ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា កម្ពុជា បំបែកសិទ្ធផលមេដាយមាស ស៊ីហ្គេមឆ្នាំ២០១៩

ហាណូយ៖ គិតត្រឹមយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ អត្តពលិកកម្ពុជា បានឈ្នះមេដាយមាស ៦គ្រឿង ក្នុងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលនេះជាចំនួនបំបែកសិទ្ធផលក្នុងការឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដែលរកបានចំនួន៤មេដាយមាស។

ការឈ្នះនេះគឺជាការបង្កើនកំណត់ត្រាថ្មី មុនត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំក្រោយស្របពេល ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មដឹកនាំអត្តពលិកកម្ពុជា ចូលរួមស៊ីហ្គេមលើកនេះ បានមានប្រសាសន៍ ក្រោយបំពាក់មេដាយ ដល់កីឡាករកម្ពុជាដែលឈ្នះមេដាយមាសទី៥ គឺកីឡាករ ស៊ូ បាលី លើប្រភេទកីឡាចំបាប់ ក្នុងវិញ្ញាសាបុរស Freestyle ទម្ងន់១២៥គីឡូក្រាម។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ដូច្នេះថា ៖«ក្នុងនាមជានាយបេសកកម្មក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម នៅហាណូយ វៀតណាម នៅពេលនេះ ខ្ញុំសូមជម្រាបថា ឥឡូវនេះ ចំនួនមេដាយមាសរបស់យើងបានបំបែកឯកត្តកម្មនៅក្នុងឆ្នាំ២០១៩ ស៊ីហ្គេម នៅហ្វីលីពីនហើយ គឺកាលនោះយើងបានមេដាយមាសតែ៤ទេ។ ឥឡូវនេះយើងបានឡើងមេដាយមាស៥ហើយ (មានប្រសាសន៍មុនកម្ពុជា ឈ្នះមេដាយមាសទី៦ លើកីឡាប៉េតង់) ហើយយើងនឹងសង្ឃឹមថានឹងបានតទៅទៀត»។

«ចំណែកឯអ្វីដែលយើងកត់សម្គាល់ឃើញថា ការចូលរួមស៊ីហ្គេមលើកនេះ កម្ពុជារបស់យើងបានផ្ដោតទៅលើយុទ្ធសាស្ត្រក្នុងការស្វែងរកមេដាយឲ្យបានច្រើនជាងមុន ហើយជាការរុញទឹកចិត្តឲ្យកីឡាករ-កីឡាការិនី របស់យើងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបំបែកឯកត្តកម្មក្នុងពេលនេះ ដើម្បីឈានទៅឆ្នាំ២០២៣ យើងយកឲ្យដល់គោលដៅ ដែលយើងចង់បាន។ អ៊ីចឹងអ្វីដែលយើងកំណត់នៅក្នុងការរៀបចំនេះ គឺយើងត្រូវធ្វើទៅតាមអនុសាសន៍ណែនាំរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក បានដាក់ចេញនូវកំណត់ត្រានៃការរៀបចំសន្ទស្សន៍មេដាយរបស់យើងរួចទៅហើយ»។ ឯកឧត្តមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បានបន្ថែម។

ឯកឧត្តម វ៉ាត់ចំរើន បន្តថា ៖«នៅក្នុងការរៀបចំស៊ីហ្គេម២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានរៀបចំនូវយុទ្ធសាស្ត្រជាច្រើន ហើយដាក់ឲ្យអនុវត្តនូវផែនការ A ផែនការ B ក្នុងលក្ខណៈបច្ចេកទេស ក៏ដូចជាការរៀបចំឲ្យបានល្អប្រសើរ។

ការរៀបចំរបស់យើង យើងមានគោលដៅស្វែងរកឧត្តមភាព នៅលើបច្ចេកទេសឲ្យបានដល់កម្រិតមួយ ដែលយើងអាចទទួលយកបានក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ដើម្បីឲ្យជោគជ័យនៅក្នុងការរៀបចំរបស់យើង។ អ៊ីចឹងដើម្បីធ្វើយ៉ាងណាឲ្យស៊ីហ្គេមនៅវៀតណាមនេះឈានទៅដល់ស៊ីហ្គេមដែលអាចកំណត់បានយុទ្ធសាស្ត្ររបស់យើង គឺអាចយកមេដាយនៅក្នុងស៊ីហ្គេមនេះ យកទៅធ្វើការវិភាគ និងការស្វែងរកនូវចំនុចខ្លាំង និងចំនុចខ្សោយរបស់យើង ស្វែងរកនូវយុទ្ធសាស្ត្រថ្មីៗទៀតដើម្បីបំពេញបន្ថែមនូវការរៀបចំរបស់យើងនៅកម្ពុជា ឆ្នាំ២០២៣»។

«យើងសង្ឃឹមថា ក្នុងពីរបីថ្ងៃទៀតនេះ កម្ពុជា នឹងឈានទៅដល់ការស្វែងករមេដាយច្រើនជាងនេះទាំងមាស ទាំងប្រាក់ ទាំងសំរឹទ្ធ។ ប្រភេទកីឡាមិនទាន់មានមេដាយ ពេលស៊ីហ្គេមនៅកម្ពុជា រុញឲ្យទៅដល់មេដាយ ប្រភេទកីឡាដែលបានមេដាយហើយ ប៉ុន្តែមេដាយប្រាក់ ឬសំរឹទ្ធ យើងរុញឲ្យដល់មេដាយមាសទាំងអស់។ អ៊ីចឹងនេះគឺយុទ្ធសាស្ត្ររបស់យើង ដែលយើងរុញម្ដងមួយកាំ ម្ដងមួយជំហាន ទៅតាមអ្វីដែលយើងចង់បាន»។ ឯកឧត្តម វ៉ាត់ ចំរើន បានសង្គត់ធ្ងន់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែឧសភាម្សិលមិញ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឆ្នាំ២០២២ កម្ពុជា ឈ្នះមេដាយសរុប ៤០ គ្រឿង ក្នុងនោះមាស ៦គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ២៥គ្រឿង (២គ្រឿងពុំទាន់ធ្វើពិធីបំពាក់ជាផ្លូវការ) ខណៈនៅសល់ ៣ថ្ងៃទៀតទើបបញ្ចប់ការប្រកួតជាផ្លូវការ គ្រាដែលកាលពីស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ កម្ពុជា បានឈ្នះមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦ សរុប ៤៦មេដាយ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner