យុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ផ្តើមនៅថ្ងៃនេះ

​ភ្នំពេញៈ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​២១ ខែឧសភាឆ្នាំ២០២២នេះ ។ យុទ្ធនា​ការឃោសនា​នេះមាន​រយៈពេល ១៤​ថ្ងៃ ដោយចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ។ គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត​របស់​គណ​បក្សនយោបាយត្រូវ​ចាប់ផ្តើម​ពី​ម៉ោង ៦ព្រឹក ដល់​ម៉ោង ១០​យប់ និង​ត្រូវ​ឈប់សម្រាក​នៅ​ចន្លោះ​ពី​ម៉ោង ១០ ​យប់ ដល់​ម៉ោង ៦ព្រឹក​។​នៅក្នុង​ការបោះឆ្នោត​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​ត្តិ​ទី​៥ ឆ្នាំ​២០២២ នេះមាន​គណបក្សនយោបាយ​ចំនួន ១៧ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាអញ្ជើញបើកយុទ្ទនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង(រូបថតហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង)

​ផ្អែក​តាម​របាយការណ៍​ផ្លូវការ​នៃ​ការចុះបញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ដែល​ទទួលបាន​ពី​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត គណបក្សនយោបាយ ចំនួន ១៧ និង​មាន​បេក្ខជន​សរុប​ចំនួន ៨៦.០៩២ នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ២៧.៨១៣ នាក់ ត្រូវបាន​ចុះបញ្ជី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ។ក្នុងនេះគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស។

ប្រភពគ​.​ជ​.​ប បញ្ជាក់ថា អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោតឆ្នាំ​២០២១ ដែលមាន​សិទ្ធិ​ទៅ​បោះឆ្នោត​ជ្រើសរើ​ក្រុមប្រឹក្សា ឃុំ​សង្កាត់ នា​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ មាន​ចំនួន ៩.២០៥.៦៨១​នាក់ ក្នុងនោះ មាន​ស្ត្រី​ចំនួន ៤,៩០៤,៨៣២​នាក់​។ រីឯ​ការិយាល័យ​បោះឆ្នោតសរុប​មាន​ចំនួន ២៣.៦០២​ការិយាល័យ នៅក្នុង​ឃុំ​សង្កាត់ចំនួន ១.៦៥២ក្នុង​រាជធានី​ខេត្ត​ទាំង​២៥ ទូទាំងប្រទេស​។​ទន្ទឹមនេះមានសមាគម និង អង្គការមិនមែនរដ្ឋាភិបាលចំនួនប្រាំពីរបានដាក់ពាក្យសុំសង្កេតការណ៍និងអ្នកសង្កេតការណ៍ចំនួន ២៧.៩២៨រូប​(ស្រី ១៦.៦២៣រូប)។

បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម សោម សូ​រី​ដា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រាប់ AMS កន្លងទៅថា គ.ជ.ប បាន​បោះពុម្ព​សន្លឹកឆ្នោត​ជាង ១១​លាន​សន្លឹក សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនាខាងមុខនេះ​។

ចំណែកបញ្ហាទឹកខ្មៅជ្រលក់ដៃវិញ ​ឯកឧត្តម​បាន​បញ្ជាក់ថា គ​.​ជ​.​ប បានទទួល​គុណភាព​ទឹកខ្មៅ​ពី​ក្រុមហ៊ុន​របស់​ឥណ្ឌា​ចំនួន ៤​កម្រិត គឺ​កម្រិត​ទី​១. កម្រិត​ប្រើប្រាស់​សូលី​ស្យុ​ង​ប្រាក់​នីត្រាត ២០ភាគរយ ។ កម្រិត​ទី​២. កម្រិត​ប្រើប្រាស់​សូលី​ស្យុ​ង​ប្រាក់​នីត្រាត ១៨ភាគរយ ។ កម្រិត​ទី​៣. កម្រិត​ប្រើប្រាស់​សូលី​ស្យុ​ង​ប្រាក់​នីត្រាត ១៥ភាគរយ និង​កម្រិត​ទី​៤. កម្រិត​ប្រើប្រាស់​សូលី​ស្យុ​ង​ប្រាក់​នីត្រាត ១០ភាគរយ ។ ដោយ​ពិនិត្យ​ទៅលើ​លក្ខខណ្ឌ​បច្ចេកទេស គឺ​កម្រិត​ប្រើប្រាស់​សូលី​ស្យុ​ង​ប្រាក់​នីត្រាត ២០ភាគរយ មានគុណ​ភាពល្អ ជាពិសេស​ភាព​ដិត​ខ្មៅ​ជាប់​នឹង​ស្បែ​កដៃ ក្រចក និង​គល់​ត្រ​ចក ព្រមទាំង​កម្រិត​ជាតិ​ស្ងួត​លឿន​ក្នុង​បរិយាកាស មិនអាច​លាង​សំអាត​ឲ្យ​បាន​ស្អាត​ល្អ​ភ្លាមៗ នោះទេ​។ ​ទឹកខ្មៅ​នេះមាន​គុណភាព​ប្រហាក់ប្រហែល​នឹង​គុណភាព​ទឹកខ្មៅ​លុប​មិន​ជ្រះ​ដែល​គ​.​ជ​.​ប បាន​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​កន្លងមក ដែល​អាច​បាន​ទាំង​គុណភាព​ប្រើប្រាស់និង​អាច​ធានាបាន​ទាំង​សុខភាព​អ្នកប្រើប្រាស់​។ ​ទឹកខ្មៅ​លុបលាង​​មិន​ជ្រះ​នេះ មាន​សុពល​ល​ភាពបួន​ខែ គិត​ចាប់​ពីថ្ងៃ​ផលិត​។

​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បន្តថា ចំពោះ​ការបញ្ជាទិញ​ទឹកខ្មៅ​លុបលាង​មិន​ជ្រះ​នេះ ​គ​.​ជ​.​ប បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​របស់​ឥណ្ឌា​ឈ្មោះ MYSORE PAINT & VARNISH LTD មាន​ចំនួន ៥២.០០០​ដប ដោយ​ក្នុង​មួយ​ដប​មាន​ចំណុះ ៧.៧០​មី​លី​លីត្រ ដោយ​ក្នុង​មួយ​ដប​ថ្ងៃ ១៨​ដុល្លារ​១៥​សេន ។ទឹកខ្មៅ​លុបលាង​មិន​ជ្រះ​នេះ បាន​ដឹកនាំ​មកដល់​កម្ពុជា​ហើយ​និង​បាន​រក្សាទុក​នៅ​ឃ្លាំង​របស់​គ​.​ជ​.​ប និង​ទីតាំង​ដែលមាន​សុវត្ថិភាព​។ នៅ​ថ្ងៃទី​១៣ ខែឧសភា គ​.​ជ​.​បក៏បានប្រារព្ធជាផ្លូវការនូវបង្ហា​ញ​អំពី​ការសាកល្បង និង​គុណភាព​នៃ​ទឹកខ្មៅ​លុបលាង​មិន​ជ្រះ​ជូន​ដល់​ភាគី​ពាក់ព័ន្ធ​។​

បើកយុទ្ទនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង(រូបថតហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង)

បើ​យោងតាម​ប្រតិទិននៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បានបង្ហាញថា ការឃោសនាបោះឆ្នោត​មាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ។ នៅ​ថ្ងៃទី​៤ ខែមិថុនា ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​។ នៅ​ថ្ងៃទី​៥ ខែមិថុនាការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការបិទ​ផ្សាយ​លទ្ធផល​នៅ​ការិយាល័យ​បោះឆ្នោត​។ នៅ​ថ្ងៃទី​៥-៦ ខែមិថុនា ការប្រកាស​ផ្សាយ​លទ្ធផល​បឋម នៃ​ការបោះឆ្នោត​ដោយ គ​.​ជ​.​ប​។ នៅ​ថ្ងៃទី​៦-៨ ខែមិថុនា ការត្រួតពិនិត្យ ការ​បូកសរុប និង​ការបិទ​ផ្សាយ​លទ្ធផល​បណ្តោះអាសន្ន​រយៈពេល ៣​ថ្ងៃ​។ នៅ​ថ្ងៃទី​១១ ខែមិថុនា ការប្តឹង​ជំទាស់​លើ​លទ្ធផល​បណ្តោះអាសន្ន​នៅតាម​ឃុំ​សង្កា​តើ​ទៅ គ​ធ​.​ខ​ប រយៈពេល​បី​ថ្ងៃ​៕ ដោយៈ​ពល​ជ័យ​

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាអញ្ជើញបើកយុទ្ទនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង(រូបថតហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង)
យុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តឧត្តរមានជ័យ

ads banner