គិតមកដល់ពេលនេះអតីតបុគ្គលិកណាហ្គាវើលដ៍សរុបចំនួន១៩២រូប បានទទួលយកនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

ភ្នំពេញ៖ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាគិតមកដល់ថ្ងៃនេះ មានអតីតបុគ្គលិកណាហ្គាវើលដ៍សរុបចំនួន ១៩២រូប ក្នុងចំណោម ៣៧៣រូប ដែលបានទទួលយកនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ដែលធ្វើឱ្យចំនួនអតីត បុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១៨១រូប។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២បានឱ្យដឹងថានាពេលកន្លងមក មានបងប្អូនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មួយចំនួន បានគោរពស្នើសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជួយអន្តរាគមន៍ ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ស្តីពីការងារ ចំពោះបងប្អូនអតីតបុគ្គលិកដែល ត្រូវបានបញ្ឈប់ពីការងាររួម និងស្វែងរកឱកាសការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់សម្រាប់ ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ក្រសួងបានបន្តឱ្យដឹងថា អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយ តំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។
ប្រភពដដែលនេះបានឱ្យដឹងដែរថាជាក់ស្តែងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ មានអតីត បុគ្គលិកចំនួន ៥រូប បន្ថែមទៀត រួមមាន ១-លោក ផាន់ សុធី ២-លោក សៅ សម្បត្តិ ៣-លោកស្រី អ៊ុក សោភ័ណ ៤-លោក សេង វណ្ណារិទ្ធិ និង៥-លោក រស់ សុភ័ក្រ ក្នុងចំណោមអតីតបុគ្គលិកដែលបានគោរពស្នើ សុំអន្តរាគមន៍ បានមកទទួលយកដំណោះស្រាយតាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់ កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។ ដូចនេះ គិតមកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ១៩២រូប ក្នុងចំណោម ៣៧៣រូប ដែលបានទទួលយកនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ដែលធ្វើឱ្យចំនួនអតីត បុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១៨១រូប។

     សម្រាប់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលប្រវត្តិរូប សង្ខេបពីអតីតបុគ្គលិកទាំងនោះ ហើយក៏បាននិងកំពុងជួយស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិក ផងដែរ៕ដោយ៖ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner