ឯកឧត្តម ហ៊ុន ម៉ាណែត៖ ថ្ងៃនេះជាទិវាជាតិនៃការចងចាំ នៃទុក្ខវេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ត្រ 

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បា​នបញ្ជាក់ថា​ ថ្ងៃនេះក៏ជាទិវាជាតិនៃការចងចាំ ដែលជាការរព្ញកនឹកឃើញនូវអតីតកាលនៃទុក្ខវេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលប្រជារាស្ត្រខ្មែររាប់លាននាក់បានទទួលរងនូវការធ្វើទុក្ខបុកម្នេញ និងការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃយងឃ្នងនៅក្នុងរបបប៉ុល ពត។ មហាសោដនាដកម្មនេះ គឺជាការស្លាប់ដោយមិនអស់ចិត្ត និងអយុត្តិធម៌បំផុត។ ជាភ័ព្វសំណាងណាស់ ដែលក្រោយមកប្រជាជនកម្ពុជា បានធ្វើដំណើរឆ្លងផុតមហន្តរាយនៃអតីតកាលដ៏ខ្មៅងងឹតនេះ តាមរយៈពលិកម្មតស៊ូរំដោះជាតិរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានបន្តរស់នៅប្រកបដោយសុភមង្គល និងសេចក្តីសុខសាន្តនៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ក្រោមការបន្តដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងបានទទួលការគាំទ្រ និងការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក។

ការបញ្ជាក់របស់ឯកឧត្តម បានធ្វើក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ ខ្សែប្រវែង ២៧,៩៧ គីឡូម៉ែតនៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលកើតចេញកូនកសិករចេញពីត្រកូលអ្នកស្ទឹងត្រង់នេះផ្ទាល់ និងជាកូនខ្មែរមួយរូបដែលបានចូលរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងការនាំមកនូវកិត្តិយស និងកិត្យានុភាពជាតិ ដោយទទួលបានការទទួលស្គាល់ប្រកបដោយភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិគួរជាទីមោទនៈ។

ជាមួយគ្នានេះ​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត​ បានចូលរួមអបអរសាទរ និងសម្តែងនូវការត្រេកអររីករាយជាមួយប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ក៏ដូចជានៅទូទាំងខេត្តកំពង់ចាមទាំងមូល ចំពោះសមិទ្ធផលថ្មីផ្លូវក្រាលកៅស៊ូ DBST ចំនួន ០៥ ខ្សែ ប្រវែង ២៧,៩៧គីឡូម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់ សមេ្តចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរមកពីទីជិតឆ្ងាយ ដែលមានតម្រូវការប្រើប្រាស់ផ្លូវទាំងនេះ ដោយចាប់ពីពេលនេះតទៅ នឹងទទួលបានការធ្វើដំណើរប្រកបដោយផាសុកភាព ចំណេញពេលវេលា ខណៈដែលតំបន់នេះពីមុន ជាតំបន់ខ្វះការតភ្ជាប់ពីព្រោះស្ថានភាពផ្លូវមានការខូចខាតច្រើន ដែលបង្កជាការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាទិដ្ឋភាពរួមនៅទូទាំងប្រទេស ប្រជាពលរដ្ឋរាប់លាននាក់ បាននិងកំពុងប្រើប្រាស់ និងទទួលផលពីសមិទ្ធផលជាច្រើន រួមមានផ្លូវ ថ្នល់ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងមន្ទីរពេទ្យ ជាដើម ដែលកើតចេញពីស្នាដៃរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបានកែប្រែស្ថានភាពដ៏លំបាកពីអតីតកាល មកជាភាពស្រណុកសុខស្រួលដូចពេលបច្ចុប្បន្ន។ ដូចនេះ យើងទាំងអស់គ្នា ចាំបាច់ត្រូវចូលរួមថែរក្សាការពារនូវសមិទ្ធភាពទាំងនេះឱ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ និងពុះពារប្តេជ្ញាដាច់ខាតការពារកុំឱ្យមានសង្គ្រាមកើតមានឡើងសាជាថ្មីជាពិសេសការខិតខំរក្សានិរន្តរភាពនៃសន្តិភាព និងស្ថិរភាពសម្រាប់អ្នកជំនាន់ក្រោយ៕​ 

ដោយ៖ពលជ័យ

រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner