អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ចាត់ទុកមេដាយសំរិទ្ធ ពីស៊ីហ្គេមនៅវៀតណាម ជាទុនមួយបន្ថែមត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងថា មេដាយសំរិទ្ធ ដែលដណ្តើមបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គឺជាជោគជ័យមួយសម្រាប់កម្ពុជា និងជាទុនមួយបន្ថែមទៀត ត្រៀមសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ការថ្លែងលើកឡើងបែបនេះ បានធ្វើឡើងក្នុងបទសម្ភាសន៍គ្រា ឯកឧត្តម រដ្ឋលេខាធិការអញ្ជើញទៅទទួលអត្តពលិកត្រឡប់ពីចូលរួមស៊ីហ្គេម នៅប្រទេសវៀតណាម នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី២៣ ម្សិលមិញនេះ។

ឯកឧត្តម រដ្ឋលេខាធិការ បានគូបញ្ជាក់ទៀតថា មេដាយសំរិទ្ធនេះ វាធ្វើឲ្យកម្ពុជាកាន់តែខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះសមិទ្ធផលនេះ ធ្វើឲ្យប្រទេសជិតខាង មើលឃើញពីការអភិវឌ្ឍរបស់ក្រុមបាល់ទះកម្ពុជា។ ដូច្នោះហើយ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងនឹងរក្សាមេដាយសំរិទ្ធ ដែលដណ្តើមនៅប្រទេសវៀតណាម ។

ឯកឧត្តម បន្ថែមទៀតថា ក្នុងនាមជាសហព័ន្ធ សំណូមពរឲ្យកីឡាករគ្រូបង្វឹកខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះជោគជ័យនេះ វាបានក្លាយចលករគៀងគរម្ចាស់ឧបត្ថម្ភឲ្យចូលរួមគាំទ្របង្កើត ព្រឹត្តិការណ៍ប្រកួតកម្រិតជាតិ ដើម្បីផ្តល់ឱកាសឲ្យកីឡាករបានប្រកួតប្រជែងបង្កើនបទពិសោធន៍ និងបច្ចេកទេស។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កម្ពុជាបានបញ្ជូន៣៣ប្រភេទកីឡា ទៅចូលរួម ក្នុងដណ្តើមបានមេដាយសរុប៦៣គ្រឿង មាស៩ ប្រាក់១៣ និងសំរិទ្ធ៤១គ្រឿង ជាប់ចំណាត់ថ្នាក់លេខ៨ លើប្រទេសឡាវ ព្រុយណា និងទីម័ រ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner