គណបក្សនយោបាយបានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ធ្វើការឃោសនាបោះឆ្នោតនៅថ្ងៃស្អែកនេះ 

ភ្នំពេញ៖ គណបក្សនយោបាយដែលបានដាក់បេក្ខជនឈរឈ្មោះនៅតាមឃុំ សង្កាត់ បានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ធ្វើការឃោសនាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែឧសភា ស្អែកនេះ រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីស្វែងរកសំឡេងឆ្នោត និងការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ 

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានបប្រសាសន៍ប្រាប់ AMS ថា គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ការឃោសនាបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២២ និងអនុវត្តឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ និងគោលការណ៍នីតិវិធី ក៏ដូចជាបទបញ្ជារបស់គ.ជ.ប។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា “ចំពោះការឃោសនានេះ មិនមានធ្វើមិន្ទីងធំនៅថ្នាក់ជាតិទេ ពីព្រោះការបោះឆ្នោតនេះ ជាការបោះឆ្នោតដែលមានមណ្ឌលជាឃុំ និងសង្កាត់។ គណៈកម្មការបក្សនៅមូលដ្ឋានឃុំសង្កាត់គេដោះស្រាយធ្វើមិន្ទីងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ តាមច្បាប់បោះឆ្នោតគេមិនឲ្យហែរក្បួនចេញក្រៅភូមិសាស្ត្រឃុំសង្កាត់នឹងទេ”។

ចំណែកឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភា ស្អែកនេះ គណបក្សខ្មែររួបរួមជាតិ នឹងរៀបចំហែរក្បួនឃោសនាដង្ហែរក្បួនឃោសនានៅក្នុងរាជធានីភ្នំពេញនៅក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ ។ ហើយក្រៅពីការហែរក្បួនឃោសនាធំ ក៏មានការហែរឃោសនាចេញពីក្រុង ស្រុក ទៅកាន់ឃុំសង្កាត់ចដែលបានដាក់បេក្ខភាពចំនួន ៥៩៦ឃុំសង្កាត់ លើ១៤៥ក្រុងស្រុក និងក្រុមឃោសនាមានចំនួន ១៤៥ក្រុម។ ឯកឧត្តមបានបន្តថា បន្ទាប់ពីឃោសនានៅរាជធានីភ្នំពេញ រួចនឹងចុះទៅតាមបណ្តាខេត្ត និងចុះតាមបណ្តាឃុំអាទិភាព និងចូលរួមជាមួយសមាជិកនៅមូលដ្ឋានឃោសនាជាទ្រង់ទ្រាយតូចៗ។ ដោយឯកឧត្តមបានលើកឡើងថា គ.ជ.ប បានរៀបចំល្អទាក់ទងការរៀបចំដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបានឲ្យគ្រប់គណបក្សនយោបាយថតស្ពតឃោសនាផ្សព្វផ្សាយបានគ្រប់គណបក្សនយោបាយទាំង ១៧គណបក្ស។ 

រីឯលោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានថ្លែងថា សម្រាប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភា ស្អែកនេះ គណបក្សខ្មែរស្រឡាញ់ជាតិ បានត្រៀមសម្ភារៈឃោសនា ធនធានមនុស្ស និងមធ្យោបាយ ដើម្បីជម្រុញឲ្យបេក្ខជនឃុំសង្កាត់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីស្វែងរកការគាំទ្រ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានឲ្យដឹងដែរថា គណបក្សហ៊្វុនស៊ិនប៉ិច បានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ការឃោសនាបោះឆ្នោត និងបានបោះពុម្ពអាវ មួក ខិត្តប័ណ្ណ និងសម្ភារមួយចំនួនចាំបាច់សម្រាប់បម្រើការឃោសនាបោះឆ្នោត។ នៅថ្ងៃទី២១ ខែឧសភា ដែលជាថ្ងៃបើកយុទ្ធនាការឃោសនា គឺគណបក្សហ៊្វុននស៊ិនប៉ិច នឹងធ្វើការឃោសនាជាទ្រង់ទ្រាយតូចទៅតាមភូមិឃុំ និងមាននៅរាជធានី ខេត្ត។ នៅថ្ងៃទី២២ ខែឧសភា នឹងបើកការឃោសនាជាទ្រង់ទ្រាយធំនៅផ្លូវ៦០ម៉ែត្រ នៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ នឹងឆ្ពោះទៅខេត្តកណ្តាល។

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានថ្លែងថា គណបក្សរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការឃោសនារកសម្លេងឆ្នោតនៅថ្ងៃទី២១ ខែឧសភា ស្អែកនេះ ប៉ុន្តែមិនហែរក្បួនជាទ្រង់ទ្រាយធំទេ គឺធ្វើទៅតាមលទ្ធភាពដែលអាចធ្វើបាន ដោយចាក់មេក្រូនៅមូលដ្ឋាន និងចែកខិត្តប័ណ្ណជូនប្រជាពលរដ្ឋ។

ទាក់ទងការឃោសនាបោះឆ្នោតនេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ ថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥  នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។ការឃោសនានេះ នឹងបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ គណបក្សនយោបាយទាំង ១៧ ដែលបានចូលរួមដាក់បេក្ខជនឈរឈ្មោះនៅតាមឃុំ សង្កាត់ ក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ។ គ.ជ.ប ក៏បានអញ្ជើញនៃតំណាងគណបក្សនយោបាយទាំងនោះដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងការធ្វើសកម្មភាពនៅក្នុងកំឡុងពេលនៃការឃោសនា។ ដោយគ.ជ.ប បានបញ្ជាក់ប្រាប់ថាការឃោសនាចាប់ពៅម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១០យប់ គឺជាពេលវេលា នៃការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយ។ ហើយនៅថ្ងៃត្រង់ចាប់ពីម៉ោង ១២ ដល់ម៉ោង ២រសៀល គឺមិនអាចប្រើប្រាស់ឧបករណ៍បំពងសំឡេងបានទេ៕

ដោយ៖ពលជ័យ

រូបភាព៖ឯកសារ

ads banner