គ​.​ជ​.​ប ណែនាំ​ប្រាំ​ចំណុច​ដល់​គណបក្សនយោបាយ ឬ​/​និង​បេក្ខជន​ឈរឈ្មោះ ក្នុ​ងសកម្មភាព​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២

ភ្នំពេញ​៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​នៅ​ថ្ងៃទី​២៥ ​ខែឧសភា​នេះ​ បានធ្វើការ​កត់សម្គាល់ថា​ផ្អែក​តាម​ប្រតិទិន នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ការឃោសនាបោះឆ្នោត​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ខែឧសភា រហូតដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម​យុទ្ធនាការ​នេះ​ ដោយមាន​ការសម្របសម្រួល និង​ផ្តល់​កិច្ចសហការ​ល្អ​ពី​សំណាក់​អាជ្ញាធរ​ដែនដី ជាមួយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​តាម​លំដាប់ថ្នាក់ គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទាំងអស់​បានធ្វើ​សកម្មភាព​ឃោសនា​តាម​មណ្ឌលបោះឆ្នោត​រៀងៗ​ខ្លួន​តាម​លទ្ធ​ភាពស្រប​តាម​កម្មវិធី​ដែល​បានកំណត់ ​និង​ក្នុង​បរិយាកាស​មាន​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង។

​ទន្ទឹមនឹងនេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏បាន​កត់សម្គាល់ឃើញ​នូវ​សកម្ម​ភាពមិន​ត្រឹមត្រូវ​មួយចំនួន​របស់​គណបក្ស​នយោបាយ ដែល​អាច​នាំឱ្យ​បំពាន​លើ​បទ​ប្បញ្ញត្តិ នៃ ច​.​ប​.​ឃ​.​ស​និង​ប​.​ន​.​ឃ​.​ស​។​

​ដើម្បី​បង្កលក្ខណៈ​ឱ្យ​យុទ្ធនា​ការឃោសនា បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ប្រព្រឹត្តទៅ​កាន់តែ​រលូន ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន គ​.​ជ​.​ប សូម​ធ្វើ​ការណែនាំ​ដល់​គណបក្សនយោបាយ និង​បេក្ខជន​ទាំងអស់​ដូចខាងក្រោម​.៖
១-​មិនត្រូវ​ធ្វើការ​ឃោសនា​ឬ​ផ្សព្វផ្សាយ​រូបភាព​ឬ​វីដេអូ​ឬ​សំឡេង​ឬ​សារ​នយោបាយ​ដែលមាន​លក្ខណៈ​ជេរប្រមាថ​ជា​សាធារណៈ​
​ចំពោះ​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន ឈរឈ្មោះ ឬ​ញុះញង់​ឱ្យមាន​ការរើសអើង ឬ​បញ្ឆេះ​កំហឹង ឬ​ធ្វើឱ្យមាន​ការភាន់ច្រឡំ​នាំឱ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​តាម​គ្រប់​មធ្យោបាយ​។ ជន​ណា ឬ​គណបក្សនយោបាយ​ណា​ដែល បាន​ប្រព្រឹត្ត​បំពាន​លើ​បទ​ប្បញ្ញត្តិ​នៃ ច​.​ប​.​ឃ​.​ស និង ប​.​ន​.​ឃ​.​ស ត្រូវ​ទទួលពិន័យ​តាមច្បាប់​ជា​ធរមាន​។​
២-​មិន​ត្រូវធ្វើ​សកម្មភាព​ទិញ​ទឹកចិត្ត​អ្នកបោះឆ្នោត តាមរយៈ​ការផ្តល់​មធ្យោបាយ​ជា​ថវិកា សម្ភារ បរិក្ខារ ឬ​មធ្យោបាយ​ផ្សេងៗ​។​
៣-​មិនត្រូវ​លើកស្លា​ក ឬ​បដា​កាត់​ទទឹង​ថ្នល់ ឬ​ប្រើប្រាស់​សម្ភារ ឯកសារ​ដែល​ផ្ទុយ​នឹង​ស្មារតី​ច្បាប់ ឬ​/​និង​ដែល​ត្រូវបាន​ហាមឃាត់​ដោយ គ​.​ជ​.​ប​។
៤-​ត្រូវ​ជូនដំណឹង​ទៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត យ៉ាងតិច ៣ (​បី​) ថ្ងៃ មុន​ថ្ងៃ​ធ្វើ​ការហែក្បួន​ឃោសនា និង​ត្រូវគោរព​តាម​គោលការណ៍​ណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និង​បញ្ចៀស​ការកកស្ទះ​ចរាចរ​។​
៥-​ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត ក្រមសីលធម៌​សម្រាប់​គណបក្សនយោបាយ និង​បេក្ខជន​ក្នុង​ដំណើរការ​បោះឆ្នោត និង​លិខិតបទដ្ឋាន គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងទៀត​ជា​ធរមាន​។​

​គ​.​ជ​.​ប សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នឹងចូលរួម​សហការ​អនុវត្តតាម​សេចក្តីណែនាំ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បីឱ្យ​ដំណើរការ​ឃោសនាបោះឆ្នោត និង​ការបោះឆ្នោត​នាពេលខាងមុខ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ធានាបាន​នូវ​បរិយាកាស​នយោបាយ​មាន​ការវិវឌ្ឍ​ល្អ​ទាំង​មុន និង​ក្រោយ​ការបោះឆ្នោត​៕
ដោយ៖ជម្ពូនុទ

ads banner