សម្តេចនាយករដ្ឋមន្រ្តីស្តីទីបានអនុញ្ញាតឲ្យលេខាធិការអចិន្រ្តៃយ៍នៃសមាគមទីក្រុងប្រើប្រាស់ភាសាបារាំងចូលជួបសម្តែងការគួរ សមនិងពិភាក្សាការងារ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេច ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអនុញ្ញាត ឱ្យឯកឧត្តម ព្យែរ បៃយ៉េ ( Mr.PIERRE BAILLET ) លេខាធិការ អចិន្ត្រៃយ៍ នៃ សមាគម ទីក្រុង ប្រើប្រាស់ ភាសាបារាំង (AIMF) ចូលជួបសម្តែងការគួរសម។
ក្នុងឱកាសនេះសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងចូលរួមអបអរសាទរចំពោះទំនាក់ទំនង និងកិច្ចសហប្របត្តិការរ វាង សមាគមទីក្រុងនិយាយភាសាបារាំង ជាមួយសាលារាជធានី ភ្នំពេញ។ សម្ដេច ក៏មានសេចក្ដីរីករាយចំពោះទស្សនកិច្ចរបស់ គណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែល កម្ពុជាកំពុងតែដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។
សម្ដេចបានចាត់ទុកទស្សនកិច្ចនេះក៏ថាជាការលើកទឹកចិត្តមួយបន្ថែមទៀតដល់ទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងកម្ពុជា និង បារាំងដែលជាប្រទេសមានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ។ សម្ដេចក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម ព្យែរ បៃយ៉េ និងប្រតិភូក្នុងពេលនេះថា ជាការជំរុញទឹកចិត្តដល់ យុវជនកម្ពុជាឲ្យបន្តចាប់យកឱកាសសិក្សាភាសាបារាំងកាន់តែច្រើនឡើងថែមទៀតផងដែរ។
សម្ដេចក្រឡាហោម ក៏សម្ដែងនូវការគាំទ្រចំពោះលទ្ធផលនៃកិច្ច សហប្របត្តិការរវាងសមាគមទីក្រុងនិយាយភាសាបារាំងជាមួយនឹងសាលារាជធានីភ្នំពេញ និងគាំទ្រចំពោះសមិទ្ធផលនានាដែល កើត ចេញពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមកផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ព្យែរ បៃយ៉េ បានថ្លែងអំណរគុណ សម្ដេច ក្រឡាហោម និងបានជម្រាបជូនសម្ដេចផងដែរថាឯកឧត្តម និង សហការី ពិតជាមានសេចក្ដីរីករាយចំពោះវឌ្ឍនភាពនៃកិច្ច សហប្រតិបត្តិការរវាងសមាគមទីក្រុងនិយាយភាសាបារាំងជាមួយសាលារាជធានីភ្នំពេញឯកឧត្តមបានគូសបញ្ជាក់ថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះមិនផ្ដោតសំខាន់ទៅលើការនិយាយភាសាបារាំងនៅទីក្រុងដែលជាសមាជិករបស់សមាគមប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងនិងកិច្ចសហប្របត្តិការនេះក៏ផ្ដោតទៅលើគោលបំណងនៃការអភិវឌ្ឍគាំទ្រដល់ការកសាងស្ដារនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការបង្កើតនូវថ្នាលបច្ចេកវិទ្យាផងដែរ។
ឯកឧត្តមក៏បានជម្រាបជូនសម្ដេចអំពីសមិទ្ធផលមួយចំនួនដែលសម្រេចបានកន្លងមកដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញដែលគម្រោងទាំងនោះបានផ្តល់ផលជាវិជ្ជមានដល់ផ្នែកសង្គម ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេស ទៀតនោះគឺគម្រោងទាំងនោះបានផ្តល់នូវសិទ្ធិអំណាចទៅដល់អ្នកដឹកនាំនៅក្នុងមូលដ្ឋាននោះផ្ទាល់។
ចំពោះការលើកឡើងអំពីការផ្តល់នូវសិទ្ធិការគ្រប់គ្រងទៅថ្នាក់មូលដ្ឋាននេះសម្តេចក្រឡាហោម បានយកឱកាសនេះជម្រាបជូនដែរថា សម្ដេចគាំទ្រចំពោះអ្វីដែលជាគំនិតផ្ដួចផ្ដើម និងការជួយគាំទ្រ របស់ សមាគមទីក្រុងនិយាយភាសាបារាំង ដោយសារកិច្ចការនេះមួយ ផ្នែកក៏ដើរស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តពាក់ព័ន្ធទៅនឹងការផ្ទេរសិទ្ធអំណាចមកដល់ថ្នាក់ក្រោមជាតិ។
សម្ដេចបន្តថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលឆាប់ឆាប់ខាងមុខនេះក៏ជាកិច្ចខិតខំប្រឹងប្រែង មួយក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដើម្បីផ្ដល់អំណាច សិទ្ធិសម្រេច ធនធានថវិកា និងធនធានមនុស្ស ទៅដល់ថ្នាក់ក្រោមជាតិក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អលើសេវាសាធារណៈ ការងារសុខាភិបាល និងការងារសន្តិសុខនៅមូលដ្ឋាន ជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
សម្ដេចក្រឡាហោមក៏បានសម្ដែងការគាំទ្រ និងបន្តជំរុញលើក ទឹកចិត្តដល់សមាគម និងរដ្ឋបាលរាជធានីភ្នំពេញបន្តនូវកិច្ច សហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្ថែមទៀត៕
ដោយ៖រ៉ាវុធ