បន្ទាប់ពីពន្យារពេល ទីបំផុតព្រឹទ្ធសភាអាមេរិកអនុម័តផ្តល់កញ្ចប់ជំនួយ ៤០ពាន់លានដុល្លារ ដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិកបានអនុម័តក្នុងសំឡេងគាំទ្រយ៉ាងលើសលប់នូវកញ្ចប់ជំនួយថ្មីជិត ៤០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយបានបញ្ជូនសេចក្ដីព្រាង ច្បាប់ទៅកាន់សេតវិមាន ដើម្បីឱ្យលោកប្រធានាធិបតី ចូ បៃដិន ចុះហត្ថលេខា។

ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ៨៦ ទល់នឹង ១១សំឡេង លើកញ្ចប់ ជំនួយសង្គ្រោះបន្ទាន់ផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌ ដែលជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់ អាមេរិកសម្រាប់អ៊ុយក្រែន។

ជាមួយគ្នានេះ លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុម័តលើ សេចក្ដីព្រាងច្បាប់នេះបានធានាថា នឹងមិនមានការខកខានក្នុងការផ្តល់ជំនួយ របស់សហរដ្ឋ អាមេរិកដល់អ៊ុយក្រែនឡើយ។

លោក បៃដិន បន្ថែមថា ខ្ញុំសូមអបអរសាទរសភាចំពោះការផ្ញើសារទ្វេភាគីច្បាស់លាស់ ទៅកាន់ពិភពលោកថា ប្រជាជនអាមេរិកឈររួមគ្នាជាមួយប្រជាជនអ៊ុយក្រែនដ៏ក្លាហាន នៅពេលដែលពួកគេព្យាយាមប្រយុទ្ធប្រឆាំង ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និង សេរីភាពរបស់ពួកគេ។

ជាការឆ្លើយតប ជំនួយការកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងអំណរគុណ ដល់ព្រឹទ្ធសភា អាមេរិក ហើយបាននិយាយថា ថវិកានេះនឹងជួយធានាបាននូវការបរាជ័យរបស់រុស្ស៊ី។

ដោយឡែក មន្រ្តីជាន់ខ្ពស់មួយរូបទៀតរបស់លោក ហ្សេលេនស្គី បានសរសេរសារបង្ហោះនៅលើ ប្រព័ន្ធអ៊ីនធឺណិតប៉ុន្មាននាទីបន្ទាប់ពីការបោះឆ្នោតថា យើងកំពុងឆ្ពោះទៅរកជ័យជម្នះប្រកបដោយ ទំនុកចិត្ត និងជាយុទ្ធសាស្រ្ត៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner