លោក ចូ បៃដិន និងលោក ស៊ី ជិនពីង ទំនងជាបើកកិច្ចសន្ទនាជាថ្មីនៅប៉ុន្មានសប្ដាហ៍ខាងមុខ នេះបើតាមសេតវិមាន

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក ស៊ូលីវ៉ាន ថ្លែងថា នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អាចនឹងបើកកិច្ចសន្ទនាជាថ្មីជាមួយសមភាគីចិនលោក ស៊ី ជិនពីង។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ បានបញ្ជាក់ដូច្នេះថា ខ្ញុំនឹងមិនមានអ្វីត្រូវភ្ញាក់ផ្អើលទេ បើលោក ចូ បៃដិន និងលោក ស៊ី ជិនពីង បើកកិច្ចសន្ទនាជាថ្មីម្ដងទៀត។

ការអត្ថាធិប្បាយបែបនេះរបស់លោក ជេក ស៊ូលីវ៉ាន បានធ្វើឡើងក្នុងកំលុងជិះនៅលើយន្ដហោះ Air Force One អមដំណើរលោក ចូ បៃដិន ក្នុងការដំណើរបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។

ដោយឡែកកាលពីថ្ងៃពុធសប្តាហ៍នេះដែរ លោក ជេក ស៊ូលីវ៉ាន បានជួបពិភាក្សាការងារជាមួយលោក យ៉ាង ជីឈី ទីប្រឹក្សាគោលនយោបាយការបរទេសដ៏សំខាន់របស់លោក ស៊ី ដោយបានបញ្ជាក់ថា រូបលោកបានបង្ហាញការព្រួយបារម្ភដោយផ្ទាល់ជាមួយលោក យ៉ាង អំពីសកម្មភាពធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

លោក ជេក ស៊ូលីវ៉ាន បានបញ្ជាក់ដូច្នេះថា វាមិនមែនជាផលប្រយោជន៍របស់អាមេរិកទេ ហើយថា ប្រទេសចិនគួរតែសញ្ជឹងគិតអំពីការចាត់វិធានការណាក៏ដោយតាមដែលខ្លួនអាចធ្វើបាន ដើម្បីកាត់បន្ថយលទ្ធភាពនៃទង្វើបង្កហេតុរបស់កូរ៉េខាងជើង ខណៈដែលបញ្ហាផ្សេងទៀតក៏ត្រូវបានពិភាក្សាផងដែរ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner