មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ណែនាំឱ្យកម្លាំងរាជអាវុធហត្ថពង្រឹងការងារសន្តិសុខក្នុងអំឡុងនៃការឃោសនានិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំឲ្យកម្លាំងកងរាជអាវុធហត្ថពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេស បេសកកម្មការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត ក៏ដូចជាដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះផងដែរ។

ការណែនាំនេះ បានក្នុងពិធីប្រកាសមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុបចំនួន៥៤៥នាក់ ដោយមានចូលរួមពីមេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធានមន្ទីរនាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថ ជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ថា មុខតំណែង ប័ណ្ណសរសើរ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូច្នេះបងប្អូនត្រូវតែ ខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត ក៏ដូចជាដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខផងដែរ។

ទាក់ទងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ចាប់ពីថ្ងៃទី២១-២៥ ខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា សភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំនេះ  បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាតាមកម្មវិធីដែលគណបក្សនយោបាយបានដាក់ជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។ 

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕

ដោយ៖ពលជ័យ

រូបភាព៖ហ្វេសប៊ុកអាវុធហត្ថរាជធានីភ្នំពេញ

ads banner