ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្តេចតេជោតែងបានយកចិត្តទុកដាក់ជាខ្លាំងលើការងារពង្រឹងអង្គការចាត់តាំងយុវជន និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជន

ភ្នំពេញ​៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណ​បក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានបញ្ជាក់ថា​ ការផ្តល់ឱកាសដល់ការចូលរួមរបស់កម្លាំងយុវជន ត្រូវបានថ្នាក់ដឹកនាំ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ចាត់ទុកជាការងារស្នូលចាប់តាំងពីពេលដែលគណបក្សត្រូវបានបង្កើតឡើង និងធ្វើសកម្មភាព។ ជាក់ស្តែង ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេស សម្តេចតេជោ ប្រធានគណបក្ស ក៏តែងបានយកចិត្តទុកដាក់ជាខ្លាំងលើការងារពង្រឹងអង្គការចាត់តាំងយុវជន និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បីជាយន្តការជំនួយឱ្យគណបក្សលើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការសំខាន់មួយជាជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន។ជាពិសេស ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ដូចក្នុងពេលនេះ គឺដើម្បីជំរុញឱប្រជាពលរដ្ឋទូទៅ និងយុវជន ទៅចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ការបញ្ជាក់នេះ​ ក្នុងពិធីសំណេះសំណាលជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ព្រមទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២​។

ឯកឧត្តមបានលើកឡើងទៀតថា យុទ្ធនាការឃោសនានេះ មានបំណងឱ្យគណបក្សនយោបាយផ្សព្វផ្សាយអំពីគោលនយោបាយនិងកម្មវិធីនយោបាយក្នុងការអភិវឌ្ឍឃុំ-សង្កាត់ដល់អង្គបោះឆ្នោត។ ខុសឆ្ងាយពីយុទ្ធសាស្ត្ររបស់ដៃគូប្រកួតប្រជែងមួយចំនួន ដែលភាគច្រើនផ្តោតលើការវាយប្រហាររិះគន់ខុសការពិត ឬការសន្យាប្រជាភិថុតិ។ ចំណុចខ្លាំងដែលជាកត្តាកំណត់ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺការផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលសំខាន់ធំៗ ដែលគណបក្សខិតខំសម្រេចបានតាំងពីអតីតកាលមកដល់បច្ចុប្បន្ន និងដោយមានការបូកសរុប និងវាយតម្លៃច្បាស់លាស់ពីមួយអាណត្តិទៅមួយអាណត្តិ ក៏ដូចជាការធានាទាំងស្រុងជូនប្រជាពលរដ្ឋនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការបន្តនូវបុព្វហេតុបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ជាពិសេសការការពារឱ្យបានដាច់ខាតនូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណចំពោះក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ដែលបានខិតខំរៀបចំពិធីជួបជុំក្នុងលក្ខណៈជាមហាគ្រួសារបក្ស ដោយមានក្រោមការគាំទ្ររបស់គណៈកម្មាធិការគណបក្សខេត្ត ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី២នៃការប្រកាសបើកដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ចាប់ពីថ្ងៃម្សិលមិញមកអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅគ្រប់ទិសទីពេញផ្ទៃប្រទេស រួមទាំងនៅក្នុងបណ្តាឃុំ-សង្កាត់ទាំង ៨០ នៅក្នុងខេត្តស្វាយរៀងផ្ទាល់ បានចេញធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនាយ៉ាងគគ្រឹកគគ្រេង ដែលជាការបង្ហាញឱ្យឃើញនូវកិត្យានុភាព និងកម្លាំងមហាសាមគ្គីដ៏ក្លៀវក្លាស្វាហាប់ សំដៅឈានឆ្ពោះទៅសម្រេចបាននូវជោគជ័យលើសលប់ក្នុងពេលខាងមុខនេះ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា​ ការរួមគ្នាជាធ្លុងសាមគ្គីរវាងក្រុមការងារយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង និងគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សក្រុងស្រុក និងឃុំសង្កាត់ ព្រមទាំងមន្ត្រីគណបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ គឺជាកត្តាសំខាន់មួយឆ្ពោះទៅកាន់ជោគជ័យ។ ជាមួយនឹងសមាជិកដ៏ច្រើននៅក្នុងខេត្តស្វាយរៀងប្រមាណជាង ៣ សែននាក់ដូច្នេះការគ្រប់គ្រងមិនងាយស្រួលនោះឡើយ គឺទាមទារចាំបាច់ឱ្យមានការដឹកនាំនៅក្រោមគណៈបញ្ជាការឯកភាពនៃគណៈកម្មាធិការបក្សខេត្ត ដោយមានឋានានុក្រមច្បាស់លាស់ ដើម្បីសម្រួលដល់ការប្រមូលផ្តុំក្នុងរូបភាពជាកម្លាំងសរុប និងធ្វើសកម្មភាពឱ្យមានលក្ខណៈស៊ីសង្វាក់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា​ ការរក្សា  និងពង្រឹងការឯកភាពទស្សនៈ គោលជំហរ សតិអារម្មណ៍ ក៏ជាកិច្ចការសំខាន់ចាំបាច់ផងដែរ។ សមាជិកម្នាក់ៗ អាចមានការគិតពិចារណាយល់ឃើញ និងរបៀបរបបការងារផ្សេងៗគ្នា ប៉ុន្តែអ្វីដែលត្រូវប្រកាន់ខ្ជាប់គឺការរក្សាបាននូវបេះដូង និងទស្សនៈរួមថា យើងអនុវត្តសិទ្ធនយោបាយរបស់យើង ដោយបានសម្រេចចិត្តត្រឹមត្រូវក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សយើងជាគណបក្សដែលបានកសាងនូវស្នាដៃជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ និងបានផ្តល់ភាពកក់ក្តៅជូនប្រជាជន ព្រមទាំងការធានានូវលំនឹងស្ថិរភាពគ្រប់បែបយ៉ាងសម្រាប់អនាគត។នៅក្នុងដំណើរជីវិតរបស់គណបក្សយើង គឺមានទាំងសមាសធាតុចាស់ និងថ្មីនៅលាយឡំគ្នា។ អ្វីដែលចាស់ គឺបុព្វហេតុដើម្បីជាតិនិងប្រជាជន ដែលប្រកាន់យកតាំងពីការបង្កើតក្នុងឆ្នាំ១៩៥១ មក ហើយក៏នឹងបន្តជានិច្ចនិរន្តន៍តទៅមុខទៀត។ ចំពោះអ្វីដែលថ្មីរហូត គឺដំណើរការកែទម្រង់ និងកែលម្អប្រសិទ្ធភាពការងារជាប់ជាប្រចាំ សំដៅធ្វើយ៉ាងធានាឱ្យបាននូវវឌ្ឍនភាពសង្គម, ការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច និងជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការបើកលំហរសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ ក្រោមបរិយាកាសនៃសុខសន្តិភាព ស្ថិរភាព និងក្នុងក្របខ័ណ្ឌនៃសង្គមប្រជាធិបតេយ្យផ្អែកលើគោលការណ៍នីតិរដ្ឋ៕​ 

ដោយ៖ពលជ័យ

រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner