បណ្ឌិត ហ៊ុន ម៉ាណែត រំលឹកទិវាចងចាំ២០ឧសភា (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងរំលឹកនូវទិវាចងចាំ២០ឧសភា ខណៈចូលរួមក្នុងពិធីសម្ពោធ ផ្លូវក្រាលកៅស៊ូចំនួន៥ ខ្សែប្រវែងជិត២៨គីឡូម៉ែត្រនៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាមនៅថ្ងៃទី២០ ខែឧសភានេះ។
បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា នៅពេលដែលមានការប្រារព្ធទិវា២០ឧសភានេះម្តងៗ គេតែងនឹកឃើញនូវអតីតកាលនៃទុក្ខ វេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលរងការធ្វើ ទុក្ខបុកម្នេញដោយរបបកាប់សម្លាប់ប៉ុលពត។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាបើគ្មានការ ធ្វើពលិកម្មតស៊ូរំដោះជាតិរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានាពេលនោះទេ កម្ពុជាក៏ មិនអាចមានសុភមង្គល និងសេចក្តីសុខសាន្តនៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃនេះបានឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលជាថ្នាក់ដឹកនាំកំពូលនិង បាន ជួយស្រោចស្រង់ជីវិតពលរដ្ឋ ចេញរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម គឺជាកូនកសិករម្នាក់ ដែលចេញពីវង្សត្រកូលអ្នកស្ទឹងត្រង់នៃខេត្តកំពង់ចាមនេះ។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សមិទ្ធផលថ្មីផ្លូវក្រាលកៅស៊ូ DBST ចំនួន ០៥ ខ្សែ ប្រវែង ២៧,៩៧ គីឡូម៉ែត្រដែលសម្ពោធនេះ គឺជាចំណងដៃដ៏ថ្លៃថ្លារបស់ សមេ្តចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរមកពីទីជិតឆ្ងាយ ដែលមានតម្រូវការប្រើប្រាស់ផ្លូវទាំងនេះ។
បណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវពលរដ្ឋ ត្រូវចូលរួមថែរក្សាការពារនូវសមិទ្ធភាពទាំងនេះឱ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ និងពុះពារប្តេជ្ញា ដាច់ខាតការពារកុំឱ្យមានសង្គ្រាមកើតមានឡើងសាជាថ្មី ជាពិសេសការខិតខំរក្សានិរន្តរភាព នៃសន្តិភាព និងស្ថិរភាពសម្រាប់អ្នកជំនាន់ក្រោយ។