ត្រីមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានទឹកប្រាក់ ៣.៧៥ពាន់លានដុល្លារ កើនឡើង ៣៩.២ភាគរយ

ភ្នំពេញ៖ លោក វូ ហ្គូហ្គ័ន (Wu Guoquan) អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនសម្រេចបាន ៣.៧៥ពាន់លានដុល្លារ កើនឡើង ៣៩.២ភាគរយ ដោយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសនៅអាស៊ាន។

ថ្លែងក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិនឆ្នាំ២០២២ លោក វូ ហ្គូហ្គ័ន បានបញ្ជាក់ថា ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុរបស់ប្រទេសចិននៅក្នុងប្រទេសកម្ពុជា មានចំនួន២០៦លានដុល្លារ កើនឡើង ៣៥.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតចិនប្រចាំកម្ពុជារូបនេះបានឲ្យដឹងទៀតថា ការវិនិយោគរបស់កម្ពុជា នៅប្រទេសចិន ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ បានកើនឡើងដល់ ២៤.៨៦លានដុល្លារ កើនឡើង ២៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្ម ដូចជា៖ បានបង្កើតមជ្ឈមណ្ឌល ពាណិជ្ជកម្មឯកជនកម្ពុជា ចំនួន ៩ទីតាំង នៅតាមទីក្រុងធំៗមួយចំនួន នៃប្រទេសចិន។

ឯកឧត្តមបន្តថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន។

ឯកឧត្តមបន្ថែមថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន ក្នុងនោះ ភាគីទាំងពីរបានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន និងជំរុញឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

ឯកឧត្តម ស៊ាង ថៃ បានលើកឡើងថា ក្រោមក្របខ័ណ្ឌទ្វេភាគី កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីខែតុលា ឆ្នាំ២០២០ និងបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដែលបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងកម្ពុជា-ចិន។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិនក្នុងឆ្នាំ២០២១ សម្រេចបានទំហំទឹកប្រាក់ ១១,១៩៤លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅប្រទេសចិន បានជាង ១,៥១០លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញ ជាង ៩,៦៨៤លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០៕ ប្រភព៖ Freshnews ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner