គ.ជ.ប ប្រកាសព័ត៌មានស្ដីពីសភាពការណ៍ទូទៅថ្ងៃទីប្រាំ នៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅល្ងាចនេះបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើ សកម្មភាពឃោសនាតាមកម្មវិធីដែលគណបក្សនយោបាយបានដាក់ជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។ តាមការសង្កេតក្នុងការឃោសនាបោះឆ្នោតនៅថ្ងៃទីប្រាំនេះ ទាំងគណបក្សនយោបាយដែល មានបញ្ជីបេក្ខជនឈរឈ្មោះច្រើនឃុំ សង្កាត់ និងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជន ឈរឈ្មោះតិចឃុំ សង្កាត់ បានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗរបស់ខ្លួន។

ប្រភពដដែលបន្តថា ជាក់ស្តែងនៅខេត្តកំពង់ធំ មានគណបក្សនយោបាយចំនួន ១១ ក្នុងចំណោម ១៣ គណបក្ស នយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះតាមឃុំ សង្កាត់ បានធ្វើសកម្មភាពឃោសនាតាមរយៈ ការចែកខិត្តប័ណ្ណ ការជួបប្រជុំ និងការចាក់មេក្រូផ្សព្វផ្សាយ ហើយមានគណបក្សនយោបាយចំនួន ៣ បានធ្វើការហែក្បួន ដែលរួមមាន គណបក្សប្រជាជនកម្ពុជា ហែក្បួនចំនួន ៨ឃុំ គណបក្សភ្លើងទៀន ហែក្បួនចំនួន ២ឃុំ និងគណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនចំនួន ២ឃុំ។

ដោយឡែកនៅខេត្តព្រះវិហារ គណបក្សនយោបាយចំនួន ៨ បានធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ ចាក់មេក្រូផ្សព្វផ្សាយ ហើយក្នុងនោះ មានគណបក្សនយោបាយចំនួន ៣ បានហែក្បួនឃោសនា រួមមាន គណបក្សភ្លើងទៀន ហែក្បួនចំនួន ២ឃុំ គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនចំនួន ៣ឃុំ និងគណបក្សខ្មែររួបរួមជាតិ ហែក្បួនចំនួន ១ឃុំ។

ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃ ទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និង គ្មានការគំរាមកំហែង។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមថុនា ឆ្នាំ២០២២។ ការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនា របស់ គ.ជ.ប។ ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner