថា គ​.​ជ​.​ប ក៏​មានការ​បញ្ជាក់ជូន​អំពី​ប្រការ​ដែល​ត្រូវ​ចៀសវាង គឺ​ចៀសវាង​នូវ​អំពើ​គំរាមកំហែង បំភិតបំភ័យ ឬក៏​ប្រើ​ហិង្សា ញុះញង់​បោក​បញ្ជោត បង្ខំ​ឲ្យ​ស្បថ ឬក៏​បង្ខំ​ឲ្យ​ផ្តិតមេដៃ ឬក៏​មាន​ការទិញ​សន្លឹកឆ្នោត គឺមាន​ការហាម​ប្រាម​មិន​ឲ្យ​ធ្វើបែបនេះ​នោះទេ ។ ហើយ​ដើម្បី​ធានាថា ឲ្យ​ការបោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលយកបាន​ដោយ​គ្រប់​គណបក្ស​ដោយ​ស្មើភាព​គ្នា​។
គ​.​ជ​.​ប នៅតែ​ព្យាយាម​ធ្វើការ​ដើរ​មើល និង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ដោះស្រាយ​នៅ​រាល់​បញ្ហា​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕ ដោយ៖ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner