ប្រជាពលរដ្ឋសហគមន៍វាលកំបោរ ដកផ្សិតព្រៃលក់ក្នុងមួយថ្ងៃបានចាប់ពី ៥០០ ទៅ ១.០០០ គីឡូក្រាម

រតនគិរី ៖ បន្ទាប់ពីមានការអភិរក្សដោយយកចិត្តទុកដាក់ពីមន្ត្រីដែនជម្រកសត្វព្រៃ លំផាត់ មកដល់បច្ចុប្បន្ននេះ ព្រៃសហគមន៍វាលកំបោរបានជួយបង្កើនប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារប្រជាពលរដ្ឋ ស្រុកលំផាត់ តាមរយៈការប្រមូលផលផ្សិតព្រៃលក់។ សហគមន៍ វាលកំបោរ គឺជាព្រៃស្ថិតនៅក្នុងព្រៃការពារធម្មជាតិ ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ។

មន្ត្រីការពារនៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ បានឲ្យដឹងថា ប្រជាពលរដ្ឋស្រុកលំផាត់ កំពុងមមាញឹកជាមួយការប្រមូលផលអនុផលព្រៃឈើ ពិសេសផ្សិតព្រៃ។ ឆ្នាំនេះ មានផ្សិតព្រៃពីរប្រភេទ គឺផ្សិតក្ងោក និងផ្សិតអំបោះ នៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋដើរប្រមូល។

ក្រុមការងារសហគមន៍អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឲ្យដឹងថា ពលរដ្ឋទាំងនោះ ក្នុងម្នាក់ៗ អាចដកផ្សិតបានពី ៥ ដល់ ១០ គីឡូក្រាម តាមស្ថានភាពជាក់ស្តែង។ ប្រជាពលរដ្ឋដែលរកបានច្រើន គាត់លក់ខ្លះ និងទុកខ្លះ ដើម្បីធ្វើជាអាហារ។

ក្នុងនោះផងដែរ ផ្សិត ១គីឡូក្រាម លក់បាន ៥.០០០ ទៅ ១២.០០០ រៀល ខណៈដែលឈ្មួញខ្លះ ក្នុងមួយថ្ងៃ ទិញបានចន្លោះពី ៥០០ ទៅ ១.០០០គីឡូក្រាម។ រដូវកាលប្រមូលផលផ្សិត គេឃើញមានឈ្មួញ ៣ ទៅ ៥ នាក់ចាំទទួលទិញពីសហគមន៍ តំបន់ការពារធម្មជាតិ វាលកំបោរ។

បែបនេះហើយ បានជាធនធានធម្មជាតិព្រៃឈើ ដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការរស់នៅរបស់ប្រជាសហគមន៍ ការពារព្រៃឈើ គឺការពារប្រភព ទ្រទ្រង់ជីវភាពយើង។ ការថែរក្សាព្រៃសហគមន៍បានល្អ ពិតណាស់ វាបានផ្ដល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន យ៉ាងពិតប្រាកដ៕ ប្រភព៖ រស្មីកម្ពុជា ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner